កីឡាអន្តរជាតិ
អន្តរជាតិ
រាប់ថយក្រោយ១០០ថ្ងៃ Paris 2024​ ខណៈភ្លើងគប់អូឡាំពិកធ្វើដំណើរចេញពីក្រិក
18, Apr 2024 , 3:09 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ ២០២៤ បានឈានដល់ថ្ងៃនៃការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នាថ្ងៃទី១៧ ខែមេសា។ ការរាប់ថយក្រោយ ១០០ថ្ងៃ កើតឡើងក្រោយមួយថ្ងៃ បន្ទាប់ពីគប់ភ្លើងអូឡាំពិក ចេញពីទីក្រុងបុរាណអូឡាំពិកក្នុងប្រទេសក្រិក និងចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសបារាំង។



Paris 2024 នឹងចាប់ផ្តើមកម្មវិធីបើកផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា​ ដែលជាថ្ងៃបញ្ចប់។ អូឡាំពិកទីក្រុងប៉ារីសនេះទៀតសោត នឹងក្លាយជាព្រឹត្តិការណ៍កីឡាលើកដំបូងប្រចាំប្រវត្តិសាស្ត្រ ដោយកម្មវិធីបើកនឹងធ្វើក្រៅកីឡដ្ឋានលើកដំបូង នៅតាមដងទន្លេសែន (Seine) ជាទីដង្ហែអត្តពលិក។
 
ដោយឡែក អណ្តាតភ្លើងអូឡាំពិកវិញ ក៏ចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសបារាំងដូចគ្នា បន្ទាប់ពីចាកចេញពីប្រទេសក្រិក ក្រោយពេលធ្វើពិធីសុំអណ្តាតភ្លើងអូឡាំពិកក្នុងតំបន់ទីក្រុងបុរាណ ជាទីកន្លែងកំណើតនៃកីឡាអូឡាំពិក។ ពិធីសុំអណ្តាតភ្លើងអូឡាំពិក ធ្វើឡើងក្នុងទីក្រុងបុរាណ Peloponnese ភាគនិរតីប្រទេសក្រិក ទីដែលកីឡាអូឡាំពិកកើតមានឡើងក្នុងអំឡុងឆ្នាំ ៧៧៦ មុនគ្រឹស្តសករាជ។
  


ជាលើកដំបូង តាំងពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើង និងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ពិធីសុំអណ្តាតភ្លើង ក្នុងប្រាសាទមានអាយុកាល ២,៦០០ឆ្នាំ ឈ្មោះប្រាសាទនៃព្រះ Hera ត្រូវបានបើកឱ្យមានមនុស្សចូលទស្សនាឡើងវិញ ក្នុងនោះក៏មានវត្តមានរបស់លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។
 
អំឡុងកាលកម្មវិធីប្រគល់អណ្តាតភ្លើង តារាសម្តែងស្រីសញ្ជាតិក្រិក អ្នកនាង Mary Mina បានដើរតួអង្គជាមហាបូជាចារ្យ ដើម្បីបំភ្លឺភ្លើងអូឡាំពិកដោយប្រើប្រាស់ដំបងគប់បញ្ឆេះភ្លើង ជំនួសឱ្យការប្រើប្រាស់កញ្ចក់សុំអណ្តាតភ្លើង។ មូលហេតុដែលការប្រើប្រាស់ដំបងភ្លើងគប់សម្រាប់ប្រគល់អណ្តាតភ្លើងអូឡាំពិក ជំនួសឱ្យការប្រើប្រាស់កញ្ចក់តាមបែបបុរាណ ព្រោះតែចំថ្ងៃនៃពិធីសុំអណ្តាតភ្លើងនោះ ផ្ទៃមេឃហាក់មានពពកបាំងបិទពន្លឺព្រះអាទិត្យ។
 
ក្រោយពេលទទួលអណ្តាតភ្លើង ការរត់បណ្តាក់ជាមួយនឹងអណ្តាតភ្លើងអូឡាំពិកពីប្រទេសក្រិក ក៏ចាប់ផ្តើមក្នុងដំណើរឆ្ពោះទៅប្រទេសបារាំង។ 
  


ការរត់បណ្តាក់អណ្តាតភ្លើងអូឡាំពិកក្នុងប្រទេសក្រិក នឹងធ្វើឡើងរយៈពេល ១១ថ្ងៃ ដោយអ្នករត់កាន់អណ្តាតភ្លើងដើម្បីបន្តបណ្តាក់គ្នា មានប្រមាណ ៦០០នាក់ ដោយត្រូវសម្រេចការរត់ចម្ងាយ ៥,០០០គីឡូម៉ែត្រ ឆ្លងកាត់ទីក្រុងចំនួន ៤១ទីក្រុង។ ដល់ថ្ងៃទី២៧ ខែមេសា អណ្តាតភ្លើងនឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ប្រទេសបារាំង។ អណ្តាតភ្លើងអូឡាំពិក នឹងធ្វើដំណើរទៅកាន់ទូកសំពៅ ដែលមានឈ្មោះថា Barque Belem ដែលដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ១៨៩៦ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Athens ចេញពីក្រិកទៅបារាំង។
 
អ្នករត់បណ្តាក់ចំនួន ១ម៉ឺននាក់ក្នុងប្រទេសបារាំង នឹងត្រូវបន្តរត់កាន់ភ្លើងគប់ឆ្លងកាត់ទឹកដីប្រទេសបារាំង ក្នុងទីក្រុងទាំង ៦៤ ដោយនឹងធ្វើដំណើរឆ្លងកាត់ទីក្រុងតូចៗចំនួន ៤០០​កន្លែង និងកន្លែងទេសចរណ៍រាប់សិបកន្លែង ក្នុងពេលធ្វើដំណើរចម្ងាយ ១២,០០០គីឡូម៉ែត្រ ទាំងដីគោគ និងលើផ្ទៃទឹកសមុទ្ររបស់បារាំង៕

Tag:
 Paris 2024
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com