ជាតិ
​​​ន​យោ​បាយ​ជាតិ​
៤៣ឆ្នាំ! សម្តេច ហ៊ុន សែន លារដ្ឋសភា ដែលសម្តេចធ្វើការតាំងពីឆ្នាំ១៩៨១មក
01, Apr 2024 , 12:00 pm        
រូបភាព
ដោយ: រួបរួម
«លាហើយរដ្ឋសភា»។ សម្តេច ហ៊ុន សែន មានចំណារបែបនេះ នៅលើបញ្ជីវត្តមានអ្នកតំណាងរាស្ត្រ សម្រាប់សម័យប្រជុំរដ្ឋសភាលើកទី២នៃនីតិកាលទី៧ ព្រឹកថ្ងៃទី១ ខែមេសា។ អតីតនាយករដ្ឋមន្ត្រី បង្ហាញវត្តមានចុងក្រោយនៅសភាជាន់ទាប មុនពេលដែលសម្តេចត្រូវទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា។



កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានចាកចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយសម្តេចបានបានដឹកនាំចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ពោលគឺជាង៣៨ឆ្នាំ ហើយត្រូវបានជំនួសដោយសម្តេច ហ៊ុន ម៉ាណែត។ រីឯនៅថ្ងៃទី១ ខែមេសា នេះ ជាពេលវេលាចុងក្រោយផងដែរសម្រាប់សម្តេចដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការចាកចេញពីរដ្ឋសភា ដែលសម្ដេចបានធ្វើការតាំងពីឆ្នាំ១៩៨១មក។

«លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤ មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤»។ សម្តេចមានចំណារបែបនេះ នៅលើបញ្ជីវត្តមានរដ្ឋសភា។

សម័យប្រជុំរដ្ឋសភាលើកទី២ នីតីកាលទី៧ នាថ្ងៃនេះ ជាការបង្ហាញវត្តមានចុងក្រោយរបស់សម្តេច ហ៊ុន សែន ក្នុងតួនាទីជាសមាជិករដ្ឋសភាអស់រយៈពេលប្រមាណ៤៣ឆ្នាំ ដោយគិតចាប់តាំងពីដំណាក់កាលទី១ នាខែមិថុនា ឆ្នាំ១៩៨១មក។

ក្រៅពីចំណារនៅលើបញ្ជីវត្តមាន សម្តេច ហ៊ុន សែន ក៏បានចំណាយពេលជិត២០នាទីដើម្បីថ្លែងសុន្ទរកថា នាថ្ងៃចុងក្រោយនៃបេសកកម្មរបស់សម្តេចនៅរដ្ឋសភាផងដែរ។ ក្នុងដំណាក់កាលដំបូង សម្តេចបានក្លាយជាសមាជិកសភា និងជាឧបនាយករដ្ឋមន្ត្រី ក្នុងវ័យ២៩ឆ្នាំ ហើយ៣ឆ្នាំក្រោយមក ទទួលបានការគាំទ្រសម្រាប់តំណែងជានាយករដ្ឋមន្ត្រី ដោយសម្តេច ទៀ បាញ់, លោក ជាម យៀប, លោក ខៀវ កាញារីទ្ធ ជាអតីតសមាជិកសភានោះផងដែរ។

សម្តេច ហ៊ុន សែន អរគុណដល់អតីតសមាជិកសភាទាំងអស់ ដែលបានគាំទ្រសម្តេចលើកិច្ចការទាំងឡាយរបស់សម្តេចក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដូចជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលធ្វើឱ្យសម្តេចមានឱកាសជំរុញ ការកែទម្រង់សេដ្ឋកិច្ច ពិសេសកំណែទម្រង់ដីធ្លី ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាជនទាំងផ្ទះសម្បែងនៅក្នុងទីក្រុង ដីកសិកម្មនៅជនបទ។

