កម្ពុជា កំពុងជំរុញការចរចាលើកិច្ចព្រមពៀងការមិនយកពន្ធត្រួតគ្នា(DTA) ជាមួយបណ្តាប្រទេសដៃគូចំនួន៧ទៀត។ ក្នុងនោះមាន ការចរចាជាមួយប្រទេសហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា បារាំង ជប៉ុន ម៉ារ៉ុក និងអេមីរ៉ាតអារ៉ាប់រួម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ចុះថ្ងៃទី១៨ ខែមេសាឆ្នាំ២០២៤។
DTA មិនត្រឹមដើម្បីបញ្ចៀសការយកពន្ធត្រួតគ្នាប៉ុណ្ណោះទេ តែវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស ព្រមទាំងបង្កើនភាពប្រកួតប្រជែងជាអន្តរជាតិថែមទៀត។ សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា DTA បានផ្តល់ទំនុកចិត្ត និងភាពប្រាកដប្រជាដល់វិនិយោគិនបរទេសតាមរយៈអត្ថប្រយោជន៍ជាច្រើន។ ក្នុងនោះ មានការផ្តល់វិធានការច្បាស់លាស់ក្នុងការកំណត់សិទ្ធិយកពន្ធរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀង ការបន្ធូរបន្ថយលើការអនុវត្តចំពោះប្រភេទពន្ធមួយចំនួន។
លើសពីនេះ DTA ក៏ទប់ស្កាត់ ឬលុបបំបាត់ការរើសអើងពន្ធរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស ការផ្តល់យន្តការដោះស្រាយវិវាទសារពើពន្ធ រួមទាំងយន្តការផ្លាស់ប្តូរព័ត៌មានរវាងរដ្ឋភាគីនៃកិច្ចព្រមព្រៀងដើម្បីដោះស្រាយបញ្ហាការគេចវេះពន្ធ...ជាដើម។
កន្លងមក លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា នៅពេលកម្ពុជាមានកិច្ចព្រមព្រៀងបែបនេះកាន់តែច្រើន (ប្រទេសដៃគូពាណិជ្ជកម្ម) នឹងជួយឱ្យសកម្មភាពពាណិជ្ជកម្មកម្ពុជាកាន់តែមមាញឹកជាងមុន។ លោក លើកឡើងបែបនេះដោយមើលឃើញដូច្នេះ ៖«គ្រប់អ្នកវិនិយោគ គឺតែងតែចង់ឱ្យមានកិច្ចព្រមព្រៀងនេះ ដើម្បីឱ្យពួកគេអាចទទួលបានប្រាក់ចំណេញពីការបង់ពន្ធមួយចំនួន»។
សម្រាប់អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជារូបនេះ សមិទ្ធផលថ្មីៗដែលរដ្ឋាភិបាលសម្រេចបានជាបន្តបន្ទាប់មកទល់សព្វថ្ងៃ ដូចជា ច្បាប់វិនិយោគថ្មី, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី, ព្រមទាំងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា នឹងជួយឱ្យកម្ពុជាកាន់តែអាចទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើន។
គួររំលេចថា ក្រៅតែពីកិច្ចព្រមព្រៀង «ការចៀសវាងការយកពន្ធត្រួតគ្នា» ដែលកម្ពុជាកំពុងចរចាជាមួយប្រទេសដៃគូទាំង៧ខាងលើនេះ កម្ពុជាអនុវត្តកិច្ចព្រមព្រៀងនេះជាមួយប្រទេស/តំបន់ចំនួន១១។ រួមមាន ប្រទេសសិង្ហបុរី, ចិន, ប្រ៊ុយណេ, ថៃ, ឥណ្ឌូណេស៊ី, វៀតណាម, តំបន់រដ្ឋបាលពិសេសហុងកុង, ម៉ាឡេស៊ី, កូរ៉េ, តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី៕