ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មន្រ្តីហិរញ្ញវត្ថុ និងពាណិជ្ជកម្មអាម៉េរិក និងចិនបានជួបប្រជុំគ្នាជាបន្តបន្ទាប់ ដើម្បីពិភាក្សាដោយផ្តោតលើបញ្ហាផលិតផលដ៏ច្រើនសន្ធឹករបស់ចិន។ ក្នុងកិច្ចពិភាក្សាទាំងនោះ ភាគីអាម៉េរិកបានលើកឡើងពីផលប៉ះពាល់របស់ផលិតផលចិនមួយចំនួន ដូចជា ផលិតរថយន្តអគ្គិសនី បន្ទះថាមពលពន្លឺព្រះអាទិត្យ ផលិតផលសឺមីកុងឌុចទ័រ ដែលកំពុងលក់ថោកៗទៅកាន់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី Janet Yellen បានទៅចិននៅថ្ងៃទី៤ ខែមេសា ដោយបានចាប់ផ្តើមកិច្ចប្រជុំរយៈពេល៤ថ្ងៃ ជាមួយមេដឹកនាំជាន់ខ្ពស់ប្រទេសនេះ។ ការផ្តោតសំខាន់នៃការធ្វើដំណើររបស់ស្រី Yellen គឺពិភាក្សាអំពីផលវិបាក នៃការផលិតហួសប្រមាណរបស់ចិន និងបរិយាកាសធុរកិច្ចដែលកាន់តែមានការប្រកួតប្រជែងសម្រាប់អាជីវកម្មអាម៉េរិក។
លោកស្រីបានជួបជាមួយមេដឹកនាំខេត្ត Guangdong លោក Wang Weizhong និងឧបនាយករដ្ឋមន្ត្រីចិន He Lifeng ដើម្បីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចអាម៉េរិក-ចិន។ យ៉ាងណាមិញ ការចរចាលើកនេះ ត្រូវរំពឹងថានឹងមានភាពចម្រូងចម្រាសជាងលើកមុន។
លោកស្រី Yellen និងមន្ត្រីក្នុងរដ្ឋបាលប្រធានាធិបតីអាម៉េរិក ចូ បៃឌិន មានការព្រួយបារម្ភកាន់តែខ្លាំងឡើ ងអំពីការផលិតរថយន្តអគ្គិសនី បន្ទះថាមពលពន្លឺព្រះអាទិត្យ ផលិតផលសឺមីកុងឌុចទ័រ និងទំនិញជាច្រើនទៀតរបស់ចិន។ ផលិតផលទាំងនេះកំពុងត្រូវបាននាំចេញយ៉ាងច្រើន ក្នុងបរិបទនៃតម្រូវការក្នុងស្រុកធ្លាក់ចុះ។ លោកស្រី បានចង្អុលបង្ហាញទៅភាគីចិនថា នេះមិនមាននិរន្តរភាពសម្រាប់ចិន ហើយក៏មិនមានប្រយោជន៍សម្រាប់ក្រុមហ៊ុនផលិត នៅក្នុងប្រទេសផ្សេងទៀតដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ទៅកាន់ចិនធ្វើឡើងមួយថ្ងៃ បន្ទាប់ពីមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក និងចិនបានជួបគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៤ ខែមេសា ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ។ នៅទីនេះ មន្ត្រីអាម៉េរិកបានលើកឡើងពីការព្រួយបារម្ភអំពីការផលិតលើសចំណុះ នៅក្នុងឧស្សាហកម្មចិនជាបន្តបន្ទាប់។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Marisa Lago បានបញ្ជាក់សាជាថ្មីថា គោលដៅរបស់ពួកគេគឺរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគឱ្យមានសុខភាពល្អ ពីព្រោះនេះផ្តល់អត្ថប្រយោជន៍ដល់កម្លាំងពលកម្ម និងអាជីវកម្មអាម៉េរិក។
អ្នកជំនាញពាណិជ្ជកម្មមួយចំនួនជឿថា នេះជាជំហានដំបូងរបស់អាម៉េរិកក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកការដំឡើងពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ចិន និងផលិតផលថាមពលស្អាត។ ការណ៍នេះ គឺដើម្បីការពារផលប្រយោជន៍ឧស្សាហកម្មអាម៉េរិក។
