សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតីតក្រុមហ៊ុនអចលនទ្រព្យដ៏ធំចិនប្រឈមនឹងរំលាយ ដោយសារបំណុលវ័ណ្ឌក
10, Apr 2024 , 8:59 am        
រូបភាព
សំណង់អគារលំនៅឋានកំពុងសាងសង់នៅ Zhengzhou ខេត្ត Henan ។ រូបភាព ៖ Bloomberg
សំណង់អគារលំនៅឋានកំពុងសាងសង់នៅ Zhengzhou ខេត្ត Henan ។ រូបភាព ៖ Bloomberg
ក្រុមហ៊ុន Shimao Group ដែលធ្លាប់ជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យទាំង១០ របស់ចិន ប្រឈមនឹងការរំលាយ ក្រោយក្រុមហ៊ុនមួយនេះមិនអាចសងបំណុលជាង ២០០លានដុល្លារ។

 
នៅថ្ងៃទី៨ ខែមេសា ក្រុមហ៊ុនអចលនទ្រព្យចិន Shimao Group បាននិយាយថា ធនាគារ China Construction Bank (Asia) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធហុងកុង China Construction Bank (CCB) បានដាក់ពាក្យសុំរំលាយទ្រព្យសម្បត្តិរបស់ខ្លួនទៅកាន់តុលាការជាន់ខ្ពស់ហុងកុង។
 
ធនាគារ CCB បាននិយាយថា Shimao មិនអាចសងប្រាក់កម្ចីជិត ១,៦ពាន់លានដុល្លារហុងកុង (ប្រហែល ២០២លានដុល្លារ) បានទេ។ តាមប្រភព Reuters ចំនួនទឹកប្រាក់នេះរួមបញ្ចូលទាំងប្រាក់កម្ចីផ្ទាល់ពី CCB ដែលផ្តល់ឲ្យ Shimao និងប្រាក់កម្ចីក្រុមហ៊ុនអចលនទ្រព្យពីធនាគារតូចៗទាក់ទងនឹង CCB ។
 
ដំណឹងនេះបានធ្វើឱ្យភាគហ៊ុន Shimao នៅលើផ្សារហ៊ុនហុងកុងថ្ងៃទី៨ ខែមេសា ធ្លាក់ចុះ ១៨,៧ភាគរយដល់កម្រិតទាបបំផុត។ នៅក្នុងសេចក្តីជូនដំណឹងដែលផ្ញើទៅកាន់ផ្សារហ៊ុនហុងកុង ក្រុមហ៊ុនអចលនទ្រព្យនេះបាននិយាយថា ខ្លួនប្រឆាំងនឹងការសំណើរបស់ CCB ហើយកំពុងសម្លឹងមើលការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវបំណុលបរទេសរហូតដល់ ១១,៧ពាន់លានដុល្លារ។
 
«យើងបានដឹងថានេះជាសំណើតែមួយម្ចាស់ ហើយមិនតំណាងឱ្យផលប្រយោជន៍របស់ម្ចាស់បំណុលអន្តរជាតិទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងទៀតរបស់ក្រុមហ៊ុននោះទេ»។ ក្រុមហ៊ុន Shimao បានលើកឡើងបែបនេះដោយបន្តថា សវនាការ​លើក​ដំបូង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ នេះបើតាមសារព័ត៌មាន Reuters ។ 
 
ក្រុមហ៊ុន Shimao ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០១ ដោយ​លោក Hui Wing Mau មាន​ឯកទេស​ក្នុង​ការ​សាងសង់​គម្រោង​ផ្ទះ​និង​សណ្ឋាគារ​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស​ចិន។ លោកបានកាន់កាប់ Shanghai Shimao International Plaza ដែលជាអគារខ្ពស់បំផុតមួយនៅកណ្តាលទីក្រុងសៀងហៃ។
 
ក្នុងឆ្នាំ២០២០ Shimao ជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យទាំង១០ នៅចិនជុំវិញការលក់គម្រោងចំនួន ៤៦០គម្រោងនៅក្នុងទីក្រុងជាង ១០០ក្នុងប្រទេសនេះ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះបានខកខានសងបំណុលក្នុងខែកក្កដា ឆ្នាំ ២០២២ ជាមួយមូលបត្របំណុលមានតម្លៃ ១ពាន់លានដុល្លារ។ កាលពីចុងខែមីនា ក្រុមហ៊ុន ​Shimao បានចាប់ផ្តើមផែនការរៀបចំរចនាសម្ព័ន្ធបំណុល។ ទោះ​យ៉ាង​ណា ក្រុម​ម្ចាស់​បំណុល​ធំៗ​ហាក់​មិន​ពេញ​ចិត្ត។ 
 
អចលនទ្រព្យរបស់ចិនបានធ្លាក់ក្នុងវិបត្តិចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២១ ដោយសារតែគោលនយោបាយដែលមានបំណងកាត់បន្ថយការផ្តល់ប្រាក់កម្ចីទៅក្រុមអភិវឌ្ឍលំនៅឋាន។ ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយចំនួនបានខកខានសងបំណុល រួមទាំងក្រុមហ៊ុន China Evergrande និង Coutry Garden ដែលជាក្រុមហ៊ុនអចលនទ្រព្យឯកជនធំបំផុតរបស់ចិន។
 
Evergrande បាន​ទទួល​សេចក្តី​សម្រេច​មួយ​កាល​ពី​ដើម​ឆ្នាំ​នេះ ដើម្បីរំលាយ​ទ្រព្យ​សកម្ម​របស់​ខ្លួន ។ បន្ទាប់មក Country Garden ក៏ប្រឈមហានិភ័យនេះដូចគ្នាដែរ។
 
ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ មន្ត្រី​ចិន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​បន្តបន្ទាប់​ដើម្បី​គាំទ្រ​ទីផ្សារ​មួយនេះ។ ទោះយ៉ាងណាក៏ដោយ ការដាក់ចេញវិធានការទាំងនោះមិនមានប្រសិទ្ធភាពដូចការរំពឹងទុកនោះទេ៕ 
 

Tag:
 ចិន
  អចលនទ្រព្យ
  Shimao
© រក្សាសិទ្ធិដោយ thmeythmey.com