ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត នឹងចាត់ចែងតាមនីតិវិធី ស្នើសុំលើកលែងទោសរបស់លោក គង់ សភា
18, Apr 2024 , 6:33 pm        
រូបភាព
«ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឲ្យខ្ញុំ»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានឆ្លើយតបទៅលោក គង់ សភា អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅប្រទេសកាណាដា ស្នើសុំប្រមុខរដ្ឋាភិបាល លើកលែងទោស ដើម្បីមានឱកាសបានវិលចូលស្រុកកំណើតវិញ។

 
សម្ដេច ហ៊ុន ម៉ាណែត នឹងមន្ត្រីចាត់ចែងតាមនីតិវិធីច្បាប់ តាមសំណើរបស់លោក គង់ សភា។ «ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី ឱ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ»។ នេះជាសាររបស់ប្រមុខរដ្ឋាភិបាល នៅហ្វេសប៊ុក នាម៉ោង៦ល្ងាច ថ្ងៃទី១៨ មេសា។
 
ក្នុងលិខិតលោក គង់ សភា ស្នើទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ទូលថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ផ្ដល់សេចក្តីសណ្ដោស និងប្រោសប្រទានលើកលែងទោស និងរួចផុតពីបទចោទទាំងឡាយ ដែលមានជាធរមាន។ 
 
អតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេសរូបនេះ បានផ្ញើលិខិតជូនប្រមុខរដ្ឋាភិបាល កាលពីថ្ងៃទី៩ កុម្ភៈ ២០២៤ យ៉ាងដូច្នេះ៖«ខ្ញុំបាទមានក្តីសង្ឃឹមជឿជាក់ថា សម្ដេចធិបតីនាយករដ្ឋមន្រ្តី នឹងជួយអន្តរាគមន៍ឱ្យខ្ញុំបានរួចផុតពីទោសទណ្ឌទាំងឡាយ ដើ់ម្បីអាចវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្ដាយចាស់ជរាដោយក្តីមេត្តាបំផុត»។
 
កាលពីថ្ងៃទី១៧ កក្កដា ២០២៣ លោក គង់ សភា និងមនុស្ស១៦នាក់ទៀត ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចពិន័យជាប្រាក់ចំនួន១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះបោះឆ្នោត២០ឆ្នាំ ។ ការសម្រេចនេះ ក្រោយពេលលោក គង់ សភា ធ្វើសកម្មភាពញុះញង់ពីក្រៅប្រទេស ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងចំណោមអ្នកទាំងនោះ ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ ពីបទញុះញង់ ផងដែរ៕
 
 

Tag:
 ហ៊ុន ម៉ាណែត
  គង់ សភា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com