ទីក្រុងជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងជួបប្រទះការឡើងកម្តៅខ្លាំង ក្នុងនោះទីក្រុងបាងកកកើនសីតុណ្ហភាពដល់៤២អង្សា។ សីតុណ្ហភាពរដូវក្តៅឆ្នាំនេះនឹងកើនឡើងខ្លាំងនៅ២ខែខាងមុខ ដោយសារបាតុភូត El Nino ។
នៅថ្ងៃទី១ ខែមេសា អាកាសធាតុក្តៅបានកើតមាននៅទូទាំងវៀតណាម ដោយកន្លែងខ្លះមានអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពឡើងដល់ ៣៩-៤០ អង្សា។
ទន្ទឹមនេះ ថៃនៅថ្ងៃដដែលបានព្រមានថា សីតុណ្ហភាពខ្ពស់បំផុតបានឡើងដល់៤២អង្សានៅក្នុងខេត្តភាគខាងជើងនិងកណ្តាលរួមទាំងរាជធានីបាងកក។ នៅខេត្តកណ្តាលមួយចំនួនដូចជា Chainat, Suphan Buri ឬ Pathum Thani សីតុណ្ហភាពខ្ពស់បំផុតនៅថ្ងៃទី៣១ ខែមីនា ឡើងដល់៤១អង្សាសេ។
ប្រទេសជិតខាងម៉ាឡេស៊ី ក៏ជួបបញ្ហាអាកាសធាតុក្តៅខ្លាំងដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama អាជ្ញាធររបស់ប្រទេសនេះបានកត់ត្រាការស្លាប់ម្នាក់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរដ្ឋ Pahang និង ២៧ករណីផ្សេងទៀតដែលទាក់ទងការប្រែប្រួលអាកាសធាតុឡើងក្តៅខ្លាំងនៅទូទាំងប្រទេស។
ដើម្បីទប់ទល់នឹងកំដៅ តំបន់មួយចំនួននៅម៉ាឡេស៊ីរួមទាំងទីក្រុងគូឡាឡាំពួ, Kedah, Perak, Pahang និង Selangor បានចេញការព្រមានអំពីកំដៅកម្រិត១ និងកម្រិត២។ ការព្រមានអំពីកំដៅកម្រិត១ ធ្វើឡើងពេលសីតុណ្ហភាពជាមធ្យមមានចាប់ពី ៣៥-៣៧អង្សា និងកម្រិត២ ពេលសីតុណ្ហភាពជាមធ្យមមានចាប់ពី ៣៧-៤០អង្សារយៈពេលបីថ្ងៃជាប់ៗគ្នា។
កាលពីថ្ងៃទី២៤ ខែមីនា សិង្ហបុរីបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ ២០២៤ ដល់កម្រិត ៣៦,៣អង្សានៅក្នុងតំបន់លំនៅដ្ឋាន Choa Chu Kang (ភាគខាងលិចសិង្ហបុរី)។ នេះបើយោងតាមទូរទស្សន៍ We News ។ សេវាឧតុនិយមជាតិសិង្ហបុរី (MSS) ព្រមានថា អាកាសធាតុនៅឆ្នាំ២០២៤ អាចនឹងខ្ពស់ជាងសីតុណ្ហភាពដែលអ្នកជំនាញបានលើកឡើងបើធៀបឆ្នាំមុន។
យោងតាមកាសែត Straits Times កំដៅនៅសិង្ហបុរីកើតឡើងពីបាតុភូត El Nino ដែលបានវាយលុកប្រទេសនេះចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣។ MSS បាននិយាយថាបាតុភូត El Nino កំពុងតែចុះខ្សោយ ហើយរំពឹងថានឹងថយចុះជាបណ្តើរៗនៅប្រហែលខែមេសា ឬខែឧសភាខាងមុខ។
យ៉ាងណាមិញ សាស្ត្រាចារ្យអាកាសធាតុទីក្រុង Matthias Roth នៅសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា ដោយសារតែឥទ្ធិពលនៃ El Nino បន្ទាប់ពីវាឡើងដល់ចំណុចកំពូលស្របពេលជាមួយអាកាសធាតុក្តៅបំផុតប្រចាំឆ្នាំ សីតុណ្ហភាពប៉ុន្មានខែខាងមុខទំនងជាខ្ពស់ជាងមធ្យមភាគ។
លោកបន្ថែមថា ការកើនឡើងនៃសីតុណ្ហភាពខ្យល់ជារឿយៗទាក់ទងនឹងបាតុភូត El Nino ជាមួយសំណើមខ្ពស់ ដែលអាចធ្វើឱ្យប្រជាជនពិបាកក្នុងការសម្របខ្លួន ហើយអស់កម្លាំងច្រើន ព្រោះកម្តៅកើនឡើងខ្លាំងក្នុងចន្លោះខែមេសាដល់ ខែមិថុនា៕