ជាតិ
ក្រសួងទេសចរណ៍ ឱ្យក្លិបកម្សាន្ត ខារ៉ាអូខេ ពង្រឹងប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ
18, Apr 2024 , 6:59 pm        
រូបភាព
ករណីអគ្គិភ័យឆាបឆេះក្លឹប​កម្សាន្តមួយកន្លែង នៅសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ​កាលពីខែឧសភា ឆ្នាំ២០២០។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
ករណីអគ្គិភ័យឆាបឆេះក្លឹប​កម្សាន្តមួយកន្លែង នៅសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ​កាលពីខែឧសភា ឆ្នាំ២០២០។ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានណែនាំឱ្យក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន ពង្រឹងប្រព័ន្ធការពារ និងគ្រប់គ្រង់អគ្គិភ័យ ដើម្បីធានាបានសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ភ្ញៀវ។ មណ្ឌល​កម្សាន្តណាដែលគ្មា​នប្រព័ន្ធបង្ការអគ្គិភ័យ នឹងមិនត្រូវបានផ្តល់អាជ្ញាបណ្ណសម្រាប់អាជីវកម្ម ទេសចរណ៍នោះទេ។​



សារាចររបស់ក្រសួងទេសចរណ៍ស្ដីពី «ការគ្រប់គ្រងប្រព័ន្ធអគ្គិភ័យ នៅតាមមណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ» ចេញថ្ងៃទី១៧ ខែមេសា បានណែនាំឱ្យមន្ទីរទេសចរណ៍រាជធានី-ខេត្ត សហការជាមួយ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គភាពជំនាញផ្នែកបច្ចេកទេសប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ ផ្សព្វផ្សាយអំពី វិធានការការពារ និងទប់ស្កាត់អគ្គិភ័យ នៅតាមក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន។ 
 
បន្ថែមពីលើនេះ មន្ទីរទេសចរណ៍ ត្រូវណែនាំឱ្យម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមណ្ឌលកម្សាន្តទាំងអស់ រៀបចំឱ្យមានច្រកសុវត្ថិភាព ស្លាកសញ្ញាបង្ហាញច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ និងពន្លត់អគ្គិភ័យ បំពង់ពន្លត់ អគ្គិភ័យនៅគ្រប់ទីកន្លែង តាមជាន់ និងតាមបន្ទប់នីមួយៗ​ ​ពិសេសបំពាក់ប្រព័ន្ធជូនដំណឹងកាត់ផ្តាច់ចរន្ត អគ្គិសនីដោយស្វ័យប្រវត្តិ ក្នុងករណីមានអគ្គិភ័យកើតឡើង​។ 
 
មណ្ឌលកម្សាន្តណាគ្មានច្រកសុវត្ថិភាព ប្រព័ន្ធបង្ការ ឬពន្លត់អគ្គិភ័យ និងប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្ន ឱ្យភ្ញៀវបានដឹងពេលមានឆាបឆេះ នឹងមិនត្រូវបានផ្ដល់អាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្មនោះទេ។ នេះជាការព្រមានរបស់ក្រសួងទេសចរណ៍ និងណែនាំឱ្យគ្រប់មន្ទីរទេសចរណ៍ សហការជាមួយរដ្ឋបាល រាជធានី-ខេត្ត អនុវត្តឱ្យបានតឹងរឹង៕ 
 
 
 

Tag:
 ក្រសួងទេសចរណ៍
  ក្លិបកម្សាន្ត
  ខារ៉ាអូខេ
  បៀរហ្កាឌិន
© រក្សាសិទ្ធិដោយ thmeythmey.com