ជាតិ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
12, Apr 2024 , 4:00 pm        
រូបភាព
រូបពី រដ្ឋបាលក្រុងកែប
រូបពី រដ្ឋបាលក្រុងកែប
ភ្នំពេញ៖ អាជ្ញាធរក្រុងកែប បានធ្វើកិច្ចសន្យាជាមួយប្ដីប្រពន្ធ១គូ ជាអាជីវករនៅតំបន់ឆ្នេរ ដែលបានទារប្រាក់១ម៉ឺនរៀល ពីភ្ញៀវទេសចរដែលអង្គុយតាមបណ្ដោយមាត់ឆ្នេរសមុទ្រ កាលពីថ្ងៃទី១០ មេសា ។ ទង្វើទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងផ្លូវអារម្មណ៍ភ្ញៀវ ដែលមកកម្សាន្ត។



តាមរយៈការសាកសួររបស់អាជ្ញាធរក្រុងកែប កាលពីថ្ងៃ១១ មេសា ប្ដីប្រពន្ធទាំងពីរ បានសារភាពថា ពួកគេពិតជាបានទារប្រាក់១ម៉ឺនរៀល ពីភ្ញៀវទេសចរជនជាតិខ្មែរ ដែលបានដាក់កៅអីអង្គុយលំហែតាមផ្លូវថ្នើជើង បណ្ដាយឆ្នេរកែបពិតប្រាកដមែន។ 
 
ចំពោះមុខអាជ្ញាធរ អាជីវករទាំងពីរ បានព្រមព្រៀងធ្វើកិច្ចសន្យា ឈប់យកទីតាំងសាធារណៈ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនដូចជា ក្រាលកន្ទេល ដាក់តុ កៅអី ចងតង់ ដាក់ឆ័ត្រតទៀត ព្រមទាំងមិនរំខានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ 
 
ប្តីប្រពន្ធនេះ ក៏យល់ព្រមស្ដាប់តាមការណែនាំរបស់សមត្ថកិច្ច ដោយមិនធ្វើសកម្មភាពបក់ដៃហៅភ្ញៀវ មិនដណ្តើមភ្ញៀវពីគ្នា មិនលក់ម្ហូបអាហារលើសតម្លៃទីផ្សារ មិនលក់របស់គ្មានគុណភាព ឬគ្មានអនាម័យ មិនជេរប្រមាថភ្ញៀវ មិនទាយកប្រាក់ពីភ្ញៀវ មិនឈ្លោះប្រកែកគ្នារវាងអាជីវករ និងអាជីវករក្បែរគ្នា និងមានសុជីវធម៌ល្អពេលនិយាយស្តីទៅកាន់ភ្ញៀវជាដើម។ ជាពិសេចូលរួមសម្អាតអនាម័យនៅទីសាធារណៈឲ្យបានជាប់ជាប្រចាំ។ អាជីវករទាំងពីរ សន្យាបែបនេះ។ 
 
នៅក្នុងពិធី​សម្ពោធ​​រូបសំណាក «​ព្រះគណេស» កាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០២៣ លោក សោម ពិសិទ្ធ អភិបាលខេត្តកែប បានណែនាំឱ្យអាជីវករលក់ដូរតាមឆ្នេរបញ្ឈប់សកម្មភាពឈរបក់ដៃ ឬស្ទាក់ឡាន ម៉ូតូ ភ្ញៀវទេសចរតទៀត។ លោកថា សកម្មភាពទាំងនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សណ្ដាប់ធ្នាប់ និងផ្លូវអារម្មណ៍ភ្ញៀវ ដែលមកកម្សាន្ត។ មិនតែប៉ុណ្ណោះ ភាពញ៉េរញ៉ៃនេះ ក៏បានបង្កើតជម្លោះពាក្យសម្ដី ឬហិង្សា រវាងអាជីវករ និងអ្នកទេសចរ ផងដែរ។  
 
អភិបាលខេត្តរូបនេះ នឹងមិនឈរខាងអាជីវករដាច់ខាត ប្រសិនបើកើតមានជម្លោះរវាងភ្ញៀវ និងអាជីករ។ លោក សោម ពិសិទ្ធ ព្រមានដូច្នេះថា៖« បើសិន មានជម្លោះរវាងអ្នកបក់ដៃ និងភ្ញៀវ ខ្ញុំឱ្យភ្ញៀវត្រូវហើយ ព្រោះថា បើបងប្អូនមិនទៅស្ទាក់ឡានគេ មិនទៅចាប់ទាញឡាន ម៉ូតូគេ ក៏គេមិនទៅប៉ះ ឬបុកបងប្អូនដែរ។ តាមខ្ញុំដឹង អ្នកខ្លះទៅចាប់ទាញកញ្ចក់ឡានគេខូច និងប៉ះពារឡានគេទៀត»។
 
លោក ណែនាំអាជីវករឱ្យបញ្ឈប់សកម្មភាព បក់ដៃ ឬឃាត់ឡានភ្ញៀវតទៀត ហើយត្រូវពង្រឹងសេវាកម្មរបស់ខ្លួនឱ្យល្អឡើងវិញ ជាពិសេសពាក់ព័ន្ធនឹង ម្ហូបឆ្ងាញ់ អនាម័យ តម្លៃ និងពាក្យសម្ដី ទៅកាន់ភ្ញៀវ។
 
លោក សោម ពិសិទ្ធ ថ្លែងដូច្នេះថា៖«ឥឡូវ ខ្ញុំសុំឱ្យឈប់បក់ដៃហៅភ្ញៀវទៀតបាន ឬអត់ ព្រោះវាអាក្រក់មើលណាស់។ ផ្ទុយទៅវិញ បងប្អូនគួរតែពង្រឹងសេវារបស់ខ្លួនឱ្យបានល្អ ដូចជា ធ្វើម្ហូបឱ្យឆ្ងាញ់ អនាម័យ តម្លៃថោកសមរម្យ និងភាពញញឹមញញែមទៅកាន់ភ្ញៀវ។ បើធ្វើឱ្យបាន មិនចាំបាច់ហត់បក់ដៃទេ ទាំងខ្ញុំ និងគេ ប្រាកដជាចូលកន្លែងបងប្អូនហើយ»៕

Tag:
 ឆ្នេរកែប
  រដ្ឋបាលក្រុងកែប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com