ជាតិ
អាកាសធាតុប្រែប្រួល! លោក ហ៊ុន ម៉ានី ប្រាប់ឱ្យអាជ្ញាធរកំពង់ស្ពឺ តាមដាន និងដោះស្រាយបញ្ហាទឹក ឱ្យទាន់ពេល លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ រូបភាពពីក្រសួងមុខងារសាធារណៈ
× ភ្នំពេញ៖ កម្ពុជាកំពុងទទួលរងឥទ្ធិពលបាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យមានគ្រោះរាំងស្ងួត ដោយសារធាតុអាកាសក្តៅហួតហែងខ្លាំង។ ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋ ដែលខ្វះខាតទឹកប្រើប្រាស់ លោក ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារខេត្តកំពង់ស្ពឺ បន្តតាមដានការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ។
បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ មិនថាទីក្រុង និងជនបទនោះទេ។ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា លោក ហ៊ុន ម៉ានី បានណែនាំដល់ក្រុមការងារទាំងអស់ ឱ្យបន្តតាមដានស្ថានភាពនៃការប្រើប្រាស់ទឹក តាមតំបន់នីមួយៗ ក្នុងដំណាក់ដែលអាកាសធាតុមានការប្រែប្រួល។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ លើកឡើងថា ការជួយសម្របសម្រួលការងារនានាជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងការរៀបចំវេទិកាសាធារណៈ នឹងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។
រូបភាពពីក្រសួងមុខងារសាធារណៈ
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានប្រាប់មន្ត្រី ចាប់ពីរដ្ឋលេខាធិការ ដល់ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ឱ្យចុះពិនិត្យមើលស្រះទឹក អណ្តូង និងមានវិធានការចាំបាច់។ លើសពីនេះ ត្រូវអន្តរាគមន៍បន្ទាន់ ក្នុងករណីអណ្តូងខូច និងស្រះទឹករីងស្ងួត ដើម្បីឆ្លើយតបនឹងការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្រៅពីក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំមន្ត្រីរបស់ខ្លួន និងប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាប្រភពទឹក និងការប្រើប្រាស់ទឹកដោយសន្សំសំចៃ នាអំឡុងពេល ដែលកម្ពុជារងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូតកម្តៅអែលនីណូ (El Nino) ផងដែរ៕
Tag:
ហ៊ុន ម៉ានី
កំពង់ស្ពឺ
ទឹក
អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com