ហ្វីលីពីន ជាអតិថិជនទិញអង្ករដ៏ធំបំផុតរបស់វៀតណាម។ យ៉ាងណាមិញ មួយរយៈក្រោយនេះ ថៃកំពុងបង្កើនចំណែកក្នុងទីផ្សារហ្វីលីពីន ដែលជាសញ្ញាព្រមានសម្រាប់អង្ករវៀតណាម។
តាមរបាយការណ៍របស់ក្រសួងកសិកម្មអាម៉េរិក ហ្វីលីពីន ត្រូវការនាំចូលអង្ករនៅឆ្នាំ២០២៤មានចំនួន ៤លានតោន ដែលទាបជាងការព្យាករ ៤,១តោនកាលពីមុន។ ការបន្ថយការនាំចូលបន្តិចនេះ ដោយសារការរំពឹងទុកកំណើនប្រើប្រាស់តិចជាងមុន។
ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំហ្វីលីពីនបានដកស្រង់ទិន្នន័យពីក្រសួងកសិកម្មហ្វីលីពីនបង្ហាញថា គិតត្រឹមថ្ងៃទី៧ ខែមីនា ហ្វីលីពីនបាននាំចូលអង្ករជាង ៧៩៣ ៧៥៣តោន។ ដូចរាល់ដង អង្ករវៀតណាមតែងមានបរិមាណច្រើនជាងគេដែលមានប្រមាណ ៥៤,៤ភាគរយនៃការនាំចូលអង្ករហ្វីលីពីនសរុប។ បន្ទាប់មក គឺថៃមានប្រមាណ ២៦,៥ភាគរយ។ នេះបើតាមសារព័ត៌មានវៀតណាម VOV។
យ៉ាងណាមិញ នៅត្រីមាសទី១នេះ បរិមាណអង្ករថៃនាំចេញទៅកាន់ទីផ្សារហ្វីលីពីនបានកើនឡើងបើធៀបនឹងកាលពីមុន។ ការណ៍នេះ ជាសញ្ញាព្រមានសម្រាប់អង្ករវៀតណាម នៅពេលថៃចាប់ផ្តើមបង្កើនចំណែកក្នុងទីផ្សារនេះ។
លោក ហ្វ៊ុង វាន់ ថាញ់ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំហ្វីលីពីនបាននិយាយថា ឱកាសនៅតែមានសម្រាប់សហគ្រាសនាំចេញអង្កររបស់វៀតណាម ដើម្បីបន្តធ្វើអាជីវកម្ម និងពង្រីកទីផ្សារ និងបង្កើនការនាំចេញទៅកាន់ហ្វីលីពីន។ ប៉ុន្តែលោក ថាញ់ ក៏បានព្រមានថា ថៃកំពុងស្វែងរកមធ្យោបាយដើម្បីបង្កើនផលិតកម្ម និងចំណែកទីផ្សារនៃការនាំចេញអង្ករទៅកាន់ហ្វីលីពីន និងប្រកួតប្រជែងជាមួយអង្ករវៀតណាម។
ក្នុងឆ្នាំ២០២៣ វៀតណាមបាននាំចេញអង្ករចំនួន ៣,១លានតោនទៅកាន់ហ្វីលីពីន ជាមួយនឹងទំហំទឹកប្រាក់ចំនួន ១,៧៥ពាន់លានដុល្លារ បើទោះបីជាបរិមាណធ្លាក់ចុះ២ភាគរយ ប៉ុន្តែតម្លៃបានកើនឡើង ១៧,៦ភាគរយធៀបនឹងឆ្នាំ២០២២។ អង្ករវៀតណាមកាន់កាប់ចំណែកទីផ្សារជាង ៨០ភាគរយនៅក្នុងទីផ្សារហ្វីលីពីន។
បើតាមការព្យាកររបស់ក្រសួងកសិកម្មអាម៉េរិក ផលិតកម្មអង្ករក្នុងស្រុកហ្វីលីពីនមានប្រមាណ ១២,១៣លានតោនប៉ុណ្ណោះ ដោយសារតែលទ្ធភាពនៃបាតុភូតគ្រោះរាំងស្ងួត El Nino នឹងថយចុះនៅក្នុងខែមេសា និងឧសភា ឆ្នាំ២០២៤។ ទន្ទឹមនេះ រដ្ឋាភិបាលប្រទេសនេះ បានបង្កើតកម្មវិធីគាំទ្រផលិតកម្មស្រូវមួយចំនួនតាមរយៈការបង្កើនការប្រើប្រាស់ជី និងល្អ គ្រាប់ពូជ។
លើសពីនេះ រដ្ឋាភិបាលហ្វីលីពីន តាមរយៈក្រសួងកសិកម្មបានផ្តល់ជំនួយចំនួន ៣០,៨ ពាន់លានប៉េសូ ដល់កសិករដាំស្រូវនៅទូទាំងប្រទេស។ ចំនួនទឹកប្រាក់នេះគឺខ្ពស់ជាង ១៥,៨ពាន់លានប៉េសូ ដើម្បីគាំទ្រដល់កសិករដាំស្រូវកាលពីឆ្នាំ២០២២។
ក្រោយមានការគាំទ្រពីរដ្ឋាភិបាល ផលិតភាព និងទិន្នផលស្រូវរបស់ហ្វីលីពីនបានកើនឡើងគួរឲ្យកត់សម្គាល់។ នៅឆ្នាំ ២០២៣ ការផលិតស្រូវរបស់ហ្វីលីពីនមានជាង ២០លានតោនជាលើកដំបូងដែលកើនឡើង ១,៥ភាគរយបើធៀបនឹងឆ្នាំ ២០២២៕