សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ដាក់គោលដៅក្លាយជាមហាអំណាចសេដ្ឋកិច្ចធំទាំង៤ លើពិភពលោកនៅឆ្នាំ២០៣០
10, Apr 2024 , 3:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ។ រូបភាព ៖ TASS
នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ។ រូបភាព ៖ TASS
រុស្ស៊ីបានដាក់គោលដៅក្លាយជាប្រទេសមហាសេដ្ឋកិច្ចទាំង៤ នៅលើពិភពលោក ក្នុងពេលប្រើប្រាស់ន័យភាពស្មើគ្នានៃអំណាចទិញ(PPP)នៅឆ្នាំ២០៣០ ។

 
ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីបានកើនឡើងជិត ៥ភាគរយនៅក្នុងខែមករា និង ៧,៧ភាគរយនៅក្នុងខែកុម្ភៈ។ វិធានការរបស់រដ្ឋាភិបាលរុស្ស៊ីធ្វើកាលពីឆ្នាំមុន បានផ្តល់លទ្ធផលដែលបង្ហាញដោយកំណើនសេដ្ឋកិច្ច (GDP) និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងវិស័យជាច្រើន។ នេះបើតាមលោកនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ថ្លែងនៅក្នុងសន្និសីទយុទ្ធសាស្រ្ត និងសេដ្ឋកិច្ច នៅថ្ងៃទី៩ ខែមេសា។ 
 
លោកសង្កត់ធ្ងន់ថា ៖« រុស្ស៊ីត្រូវតែស្ថិតក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង៤ របស់ពិភពលោកទាក់ទងនឹងភាពស្មើគ្នានៃអំណាចទិញនៅឆ្នាំ ២០៣០»។ នេះបើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS។ 
 
ដើម្បីសម្រេចបាននូវគោលដៅនេះ រុស្ស៊ីត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងក្នុងទិសដៅជាច្រើនដោយលោក Mikhail Mishustin បានស្នើឱ្យមានការផ្តោតការនាំចេញ បង្កើនល្បឿនលំហូរទុនវិនិយោគ ផ្លាស់ប្តូរទីផ្សារការងារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស។
 
បើតាមប្រមុខរដ្ឋាភិបាលរូបនេះ ជំហានដំបូងគឺធានាបាននូវការពន្លឿនការវិនិយោគនៅក្នុងសហគ្រាសដែលពឹងផ្អែកលើដើមទុន គម្រោងបច្ចេកវិទ្យា និងឧស្សាហកម្ម។ លោក​ក៏​បាន​លើក​ឡើង​ពី​ភារកិច្ច​លើក​កម្ពស់​ការ​នាំ​ចេញ​ផលិតផល​មិន​ប្រើធនធានធម្មជាតិទៅកាន់ទីផ្សារថ្មីៗ។ 
 
នៅខែតុលា ឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់រុស្ស៊ីបានជាប់ចំណាត់ថ្នាក់ទី៦ នៅលើពិភពលោក ដោយផ្អែកលើភាពស្មើគ្នានៃអំណាចទិញ នៅពីក្រោយចិន អាម៉េរិក ឥណ្ឌា ជប៉ុន និងអាល្លឺម៉ង់។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
 
លោក Mishustin បន្ថែមថា វាមានសារៈសំខាន់ណាស់ក្នុងការផ្លាស់ប្តូរទីផ្សារការងារ និងបង្កើតលក្ខខណ្ឌសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកឡើងវិញ ដើម្បីឱ្យកាន់តែមានភាពបត់បែន និងសមស្របទៅនឹងតម្រូវការនៃសេដ្ឋកិច្ច។  លោកកត់សម្គាល់ថា អត្រាគ្មានការងារធ្វើរបស់រុស្ស៊ីបានធ្លាក់ចុះមកត្រឹម ២,៨ភាគរយដែលជាកម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែភារកិច្ចត្រូវតែកែលម្អផលិតភាព និងប្រសិទ្ធភាពការងារ។
 
រុស្ស៊ី​បាន​ក្លាយ​ជា​ប្រទេស​ដែល​រង​ទណ្ឌកម្ម​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​ បន្ទាប់​ពី​បាន​បើក​ប្រតិបត្តិការយោធា​នៅ​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២។ ប៉ុន្តែរហូតមកដល់ពេលនេះ សេដ្ឋកិច្ចដែលផ្តោតលើការនាំចេញ និងថាមពលរបស់រុស្ស៊ី មានភាពធន់ជាងការព្យាកររបស់លោកខាងលិច៕ 

Tag:
 រុស្ស៊ី
  សេដ្ឋកិច្ច
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com