ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រឹទ្ធសភា ជ្រើសរើសបាន​ក្បាលម៉ាស៊ីនដឹកនាំគណៈកម្មការទាំង១០
05, Apr 2024 , 4:33 pm        
រូបភាព
ដោយ: រួបរួម
ព្រឹទ្ធសភា បើកសម័យប្រជុំលើកទី១របស់ខ្លួន នាថ្ងៃសុក្រ ទី៥ ខែមេសា នេះ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន ប្រធានស្តីទី ដោយមានវត្តមានសមាជិកចំនួន៦០នាក់។ បន្ទាប់ពីអនុម័តបញ្ជាផ្ទៃក្នុង សភាជាន់ខ្ពស់ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការជំនាញទាំង១០ ហើយគណៈកម្មការនីមួយៗ បានបន្តប្រជុំផ្ទៃក្នុងដើម្បីរើសថ្នាក់ដឹកនាំរបស់ខ្លួន។





លោក ងី ច័ន្ទ្រផល បានជាប់ជាប្រធានគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដោយមានលោក ខៀវ មុត ជាអនុប្រធាន, លោក ជឹម លាវ ជាលេខាធិការ, លោក លី សារី និងលោក គង់ មុនីកា ជាសមាជិក។



គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយលោក ធន់ វឌ្ឍនា រីឯអនុប្រធាន គឺលោក ឈួន ឡេង។ លោក គិន ណែត ជាលេខាធិការ ខណៈលោកស្រី អ៊ុក ម៉ាលី និងលោក ញ៉ូវ សុង ជាសមាជិក។



លោក ម៉ុង ឫទ្ធី ជាប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣)។ លោក ឈួន ឆាម ជាអនុប្រធាន, លោក លេង វី ជាលេខាធិការ ចំណែកឯព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងលោកស្រី កង សៅរ៍ធន ជាសមាជិក។



គណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណៈ នៃព្រឹទ្ធសភា (គណៈកម្មការទី៤) ដឹកនាំដោយលោក នាង ផាត។ លោក ប៉ុល លឹម ជាអនុប្រធាន, លោក តេង សាវង្ស ជាលេខាធិការ រីឯ លោក មួង ប៉យ និងលោក សត ណាឌី ជាសមាជិក។



លោក ចែម វីឌ្យ៉ា ជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដោយមាន លោក យស ផានីត្តា ជាអនុប្រធាន, លោក ឆាយ វណ្ណា ជា លេខាធិការ, លោក ង៉ាន់ ចំរើន និងលោក សាយ បូរិន ជាសមាជិក។



គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកស្រី ចាន់ សុទ្ធាវី។ លោក អាយ ខន ជាអនុប្រធាន, លោក គឹម ធា ជាលេខាធិការ ខណៈ លោក អ៊ុក គង់ និងលោកស្រី មុំ សណ្តាប់ ជាសមាជិកា។



លោក ឈិត សុខុន ជាប់ជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដោយមានលោក ម៉ាន់ ឈឿន ជាអនុប្រធាន, លោក ឈើយ ចាន់ណា ជាលេខាធិការ រីឯអ៊ឹង លាងហ៊ួ និងលោក សុក ហាច ជាសមាជិក។



គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកស្រី មាន សំអាន។ លោក ប្រាក់ ចំរើន ជាអនុប្រធាន, លោក ទេព យុទ្ធី ជាលេខាធិការ រីឯសមាជិកមាន លោកស្រី ឃួន ឃុនឌី និងលោក ហេង ហាលីម។



លោក អ៊ុំ សារឹទ្ធ ជាប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៉ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់(គណៈកម្មការទី៩)។ លោក ម៉ែន ស៊ីផាន់ ជាអនុប្រធាន, លោក ទឹម ផន ជាលេខាធិការ រីឯលោក ញ៉ែម សាម៉ន និងលោក សេង ម៉ារឌី ជាសមាជិក។



គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ(គណៈកម្មការទី១០) ដឹកនាំដោយ លោក ម៉ម ប៊ុននាង។ លោក ស៊ាក ឡេង ជាអនុប្រធាន, លោក ឡាន់ ឆន ជាលេខាធិការ ខណៈ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អារុណរស្មី និងលោកស្រី ឯម ផល្លាមុនី ជាសមាជិកា។

ព្រឹទ្ធសភានីតិកាលទី៥ ដឹកនាំដោយសម្តេច ហ៊ុន សែន ដោយមានលោកប្រាក់ សុខុន ជាអនុប្រធានទី១ និងលោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី២។ សមាជិកទាំង៦២អង្គ/នាក់ មាន៥៨នាក់ជាប់ដោយការបោះឆ្នោតអសកល ក្នុងនោះ៥៥រូបពីគណបក្សប្រជាជនកម្ពុជា និង៣រូបពីគណបក្សឆន្ទៈខ្មែរ។ សមាជិក២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និង២អង្គត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ៕

© រក្សាសិទ្ធិដោយ thmeythmey.com