សម្តេចបានរំលឹកពីគណៈកម្មការចំពោះកិច្ចមួយដែលត្រូវបានបង្កើតភ្លាមៗ ដោយសម្តេច ជា ស៊ីម អតីតប្រធានរដ្ឋសភានៅពេលនោះ ហើយសម្តេចផ្ទាល់ លោក ខៀវ កាញារីទ្ធ, លោក ចែម ស្ងួន, លោក វ៉ាន់ឌី កាអុន ស្ថិតនៅក្នុងសមាសភាព រីឯសម្តេច ស ខេង ជាសមាជិកដែលមិនមែនជាសភាជិកសភា។ គណៈកម្មការនោះ បានពិភាក្សា និងសម្រេចលើការដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា ទៅជារដ្ឋកម្ពុជា ដើម្បីបើកច្រកសម្រាប់កំណែទម្រង់នយោបាយ និងការដោះស្រាយជម្លោះតាមរយៈការចរចា។

អតីតប្រមុខរដ្ឋាភិបាល ក៏នឹកគុណផងដែរចំពោះអតីតសមាជិករដ្ឋសភាទាំងអស់ ដែលបានលើកទឹកចិត្តសម្តេចលើការចរចាជាមួយព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅ Fère-en-Tardenois កាលពីថ្ងៃទី២ ធ្នូ ដែលឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។

ទោះបីមានបេសកកម្មនាំមុខរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (យូណាមិក-UNAMIC) ហើយបន្តដល់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់-UNTAC) ក៏ដោយ ក៏សម្តេច ហ៊ុន សែន បានបញ្ជាក់សភាកម្ពុជានាពេលនោះ មានតែមានសកម្មភាពដ៏សកម្មរបស់ខ្លួន។

ឈានដល់ដំណាក់កាលទី២ ចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣មក សម្តេច ហ៊ុន សែន បានលើកឡើងពីជោគជ័យជាច្រើនរបស់រដ្ឋសភា ជាពិសេសការដោះស្រាយការជាប់គាំងនយោបាយ តាមរយៈការធ្វើវិសោធនកម្មពី២ភាគ៣ ទៅជា៥០បូក១។

សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំមិនបានលាអ្នកទាំងអស់គ្នាជារៀងរហូតដោយមិនជួបនោះទេ យមរាជមិនទាន់ត្រូវការខ្ញុំទេ មានតែព្រះឥន្ទ្រមួយគត់ដែលមានសិទ្ធិអារកាត់ជីវិតរបស់ខ្ញុំ។ យមរាជគ្មានសិទ្ធិយកខ្ញុំទៅឋាននរកទេ។ យើងក៏អាចមានវាសនាជួបគ្នានៅទីនេះម្តងទៀត ប្រសិនបើសភាពការណ៍តម្រូវ នោះគឺសមាជព្រឹទ្ធសភា និងរដ្ឋសភា»។

ទោះបីជាសម្តេចមិនលូកលាន់កិច្ចការរដ្ឋសភាក៏ដោយ ប៉ុន្តែសម្តេចនៅតែមានសិទ្ធិចុះហត្ថលេខាដើម្បីរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា សមាជិករដ្ឋសភា ឬគណៈកម្មការនានា ក្នុងនាមជាប្រធានគណបក្សឈ្នះឆ្នោត។ «ខ្ញុំមិនលូកលាន់កិច្ចការរដ្ឋសភាទេ តែច្បាប់តម្រូវឱ្យប្រធានគណបក្សជាអ្នកឧទ្ទេសនាម សមាជិកទាំងអស់មិនទាន់ផ្តាច់តួនាទីខ្ញុំនៅឡើយទេ»។

ជាមួយគ្នានេះដែរ សម្តេច ហ៊ុន សែន បានប្រកាសជូនការិយាល័យនាយករដ្ឋមន្ត្រីប្រចាំរដ្ឋសភា ទៅសភា ដើម្បីឱ្យសភាប្រគល់ទៅនាយករដ្ឋមន្ត្រីថ្មី។ សម្តេចអរគុណសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដែលរយៈពេល៧ខែកន្លងមកនេះ នៅតែរក្សាការិយាល័យសម្រាប់សម្តេច បើទោះបីសម្តេចអស់តួនាទីជានាយករដ្ឋមន្ត្រីក៏ដោយ៕



© រក្សាសិទ្ធិដោយ thmeythmey.com