សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា បង្កើនការទិញប្រេងពីអាម៉េរិកនៅពេលរុស្ស៊ីរងទណ្ឌកម្ម ស្ដានីយ៍ចាក់សាំងមួយកន្លែងនៅឥណ្ឌា។ រូបភាព ៖ AFP
× ឥណ្ឌាកំពុងសម្លឹងរកការផ្គត់ផ្គង់ប្រេងឆៅពីទីផ្សារផ្សេងជាពិសេសអាម៉េរិក ខណៈរុស្ស៊ីកំពុងរងទណ្ឌកម្មពីលោកខាងលិចដែលធ្វើឲ្យការដឹកជញ្ជូនមានការជាប់គាំង។
នៅខែមេសា កប៉ាល់ចំនួន៦ ដែលផ្ទុកប្រេងឆៅប្រហែល ៧,៦លានបារ៉ែលនឹងទៅដល់ឥណ្ឌា ដែលជាបរិមាណប្រេងច្រើនបំផុតរបស់អាម៉េរិកដែលឥណ្ឌាបានបញ្ជាទិញក្នុងរយៈពេលជាងមួយឆ្នាំ។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនថាមពល Kpler។ កប៉ាល់ទាំងនេះនឹងចូលចតនៅភាគខាងលិចប្រទេសឥណ្ឌា ដែលដឹកប្រេងឲ្យក្រុមហ៊ុនថាមពលយក្ស Reliance Industries, Vitol និង Equinor ។
បច្ចុប្បន្ន ឥណ្ឌាជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងនាំមុខគេរបស់ពិភពលោក។ កន្លងមកនេះ រុស្ស៊ីបាននាំចូលប្រេងឆៅយ៉ាងច្រើនពីរុស្ស៊ីដែលមានតម្លៃថោកជាងទីផ្សារ។ យ៉ាងណាមិញ ក្រោយរុស្ស៊ីរងទណ្ឌកម្មពីលោកខាងលិចជាបន្តបន្តាប់ ប្រទេសនេះចាប់ផ្តើុមងាកទៅទិញប្រេងពីអាម៉េរិកតាមតម្លៃទីផ្សារវិញ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។
កាលពីខែកុម្ភៈ ក្រុមហ៊ុនដឹកជញ្ជូនរដ្ឋរុស្ស៊ី Sovcomflot និងនាវាដឹកប្រេងពាក់ព័ន្ធចំនួន ១៤ផ្សេងទៀតត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មរបស់អាម៉េរិក។ ក្រុមហ៊ុន Reliance ដែលមានរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោកមិនបានទិញប្រេងពីក្រុមហ៊ុន Sovcomflot ទេ ក្រោយការដាក់ទណ្ឌកម្មខាងលើ។ រោងចក្រចម្រាញ់ប្រេងជាច្រើនផ្សេងទៀតនៅឥណ្ឌា ក៏មានគម្រោងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដឹកជញ្ជូននេះដែរ។ នេះអាចដាក់សម្ពាធកាន់តែខ្លាំងលើក្រុមហ៊ុនប្រេងរុស្ស៊ី ដែលបណ្តាលឱ្យចំនួនអតិថិជនធ្លាក់ចុះ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើនបានបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ដោយសារតែការភ័យខ្លាចទណ្ឌកម្មរបស់លោកខាងលិចមកលើទីក្រុងមូស្គូ បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើងនៅដើមឆ្នាំ២០២២។ នៅពេលបាត់បង់អតិថិជនពីលោកខាងលិចទៀត រុស្ស៊ីបានងាកទៅលក់ប្រេងនៅអាស៊ីវិញ។ ឥណ្ឌា និងចិនជាទីផ្សារប្រេងដ៏ធំបំផុតរបស់រុស្ស៊ី។
ឥណ្ឌាបច្ចុប្បន្នជាប្រទេសទិញប្រេងធំបំផុតពីរុស្ស៊ីតាមផ្លូវសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពជួញដូរប្រេងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះបានជួបប្រទះបញ្ហាប្រឈមជាច្រើន។ កាលពីខែមករា សារព័ត៌មាន Reuters បានរាយការណ៍ថា កប៉ាល់ចំនួន ១៤គ្រឿងដែលផ្ទុកប្រេងរបស់ក្រុមហ៊ុនរុស្ស៊ី Sokol ចំនួន ១០លានបារ៉ែលបានជាប់គាំងនៅឆ្នេរសមុទ្រកូរ៉េខាងត្បូងអស់រយៈពេលជាច្រើនសប្តាហ៍។
ប្រេងនេះ ត្រូវគ្រោងដឹកឱ្យក្រុមហ៊ុនប្រេងរដ្ឋឥណ្ឌា Indian Oil Corp។ យ៉ាងណាមិញ ប្រតិបត្តិការនេះត្រូវបានពន្យារពេលដោយសារការដាក់ទណ្ឌកម្មអាម៉េរិក និងបញ្ហាការទូទាត់៕
Tag:
ប្រេង
ឥណ្ឌា
អាម៉េរិក
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com