ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា រៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំក្រោមប្រធានបទ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា» ​​​​ដោយផ្តោតជាពិសេសលើឧត្តមភាពសេវាកម្មអតិថិជន
06, Mar 2024 , 2:59 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានរៀបចំកិច្ចប្រជុំប្រធានប្រតិបត្តិការសាខាប្រចាំឆ្នាំ ក្រោមប្រធាន​ «ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា»។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងនាថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងប្រធានប្រតិបត្តិការសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជុំឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង បង្ហាញអំពីផែនការយុទ្ធសាស្ត្រ ព្រមទាំងគោលដៅ ទាក់ទងនឹងឧត្តមភាពសេវាកម្មអតិថិជន សម្រាប់ឆ្នាំ២០២៤។
 
លោក ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “កិច្ចប្រជុំនៅថ្ងៃនេះ ដើរតួនាទីជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការចែករំលែកនូវចំណេះជំនាញ ពង្រឹងកិច្ចសហការ និងកំណត់នូវយុទ្ធសាស្ត្រចាំបាច់ក្នុងការ ផ្តល់សេវាកម្មអតិថិជនកាន់តែប្រសើរ ស្របទៅតាមតម្រូវការអតិថិជនដែលមានការវិវឌ្ឍជាប់រហូត។” 
 
លោកបានមានប្រសាសន៍បន្ថែមថា៖ “ដើម្បីសម្រេចឱ្យបាននូវឧត្តមភាពសេវាកម្មអតិថិជន ឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជោគជ័យនាពេលអនាគតទាំងអស់គ្នា វាមានភាពចាំបាច់យ៉ាងខ្លាំង ក្នុងការផ្តល់សេវាកម្មអតិថិជនប្រកបដោយឧត្តមភាព តម្លាភាព និងមានទំនួលខុសត្រូវខ្ពស់បំផុត។ បន្ថែមជាងនេះទៀត សេវាកម្មប្រកបដោយភាពងាយស្រួល សេវាកម្មរហ័ស និងការយកចិត្តទុកដាក់ចំពោះអតិថិជនជាមួយ នឹងអាកប្បកិរិយារួសរាយរាក់ទាក់ មានលក្ខណៈគុណសម្បតិ្តគ្រប់គ្រាន់ និងវិជ្ជាជីវៈខ្ពស់​ គឺជាអ្វីដែលយើងត្រូវតែសម្រេចឱ្យខាងតែបាន ដើម្បីធានានូវស្នាមញញឹមចេញពីបេះដូង របស់អតិថិជនជាមួយនឹងការពេញចិត្តខ្ពស់ចំពោះសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប របស់ធនាគារ ហត្ថា។”
 


ជាមួយនឹងការយកចិត្តទុកដាក់ក្រេបយកចំណេះជំនាញ និងបទពិសោធ ក្នុងចំណោមអ្នកចូលរួមជាពិសេសប្រធានប្រតិបត្តិការសាខា តាមរយៈការធ្វើបទបង្ហាញ និងការចែករំលែកពីវាគ្មិនជំនាញ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានបញ្ចប់ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ និងបានបន្សល់នូវធាតុចូលថ្មីៗ​ សម្រាប់ប្រធានប្រតិបត្តិការសាខា ក្នុងការបំពេញការងារប្រចាំថ្ងៃប្រកបដោយទំនុកចិត្តខ្ពស់​ សុទិដ្ឋិនិយម និងការប្តេជ្ញាចិត្តកាន់តែរឹងមាំ ឆ្ពោះទៅរកវឌ្ឍនភាព និងភាពជោគ​ជ័យ នាពេលខាងមុខ។
 
អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារ ហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។ ធនាគារ ហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល ៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕
 















(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com