អន្តរជាតិ
ប្រទេសអឺរ៉ុប៤ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយឥណ្ឌាដោយសន្យាបណ្តាក់ទុន១០០ពាន់លានដុល្លារ ក្រុមរដ្ឋមន្ត្រីការទូតនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុបនិងរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌាចូលរួមកិច្ចប្រជុំស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ (Indian Press Information Bureau/AFP)
× រដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ ជាមួយក្រុមប្រទេសអឺរ៉ុបចំនួន ៤ ក្នុងបំណងប្រមូលការវិនិយោគទុន ដែលមានទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។
កិច្ចព្រមព្រៀងនេះ ដែលត្រូវបានប្រកាសឡើងកាលពីថ្ងៃអាទិត្យជាមួយសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប ដែលមានសមាជិក ៤ ប្រទេស គឺប្រទេសស្វីស ប្រទេសអ៊ីស្លង់ ន័រវេស និងប្រទេសលិចតិចស្តាញ កើតមានឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ នៅមុនការបោះឆ្នោតសកលក្នុងប្រទេសឥណ្ឌា ដែលនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានលើកយកការចម្រើនផ្នែកសេដ្ឋកិច្ច ធ្វើជាកម្មវិធីនយោបាយ ក្នុងការស្វះស្វែងកាន់អំណាចក្នុងអាណត្តិទី ៣ របស់លោកជាបន្តទៀត។
នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន ដែលរដ្ឋាភិបាលក្រុងញូវដែលី កំពុងអនុវត្តក្នុងការបង្កើនការនាំចេញរបស់ខ្លួន ក៏ដូចជាការឆ្លៀតឱកាសលើការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ដែលប្រទេសលោកខាងលិចកំពុងសំឡឹងទៅរកការកាត់បន្ថយការពឹងផ្អែកផ្នែកពាណិជ្ជកម្មទៅលើប្រទេសចិន។
កិច្ចព្រមព្រៀងជាមួយប្រទេសទាំង៤ក្នុងទ្វីបអឺរ៉ុបនេះត្រូវបានធ្វើឡើង ក្រោយពីដំណើរការចរចាអស់រយៈពេលប្រមាណ១៦ឆ្នាំរួចមក។
ដើម្បីសម្រួលដល់ការប្រើប្រាស់ទីផ្សាររបស់ខ្លួនដែលមានប្រជាជន ១.៤០០ លាននាក់ ប្រទេសឥណ្ឌានឹងកាត់បន្ថយពន្ធនាំចូលលើទំនិញឧស្សហកម្មរហូតដល់ម្ហូបកែច្នៃ ភេសជ្ជៈនិងរបស់របរផ្សេងៗទៀត ដូចជានាឡិការស្វីសជាដើម។ រដ្ឋាភិបាលក្រុងញូវដែលីសង្ឃឹមថានឹងជំរុញការនាំចេញរបស់ខ្លួននៅក្នុងវិស័យព័ត៌មានបច្ចេកវិទ្យា និងសេវាជំនួញជាដើម។
ការធ្វើវិនិយោគទុនដែលត្រូវបានសន្យាដោយប្រទេសអឺរ៉ុបទាំង ៤ នេះ នឹងបង្កើតការងារចំនួន ១ លានកន្លែង។ នេះបើយោងលើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌា លោក Piyush Goyal៕
Tag:
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
© រក្សាសិទ្ធិដោយ thmeythmey.com