ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖ ភរិយាខ្ញុំមានជំងឺ ក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់បាំងអ្វីដែរ
× សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានដែលនិយាយអំពីភរិយាសម្តេច មានជំងឺ គឺជារឿងពិត ហើយក្រុមគ្រួសារសម្តេចក៏គ្មានការលាក់បាំង និងគ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីនោះដែរ។
«កាលពី៤ថ្ងៃមុនភរិយាខ្ញុំដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ»។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន នៅតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ។
សម្តេចបានបន្ថែមថា បន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យសុខភាព សម្តេច ប៊ុន រ៉ានី មានស្ថានភាពល្អប្រសើរ ប៉ុន្តែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ ព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិច។
«ការបង្កើតនូវព័ត៌មានថាភរិយាខ្ញុំកំពុងបញ្ជូនទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត។ ទូលព្រះបង្គំសូមអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខភរិយាទួលព្រះបង្គំដែលជាបុត្រីធម៌របស់ព្រះអង្គដល់មន្ទីរពេទ្យ»។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ។
ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណជនរួមជាតិដែលចូលរួមកង្វល់សុខភាពភរិយារបស់សម្តេច ប៉ុន្តែក៏បានឈ្លាតផ្តាំផ្ញើទៅអ្នកដែលបំពុលព័ត៌មាន ឱ្យយកចិត្តទុកដាក់សុខភាពផ្ទាល់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com