សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលចិនបន្តទិញមាសបម្រុងទុកជាង ៥តោននៅខែមីនា
09, Apr 2024 , 10:20 am        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ធនាគារកណ្តាលរបស់ចិន (PBOC) បានទិញមាសជាង ៥តោនកាលពីខែមីនា។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) ។

 
ទិន្នន័យដែលបានចេញផ្សាយដោយរដ្ឋាភិបាលចិនបង្ហាញថា ការកាន់កាប់មាសរបស់ PBOC នៅចុងខែមីនាបានកើនឡើងដល់ ៧២,៧៤លានអោនស៍ (២២៦៣តោន) បើធៀបនៅក្នុងខែកុម្ភៈ ដែលមានចំនួន ៧២,៥៨លានអោនស៍ (២២៥៧តោន) ។ តម្លៃនៃទុនបម្រុងមាសបានកើនឡើងពី ៤៨,៦៤ពាន់លានដុល្លារដល់ ៦១,០៧ពាន់លានដុល្លារ។
 
លោក Krishan Gopaul អ្នកវិភាគជាន់ខ្ពស់នៅក្រុមប្រឹក្សាមាសពិភពលោក (WGC) បាននិយាយថា ៖« ចិនបានបន្ថែមមាសទៅក្នុងទុនបម្រុងរបស់ខ្លួនសម្រាប់រយៈពេល ១៧ខែជាប់ៗគ្នា។ នេះជាការពង្រឹងទស្សនៈរបស់យើងដែលថាធនាគារកណ្តាលនៅតែមានទំនុកចិត្តលើមាស ហើយបន្តមើលឃើញតម្លៃរបស់វា»។
 
នៅឆ្នាំ ២០២៣ ធនាគារ PBOC ក៏ជាអ្នកទិញមាសផ្លូវការធំជាងគេក្នុងតំបន់ដែរ ចំនួន ៧,២៣លានអោនស៍ (២២៤,៩តោន) ដែលជាទំហំធំបំផុតប្រចាំឆ្នាំ បើគិតចាប់តាំងពីឆ្នាំ ១៩៧៧មក។ នៅលើពិភពលោក តម្រូវការរបស់ធនាគារកណ្តាលបានទិញមាសចំនួន ១០៣៧,៤តោន កាលពីឆ្នាំមុន។ ចាប់ពីដើមឆ្នាំមក ក្រៅពីចិន មានធនាគារកណ្តាលតួកគី ឥណ្ឌា កាហ្សាក់ស្ថាន និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតមួយចំនួន ក៏បានទិញមាសទុកបម្រុងដែរ។
 
តម្លៃមាស Spot បានកើនឡើង ៩,៣ភាគរយក្នុងខែមីនា ដែលជាការកើនឡើងប្រចាំខែខ្លាំងបំផុត ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ បើទោះបីជាប្រាក់ដុល្លាររឹងមាំ និងការកើនឡើងអត្រាការប្រាក់នៅអាម៉េរិកក៏ដោយ។ តម្លៃនៃលោហៈ​ នៅតែបន្តកើនឡើងដល់ ២៣៥៣,៧៩ ដុល្លារក្នុងមួយអោនស៍ នៅក្នុងការជួញដូរ ៧វគ្គចុងក្រោយ នៅថ្ងៃទី ៨ ខែមេសា។ ១អោនស៍ មានចំនួនប្រមាណ ២៨,៣៤ក្រាម។
 
លោក Bart Melek ប្រធានយុទ្ធសាស្រ្តទំនិញនៅក្រុមហ៊ុនហិរញ្ញវត្ថុ TD Securitie បាននិយាយថា តម្លៃមាសបានកើនឡើង ដោយសារការរំពឹងទុករបស់ទីផ្សារ ដែលធនាគារកណ្តាលអាម៉េរិក (Fed) នឹងកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែមិថុនា ទោះបីជាទិន្នន័យសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែរឹងមាំក៏ដោយ។ លោក Melek បានបន្ថែមថា ៖« ការទិញមាសរបស់ធនាគារកណ្តាល និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ជាកត្តាគាំទ្រតម្លៃមាសកើនឡើងដែរ»។ នេះបើតាមសារព័ត៌មាន Reuters៕

Tag:
 ចិន​
  មាស
© រក្សាសិទ្ធិដោយ thmeythmey.com