អន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាអភិវឌ្ឍកម្លាំងយោធាឱ្យបានខ្លាំងបំផុត ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងដ៏មានអំណាច គីម យ៉ូចុង។ រូបភាព AFP
× ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងដ៏មានអំណាច គីម យ៉ូចុង បានប្តេជ្ញាកសាងសមត្ថភាពយោធាឱ្យបានខ្លាំងក្លាបំផុត ដើម្បីការពារអធិបតេយ្យ និងសន្តិភាពក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី២៤ ខែមេសា។
សមយុទ្ធយោធាអាម៉េរិក និងកូរ៉េខាងត្បូងជាច្រើនលើកច្រើនសារ បានធ្វើឱ្យកូរ៉េខាងជើងក្រពុលមុខយ៉ាងខ្លាំង។ តាមរយៈសមយុទ្ធលើកចុងក្រោយ Freedom Shield ក្រុងព្យុងយ៉ាង យល់ថា សមយុទ្ធរបស់ក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូល មានចេតនាត្រៀម សង្រ្គាមនុយក្លេអ៊ែរប្រឆាំងខ្លួន។ ជុំវិញបញ្ហានេះ កូរ៉េខាងជើង បានប្តេជ្ញាអភិវឌ្ឍសមត្ថភាពយោធាឱ្យបានខ្លាំងបំផុត។
«យើងនឹងបន្តកសាងអំណាចយោធាឱ្យបានខ្លាំង និងអស្ចារ្យបំផុត ដើម្បីការពារអធិបតេយ្យ សន្តិសុខ និងសន្តិភាពក្នុងតំបន់របស់យើង»។ ទីភ្នាក់ងារព័ត៌មាន KCNA បានស្រង់សម្តីលោកស្រី គីម យ៉ូចុង នាយករងនៃនាយកដ្ឋានព័ត៌មាន និងការផ្សាយបែបនេះ នៅថ្ងៃទី២៤ ខែមេសា។
ពាក់ព័ន្ធនឹងសមយុទ្ធញឹកញាប់របស់អាម៉េរិក និងកូរ៉េខាងត្បូង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះ បានឃល់ឃើញថា នឹងរុញបរិយាកាសសន្តិសុខក្នុងតំបន់ ចូលទៅក្នុងស្ថានការណ៍គ្រោះថ្នាក់។ តាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូងកន្លងមក សមយុទ្ធយោធាជាមួយអាម៉េរិកប្រមាណជា ២សប្តាហ៍ មានការចូលរួមពីសំណាក់យន្តហោះចម្បាំងរហូតដល់ប្រមាណ ១០០គ្រឿងឯណោះ។
ស្របពេលមានការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង កូរ៉េខាងត្បូង និងអាម៉េរិក កាន់តែពង្រីកទំហំសមយុទ្ធយោធារបស់ខ្លួននៅក្នុងតំបន់ ក្រោមហេតុផលជាការត្រៀមខ្លួនឱ្យបានរួចរាល់ប្រឆាំងនឹងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។
ជាច្រើនឆ្នាំមកហើយ កូរ៉េខាងជើងនៅតែបន្តកម្មវិធីអាវុធ និងមីស៊ីលរបស់ខ្លួន បើទោះរងទណ្ឌកម្មជាច្រើនសន្ធឹកពីសហគមន៍អន្តរជាតិក៏ដោយ។ មួយរយៈចុងក្រោយ ក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចម្ងាយខ្លី ឆ្ងាយ និងប្រភេទយុទ្ធសាស្រ្តរបស់ខ្លួនជាច្រើនគ្រាប់ថែមទៀត។ ការពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងជើង កាន់តែរុញឱ្យសម្ព័ន្ធមិត្តអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង កាន់តែជិតគ្នា និងបង្កើតកិច្ចសហប្រតិបត្តិប្រឆាំងនឹងការគំរាម៕
Tag:
កូរ៉េខាងជើង
អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com