ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នឹងបោះឆ្នោតលើសមាជិកភាពនៃរដ្ឋប៉ាឡេស្ទីននៅថ្ងៃទី ១៩ ខែមេសា។ សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ដែលគ្រប់គ្រងទឹកដីមួយផ្នែក ក្លាយជាកម្លាំងចលករសម្រាប់សមាជិកភាពនេះ ប៉ុន្តែបណ្ដាអំណាចនៅក្រុមប្រឹក្សាសន្តិសុខ ហាក់មិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។
បើតាមកម្មវិធីប្រជុំ ការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ ធ្វើនៅថ្ងៃទី១៩ ខែមេសា។ ការបោះឆ្នោតនេះ នឹងផ្ដោតការផ្តល់អនុសាសន៍ថា មហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិក។ ការបោះឆ្នោតទាមទារសំឡេងគាំទ្រយ៉ាងតិច៩លើ១៥សំឡេងនៅក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយគ្មានសំឡេងប្រឆាំងដោយសមាជិកអចិន្ត្រៃយ៍ទាំង៥ រួមមានអាម៉េរិក អង់គ្លេស បារាំង រុស្ស៊ី ចិន។
សមាជិកភាពរបស់ប៉ាឡេស្ទីន ទំនងអាចទទួលបានការគាំទ្រច្រើន។ ប៉ុន្តែអ្នកការទូតជាន់ខ្ពស់របស់ប្រទេសមួយនៅក្រុមប្រឹក្សាសន្តិសុខបានប្រាប់កាសែត The Times of Israel ថា អាម៉េរិករំពឹងនឹងបោះឆ្នោតប្រឆាំង។
អាល់ហ្សេរី ជាអ្នកស្នើសេចក្តីព្រាងដំណោះស្រាយលើសមាជិកភាពរបស់ប៉ាឡេស្ទីន។
កន្លង អាម៉េរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានប្រកាសថា កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យគួរតែធ្វើឡើងតាមរយៈការចរចាដោយផ្ទាល់រវាងភាគីមិនមែនតាមរយៈអង្គការសហប្រជាជាតិនោះទេ។ ចំណែកឯកអគ្គរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បាននិយាយនៅថ្ងៃទី១៦ ខែមេសា ថា អាម៉េរិកមិនឃើញមានដំណោះស្រាយនៅក្រុមប្រឹក្សាសន្តិសុខ នឹងជួយឱ្យសម្រេចបាននូវដំណោះស្រាយចំពោះរដ្ឋ២នាពេលអនាគតនោះទេ។
កាលពីសប្តាហ៍មុន គណៈកម្មាធិការទទួលស្គាល់សមាជិកថ្មីរបស់ UNSC បានជួបប្រជុំ ២ដងដើម្បីពិភាក្សាអំពីបញ្ហាសមាជិកភាពប៉ាឡេស្ទីន ប៉ុន្តែគ្មានដំណោះស្រាយ។ នៅថ្ងៃទី១៦ ខែកុម្ភៈ គណៈកម្មាធិការបានចេញរបាយការណ៍មួយដោយបញ្ជាក់ថា មិនអាចដាក់អនុសាសន៍ណាមួយឱ្យក្រុមប្រឹក្សាសន្តិសុខបានទេ ដោយសារមានទស្សនៈផ្សេងៗគ្នាជាច្រើនក្នុងសមាជិក។
ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីបក្នុងរយៈពេល ៧ខែកន្លងមកនេះ បានធ្វើឱ្យមានការអំពាវនាវជាថ្មីក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងសហគមន៍អន្តរជាតិ។ អាជ្ញាធរប៉ាឡេស្ទីន បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងឡើងវិញដើម្បីស្នើសុំសមាជិកភាពផ្លូវការរបស់អង្គការសហប្រជាជាតិ។
កន្លងមក ការប៉ុនប៉ងក្លាយជាសមាជិកផ្លូវការរបស់អង្គការសហប្រជាជាតិសម្រាប់រដ្ឋប៉ាឡេស្ទីនក្នុងឆ្នាំ ២០១១បានបរាជ័យ។ យ៉ាងណាមិញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) បានបោះឆ្នោតទទួលយកប៉ាឡេស្ទីនជាសមាជិកផ្លូវការ។ ចំណាត់ការនេះបានទទួលប្រតិកម្មយ៉ាងខ្លាំងក្លាពីអាម៉េរិក និងអ៊ីស្រាអែល។
កាលពីខែវិច្ឆិកា ឆ្នាំ២០១២ ទង់ជាតិប៉ាឡេស្ទីនត្រូវបានលើកជាលើកដំបូងនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក បន្ទាប់ពីមហាសន្និបាតបានបោះឆ្នោតផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ប៉ាឡេស្ទីន។ ៣ឆ្នាំក្រោយមក តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានយល់ព្រមចាត់ទុកប៉ាឡេស្ទីនជារដ្ឋមួយ។
នៅអឺរ៉ុប ប៊ុលហ្គារី ស៊ីប សាធារណរដ្ឋឆែក ហុងគ្រី ប៉ូឡូញ រូម៉ានី និងស៊ុយអែត ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន៕