សង្គមអន្តរជាតិ​
អន្តរជាតិ
អាស៊ី ​​ជួប​គ្រោះ​មហន្តរាយ​ធម្មជាតិ​ច្រើន​បំផុត​លើពិភពលោក​ នៅ​ឆ្នាំ​២០២៣
24, Apr 2024 , 9:40 am        
រូបភាព
គ្រោះទឹកជំនន់នៅឥណ្ឌាកាលពីខែមិថុនា ឆ្នាំ២០២៣។ រូបភាព ៖ AFP
គ្រោះទឹកជំនន់នៅឥណ្ឌាកាលពីខែមិថុនា ឆ្នាំ២០២៣។ រូបភាព ៖ AFP
អាស៊ីបានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិច្រើនជាងគេបំផុតនៅក្នុងពិភពលោកកាលពីឆ្នាំមុន ដោយព្យុះ និងទឹកជំនន់ជាមូលហេតុចម្បងនៃការស្លាប់មនុស្ស និងធ្វើឲ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។

 
អង្គការឧតុនិយមពិភពលោក (WMO) ដែលស្ថិតក្រោមអង្គការសហប្រជាជាតិនៅថ្ងៃទី២៣​ ខែមេសា បានចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពអាកាសធាតុអាស៊ីឆ្នាំ២០២៣ ដោយនិយាយថា អាស៊ីជាតំបន់ដែលបានទទួលរងនូវគ្រោះមហន្តរាយធម្មជាតិច្រើនបំផុតដោយសារតែការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន ស្របពេលប្រទេសជាច្រើនជួបប្រទះនូវបាតុភូតប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ដូចជា គ្រោះរាំងស្ងួត រលកកំដៅ រហូតដល់ព្យុះ និងទឹកជំនន់ជាដើម។
 
ទឹកជំនន់ ជាមូលហេតុចម្បងបង្កឲ្យមានការស្លាប់មនុស្សច្រើននៅក្នុងតំបន់នេះប្រចាំឆ្នាំ ២០២៣។ ទ្វីបនេះបានទទួលរងនូវគ្រោះធម្មជាតិទាក់ទងនឹងទឹកសរុបចំនួន ៧៩ដងក្នុងនោះ ៨០ភាគរយជាព្យុះ និងទឹកជំនន់បណ្តាលឱ្យមនុស្សជាង ២០០០នាក់បានបាត់បង់ជីវិត និង៩លាននាក់រងផលប៉ះពាល់។
 
«ការប្រែប្រួលអាកាសធាតុកំពុងកើតមានជាញឹកញាប់ និងភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយធម្មជាតិ ជាមួយនឹងផលប៉ះពាល់សេដ្ឋកិច្ច សង្គម និងបរិស្ថានសំខាន់ៗនៅអាស៊ី»។ លោក Celeste Saulo ប្រធាន WMO បានថ្លែង​បែបនេះដោយបានគូសបញ្ជាក់ពីលទ្ធផលនៃរបាយការណ៍នេះថាជាការដាស់តឿនទៅកាន់តំបន់នេះ។
 
របាយការណ៍ខាងលើបានបន្ថែមថា អាស៊ីកំពុងឡើងកំដៅក្នុងអត្រាលឿនជាងមធ្យមភាគពិភពលោក ខណៈដែលសីតុណ្ហភាពពិភពលោកឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ ២០២៣។ សីតុណ្ហភាពជាមធ្យមានកម្រិតខ្ពស់ ជាពិសេសពីភាគខាងលិចស៊ីបេរីទៅអាស៊ីកណ្តាល និងពីភាគខាងកើតចិនដល់ជប៉ុន ដោយជប៉ុនជួបប្រទះក្តៅខ្លាំងនៅរដូវក្តៅ។
 
ស្ថានភាពនេះបណ្តាលឱ្យផ្ទាំងទឹកកករលាយ និងកម្រិតទឹកសមុទ្រកើនឡើងដែលគំរាមកំហែងដល់សន្តិសុខទឹកនៅក្នុងតំបន់។ ភ្នំខ្ពស់របស់អាស៊ីប្រមូលផ្តុំនៅតំបន់ខ្ពង់រាបទីបេ ដែលផ្ទុកបរិមាណព្រិល និងទឹកកកច្រើនជាងគេនៅខាងក្រៅតំបន់ប៉ូលទាំងពីរ។ ផ្ទាំងទឹកកកចំនួន២០ផ្ទាំង ក្នុងចំណោមផ្ទាំងទឹកកកដែលបានត្រួតពិនិត្យចំនួន២២ នៅអាស៊ីបន្តរលាយក្នុងអត្រាខ្ពស់។
 
អង្គការឧតុនិយមពិភពលោក បានបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមនៅអាស៊ីចាំបាច់ត្រូវកែលម្អលំហូរនៃព័ត៌មានដែលផ្តល់ទៅឱ្យអង្គការសហប្រជាជាតិយ៉ាងឆាប់រហ័ស ដើម្បីស្វែងរកវិធីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ។
 
«សកម្មភាព និងយុទ្ធសាស្ត្រឆ្លើយតបរបស់យើងត្រូវការឆ្លុះបញ្ចាំងពីភាពបន្ទាន់នៃពេលនេះ។ ការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែជារឿងសំខាន់ដែលត្រូវធ្វើ»។ ប្រធាន WMO លោក Saulo បានបញ្ជាក់បែបនេះ ។ នេះបើតាមទីភ្នាក់សារព័ត៌មានបារាំង AFP៕
 

Tag:
 អាស៊ី
  គ្រោះមហន្តរាយធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com