អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានតុលាការថៃសម្រេចលើកការចោទប្រកាន់ពីបទរំលោភអំណាច នៅពេលលោកស្រីផ្ទេរតំណែងមេដឹកនាំក្រុមប្រឹក្សាសន្តិសុខជាតិក្នុងឆ្នាំ ២០១១។
តុលាការព្រហ្មទណ្ឌដែលចំណុះតុលាការកំពូលថៃមានឯកទេសលើសំណុំរឿងអ្នកនយោបាយកាលនៅថ្ងៃទី២៦ ខែធ្នូ បានសន្និដ្ឋានថា អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ មិនបានប្រព្រឹត្តកំហុសនៅពេលផ្ទេរតំណែងជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) កាលពីឆ្នាំ ២០១១ ឡើយ។
បើតាមតុលាការព្រហ្មទណ្ឌថៃ វាជាការសម្រេចផ្ទេរតំណែងធម្មតា ដែលមិនពាក់ព័ន្ធនឹងផែនការតែងតាំងសាច់ញាតិឱ្យកាន់តួនាទីជាអគ្គស្នងការនគរបាលជាតិនោះទេ។ តុលាការក៏បានដកហូតដីកាចាប់ខ្លួនលោកស្រីយីងឡាក់ពីបទចោទប្រកាន់នេះ។
នៅក្នុងខែកញ្ញា ឆ្នាំ២០១១ ក្នុងនាមជានាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ បានចុះហត្ថលេខាលើផ្ទេរលោក Thawil Pliensri ពីអគ្គលេខាធិការ NSC ទៅជាទីប្រឹក្សានាយករដ្ឋមន្ត្រី ហើយតែងតាំងលោក Wichean Potephosree ដែលពេលនោះជាអគ្គស្នងការនគរបាលជាតិ ធ្វើជាអគ្គលេខាធិការ NSC។
បន្ទាប់មក លោកស្រី យីងឡាក់ បានបន្តស្នើតែងតាំងលោក Priewphan Damapong ដែលជាអគ្គស្នងការរងនគរបាលជាតិ ជំនួសលោកមេបញ្ជាការ Wichean ។ លោក Priewphan ជាប្អូនប្រុសរបស់លោកស្រី Potjaman Na Pombejra ដែលជាអតីតភរិយារបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត់។
ក្រោយមក លោក Thawil Pliensri បានដាក់ការតវ៉ាប្រឆាំងនឹងការផ្ទេររូបលោកទៅកាន់តុលាការរដ្ឋបាលដែលបណ្តាលឲ្យតុលាការលុបចោលការសម្រេចនេះ។ តុលាការធម្មនុញ្ញថៃក៏បានកាត់សេចក្តីថា លោកស្រី យីងឡាក់ បានរំលោភអំណាចរបស់ខ្លួន ដោយមានការជ្រៀតជ្រែកក្នុងកិច្ចការផ្លាស់ប្តូរមន្ត្រីរដ្ឋាភិបាល ហើយបានសម្រេចទម្លាក់តំណែងលោកស្រីចាប់ពីពេលនោះ។
កាលពីខែកក្កដា ឆ្នាំ២០២០ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិថៃបាននិយាយថា លោកស្រី យីងឡាក់ មានភាពមិនស្មោះត្រង់ក្នុងពេលបំពេញភារកិច្ច ហើយព្រមទាំងបានស្នើសុំរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដកពាក្យបណ្តឹងនៅតុលាការព្រហ្មទណ្ឌថៃទៀតផង។ ដោយសារតែលោកស្រី យីងឡាក់ មិនបានបង្ហាញខ្លួននៅតុលាការក្នុងខែវិច្ឆិកា ឆ្នាំ២០២២ តុលាការបានសម្រេចចេញដីកាចាប់ខ្លួនលោកស្រី។
លោកស្រី យីងឡាក់ បានហៅដីកាចាប់ខ្លួនថាជារឿងអយុត្តិធម៌ ដោយអះអាងថាខ្លួនជាជនរងគ្រោះ។ អតីតនាយករដ្ឋមន្ត្រីវ័យ ៥៦ឆ្នាំរូបនេះ បានចាកចេញពីប្រទេសកាលពីខែសីហាឆ្នាំ ២០១៧ នៅពេលដែលលោកស្រីបានខកខានក្នុងការបង្ហាញខ្លួននៅតុលាការដើម្បីស្តាប់សាលក្រមស្តីពីការមិនទទួលខុសត្រូវក្នុងកម្មវិធីឧបត្ថម្ភធនស្រូវបណ្តាលឱ្យមានការខាតបង់ជាង ៥០០ពាន់លានបាត (១៤,៤ពាន់លានដុល្លារ)។ ក្រោយមកលោកស្រីត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទចោទប្រកាន់នេះ។
អតីតឧបនាយករដ្ឋមន្ត្រីថៃ លោក Wissanu Krea-ngam បាននិយាយនៅដើមសប្តាហ៍នេះថា ប្រសិនបើលោកស្រី Yingluck ចង់សុំការលើកលែងទោសពីព្រះមហាក្សត្រ នោះលោកស្រីត្រូវតែវិលត្រឡប់មកប្រទេសវិញជាមុនសិន ហើយបង្ហាញខ្លួនទៅកាន់តុលាការ។
បងប្រុសរបស់លោកស្រីយីងឡាក់ គឺលោក ថាក់ស៊ីន បានត្រឡប់មកចូលថៃវិញកាលពីខែសីហា បន្ទាប់ពីបាននិរទេសខ្លួនអស់ជាង ១៥ឆ្នាំ។ លោកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍អំឡុងពេលដែលលោកកាន់អំណាច ប៉ុន្តែព្រះមហាក្សត្រថៃបានបន្ថយការកាត់ទោសមកត្រឹម១ឆ្នាំ។ ប៉ុន្តែ លោក ថាក់ស៊ីន បានចំណាយពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះនៅក្នុងពន្ធនាគារ មុនពេលបញ្ជូនទៅមន្ទីរពេទ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីព្យាបាលជំងឺដោយមិនទាន់វិលចូលពន្ធនាគារវិញឡើយ៕