ការស្រាវជ្រាវពីសាកលវិទ្យាល័យ Tokohu បង្ហាញថា ប្រជាជនជប៉ុនអាចមាននាមត្រកូលដូចគ្នា Sato នៅឆ្នាំ ២៥៣១ ប្រសិនប្រទេសនេះរក្សាច្បាប់ដែលប្តីនិងប្រពន្ធត្រូវតែប្រើនាមត្រកូលដូចគ្នាបន្ទាប់ពីរៀបការ។
ការស្រាវជ្រាវថ្មីៗរបស់សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចលោក Hiroshi Yoshida នៃសាកលវិទ្យាល័យ Tokohu បានព្យាករថា ប្រសិនជប៉ុននៅតែបន្តរក្សាច្បាប់ស្តីពីការផ្លាស់ប្តូរនាមត្រកូលនៅពេលរៀបការនោះនៅឆ្នាំ ២៥៣១ ប្រជាជនជប៉ុនទាំងអស់នឹងមានឈ្មោះដូចគ្នា គឺ Sato។
Sato ជានាមត្រកូលសាមញ្ញបំផុតនៅជប៉ុនដែលមានមនុស្ស ១,៨៦លាននាក់បានដាក់ឈ្មោះត្រកូលនេះ (ស្មើនឹង ១,៥២ភាគរយនៃចំនួនប្រជាជនសរុប) ខណៈនាមត្រកូល Suzuki ស្ថិតនៅលំដាប់ទី២មានចំនួន ១,៧៧លាននាក់។ នេះបើតាមកាសែតជប៉ុន Mainichi ។
តាមក្រមរដ្ឋប្បវេណីជប៉ុនធ្វើឡើងនៅចុងទសវត្សរ៍ឆ្នាំ១៨០០ គូស្វាមីភរិយាជនជាតិជប៉ុនត្រូវតែមាននាមត្រកូលដូចគ្នា ដោយបង្ខំឱ្យមនុស្សម្នាក់បោះបង់ចោលនាមត្រកូលចាស់របស់ខ្លួន។
លោក Hiroshi Yoshida បានព្រមានថា ប្រសិនប្រជាជនជប៉ុនទាំងអស់មាននាមត្រកូល Sato ប្រជាជននឹងត្រូវហៅគ្នាតាមលេខដូចជា Sato1, Sato2 នៅពេលទំនាក់ទំនង។ ក្នុងការប្រាស្រ័យទាក់ទងគ្នាធម្មតា ប្រជាជនជប៉ុនតែងតែហៅគ្នាទៅវិញទៅមកដោយនាមត្រូកូល ជាមួយនិងភេទឬឋានៈសង្គម។
យោងតាមការគណនារបស់លោក Hiroshi Yoshida ផលធៀបនៃប្រជាជនជប៉ុនដែលមាននាមត្រកូល Sato បានកើនឡើង ១,០០៨៣ដង ក្នុងរយៈពេល ២០២២-២០២៣។ ប្រសិនបើច្បាប់ស្តីពីដូរនាមត្រកូលចំពោះគូស្នេហ៍រៀបការហើយរក្សាមិនផ្លាស់ប្តូរ ប្រហែលពាក់កណ្តាលនៃប្រជាជនជប៉ុនទាំងអស់នឹងមាននាមត្រកូល Sato នៅឆ្នាំ២៤៤៦ ហើយនឹងកើនឡើងដល់១០០ភាគរយនៅឆ្នាំ២៥៣១។
ជប៉ុន ជាប្រទេសតែមួយគត់ដែលមានច្បាប់តម្រូវឱ្យប្តីប្រពន្ធប្រើនាមត្រកូលដូចគ្នា។ ៩៥ភាគរយនៃស្ត្រីនៅក្នុងប្រទេសនេះបានប្តូរទៅនាមត្រកូលរបស់ប្តីបន្ទាប់ពីរៀបការ។
ប្រជាជនជប៉ុនកាន់តែច្រើនឡើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលផ្លាស់ប្តូរច្បាប់ដើម្បីអនុញ្ញាតឱ្យប្តីប្រពន្ធរក្សានាមត្រកូលរបស់ពួកគេ។ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យប្រជាជនសរសេរនាមត្រកូលចាស់ និងថ្មីនៅលើលិខិតឆ្លងដែន ប័ណ្ណបើកបរ និងឯកសារស្នាក់នៅ ប៉ុន្តែសមាជិកអភិរក្សនិយមនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនិយាយថា ការផ្លាស់ប្តូរច្បាប់នឹងប៉ះពាល់ដល់តម្លៃប្រពៃណី ធ្វើឱ្យសាមគ្គីភាពក្នុងគ្រួសារចុះខ្សោយ និងធ្វើឱ្យកុមារយល់ច្រឡំ៕