ដំណើរទស្សនកិច្ចនៅចិនសារជាថ្មីរបស់លោកស្រី Yellen នាពេលនេះ ដើម្បីបញ្ចៀសការគំរាមកំហែងអំពីរបាំងពាណិជ្ជកម្មថ្មី។ យ៉ាងណាមិញ នៅថ្ងៃទី៤ ខែមេសា លោកស្រីប្រកាសថា នឹងមិនបដិសេធវិធានការបន្ថែមទៀត ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់របស់អាម៉េរិក សម្រាប់រថយន្តអគ្គិសនី អាគុយអគ្គិសនី បន្ទះស្រូបពន្លឺព្រះអាទិត្យ និងផលិតផលជាច្រើនទៀតដែលជាទំនិញនាំចូលថោកៗពីចិន។
នៅក្នុងការលើកឡើងនៅឯក្រុមហ៊ុនបន្ទះស្រូបពន្លឺព្រះអាទិត្យ Suniva នៅរដ្ឋ Georgia កាលពីថ្ងៃទី២៧ ខែមីនា លោកស្រីនិយាយថា ចិនកំពុងពិចារណាសេដ្ឋកិច្ចពិភពលោក ជាកន្លែងសម្រាប់ចោលផលិតផលថាមពលស្អាត ដែលមានតំលៃថោក។ លោកស្រីថា ៖« ខ្ញុំមានការព្រួយបារម្ភពិភពលោកនឹងដូចទៅជាចិន ដែលពោរពេញដោយផលិតផលលើសចំណុះ។ ការណ៍នេះ បានកំពុងបង្ខូចតម្លៃផលិតផល និងប៉ះពាល់ដល់អាជីវកម្ម ជាពិសេសកម្មករនៅអាម៉េរិក»។ នេះបើតាមសារព័ត៌មាន Reuters។
ក្រសួងរតនាគារអាម៉េរិកមិនរំពឹងថា ចិននឹងមានការផ្លាស់ប្តូរគោលនយោបាយធំមួយ បន្ទាប់ពីការធ្វើដំណើររបស់លោកស្រី Yellen ទេ។ យ៉ាងណាមិញ ភាគីទាំងពីរចាំបាច់ត្រូវពិភាក្សាអំពីបញ្ហាដែលការវិនិយោគច្រើនពេកនៅក្នុងវិស័យទាំងនេះ បណ្តាលឱ្យប៉ះពាល់នៅទូទាំងពិភពលោក។
ប៉ុន្មានឆ្នាំមកនេះ ចិនបានចំណាយប្រាក់រាប់ពាន់លានដុល្លារទៅក្នុងថាមពលស្អាត លើសប្រទេសភាគច្រើនក្នុងពិភពលោក ក្នុងការផ្លាស់ប្តូរថាមពល។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការក្នុងស្រុកនាពេលថ្មីៗនេះបានចុះខ្សោយ ដែលបង្ខំឱ្យប្រទេសនេះលក់ផលិតផលជាបន្តបន្ទាប់នៅទូទាំងពិភពលោក។ ដូច្នេះតម្លៃទំនិញជាច្រើនបានធ្លាក់ចុះ ដោយដាក់សម្ពាធលើក្រុមហ៊ុនផលិតនៅក្នុងប្រទេសជាច្រើនទៀត។
អ្នកសង្កេតការណ៍និយាយថា ទីក្រុងប៉េកាំងនៅតែហាក់ចង់បង្កើនការវិនិយោគក្នុងផលិតកម្មក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ ជំហរនេះកាន់តែមានចម្រូងចម្រាសជាមួយសហភាពអឺរ៉ុប (EU) ជប៉ុន ម៉ិកស៊ិក និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត។
កាលពីខែមីនា មេដឹកនាំចិនបានសន្យាថានឹងប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រថ្មីរបស់ប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងការវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍបច្ចេកវិទ្យារថយន្តអគ្គិសនី ការហោះហើរក្នុងលំហអាកាសពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ។ ទាំងនេះជាវិស័យដែលក្រុមហ៊ុនអាម៉េរិកជាច្រើន កំពុងទទួលបានអត្ថប្រយោជន៍៕