ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់វិនិយោគិនអាស៊ានថា កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្រធុរជន
02, Apr 2024 , 12:16 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន»  នាព្រឹកថ្ងៃទី២ មេសា ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ក្នុងរាជធានីភ្នំពេញ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» នាព្រឹកថ្ងៃទី២ មេសា ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ក្នុងរាជធានីភ្នំពេញ។
កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជវភាពរបស់អាស៊ាន ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន»  នាព្រឹកថ្ងៃទី២ មេសា នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា ក្នុងរាជធានីភ្នំពេញ។



សម្ដេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋ ជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួម ក្នុងតំបន់។
 
ប្រមុខរដ្ឋាភិបាល បានបន្ថែមថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន ។ អមជាមួយទីតាំងប្រកបដោយឧត្តមភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូន និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្តោតលើការផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងសុខុមាលភាពរួម នៅទូទាំងតំបន់ ។
 
ទន្ទឹមនេះ សមាជិកភាពជាយុទ្ធសាស្ត្ររបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសំខាន់ៗ ក្នុងតំបន់ និងសកលលោក ដូចជា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន RCEP និង WTO ធ្វើឱ្យកម្ពុជាក្លាយទៅជាតួអង្គប្រកបដោយសមាហរណកម្មខ្ពស់មួយ  នៅក្នុងទីផ្សារសកលដែលពោរពេញដោយជវភាព ។ ជាក់ស្ដែងផលិតផលដែល  «ផលិតនៅកម្ពុជា» ដូចជា សម្លៀកបំពាក់ និងកង់ មានការទទួលស្គាល់នៅទូទាំងសកលលោកនាបច្ចុប្បន្ន ដោយសារគុណភាព និងតម្លៃ មានភាពប្រកួតប្រជែង ដែលវាបង្ហាញឱ្យឃើញពីវត្តមានកម្ពុជា នៅលើទីផ្សារសកល ។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។
 
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការអនុវត្ត “យុទ្ធសាស្ត្រប្រទេស បូក” (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេចទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាង ក្នុងតំបន់អាស៊ាន ។ ជាពិសេសការអនុម័តច្បាប់ស្តីពីការវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យវិនិយោគិន មានសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្រ្ត ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ ។ 
 
លើសពីនេះ កម្ពុជា កំពុងវិនិយោគ ជាយុទ្ធសាស្ត្រលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធ  ដែលតភ្ជាប់គ្នាទៅវិញទៅមក ដោយរួមបញ្ចូលការអភិវឌ្ឍផ្លូវលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលឡូជីស្ទីកទំនើប ជាដើម ដើម្បីជំរុញការតភ្ជាប់ក្នុងតំបន់ដោយរលូន និងមានប្រសិទ្ធភាព ទៅកាន់ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗនៅកម្ពុជា និងតំបន់អាស៊ានទាំងមូល។ ចំពោះការវិនិយោគជាយុទ្ធសាស្ត្រទាំងនេះ នឹងជំរុញឱ្យមានការកាត់បន្ថយចំណាយឡូជីស្ទីក និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃធុរកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បី ឱ្យពួកគេអាចទាញយកសក្តានុពលដ៏ធំពីទីផ្សារក្នុងតំបន់ ។ នេះបើតាមប្រមុខរដ្ឋាភិបាល៕
 
 
 

Tag:
 ធុរកិច្ចជន
  អាស៊ាន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com