ភ្នំពេញ៖ នៅក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែសេរីភាពនេះ មានដែនកំណត់។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកឡើងថា ប្រជាពលរដ្ឋរូបណាក៏អាចបញ្ចេញមតិបាន ប៉ុន្តែត្រូវគោរពច្បាប់ គោរពសិទ្ធិអ្នកដទៃ និងបញ្ចេញមតិប្រកបដោយក្រមសីលធម៌។
នៅថ្ងៃទី៣ ឧសភាខាងមុខនេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ស្របពេលជាមួយគ្នា នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ក៏នឹងជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានរាប់ពាន់នាក់ផងដែរ។
តើទិវាសេរីភាពសារព័ត៌មាននេះ មានតម្លៃបែបណា? សម្រាប់លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ថា សេរីភាពសារព័ត៌មានពិតជាមានសារៈសំខាន់ នៅលើពិភពលោក និងកម្ពុជា។ លោក ប៉ែន បូណា ចាត់ទុកព័ត៌មាន ជាចំណីអាហាររបស់មនុស្សគ្រប់រូប។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានThmey Thmey 25 និងលោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដូចតទៅ៖
«មនុស្សសម័យឥឡូវ ត្រូវការព័ត៌មាន។ យើងអាចប្រៀបធៀបថា បើសិនជាអត់ព័ត៌មាន ប្រៀបដូចជាអត់មានបាយហូប ឬទឹក និងខ្យល់សម្រាប់ដកដង្ហើម។ នេះជាហេតុផល ដែលយើងចាត់ទុកថា សារព័ត៌មានមានសារៈសំខាន់ ពិសេសសេរីភាពសារព័ត៌មាន»។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា។
ចំពោះសេរីភាពសារព័ត៌មាន លោក ប៉ែន បូណា មើលឃើញថា រដ្ឋាភិបាលកម្ពុជាបានការពារ និងផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងវិស័យព័ត៌មាន។ ប្រធានអង្គភាពអ្នកនាំពាក្យរូបនេះ បន្តមានប្រសាសន៍ថា៖«យើងឃើញហើយ សារព័ត៌មានក្នុងប្រទេសកម្ពុជាយើង រីកដុះដាលខ្លាំង មិនដែលមាននៅក្នុងប្រវត្តិសាស្រ្តអតីតកាល»។
ដ្បិតមានការលើកឡើងពីការផ្ដល់សេរីភាពសារព័ត៌មានក្ដី ក៏ប៉ុន្តែនៅតែមានការជជែកពីការរឹតត្បិតសេរីភាពសារព័ត៌មាន នៅសង្គមកម្ពុជា។ ត្រង់ចំណុចនេះ លោក ប៉ែន បូណា ឆ្លើយតបថា ឧស្សាហ៍ឭចេញពីអង្គការសង្គមស៊ីវិល អង្គការបរទេស និងអ្នកនយោបាយមួយចំនួន។ បើតាមប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ការវាយតម្លៃបែបនេះ ដោយសារអ្នកទាំងនោះ សំអាងទៅលើវិធានការផ្លូវច្បាប់នានា ដែលតុលាការ ឬអាជ្ញាធរចាត់វិធានការលើជនណា ដែលរំលោភបំពានច្បាប់ បំពានក្រមសីលធម៌ និងបំពានសិទ្ធិអ្នកដទៃ។
សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ គឺជាសេរីភាពមួយដែលមានការធានា ទាំងនៅក្នុងក្របខណ្ឌអន្តរជាតិ និងក្របខណ្ឌច្បាប់ជាតិក្នុងប្រទេស។ លោក ប៉ែន បូណា បានលើកឡើងពីដែនកំណត់នៃសេរីភាពបញ្ចេញមតិយ៉ាងដូច្នេះ៖«មាត្រា១៩(៣) នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយចែងថា ការប្រើប្រាស់សិទ្ធិ ដែលមានចែងក្នុងកថាខណ្ឌ២នៃមាត្រានេះ តម្រូវឱ្យមានករណីយកិច្ចនិងការទទួលខុសត្រូវពិសេស។ ដូច្នេះ ការប្រើប្រាស់សិទ្ធិនេះ អាចមានការរឹតត្បិតមួយចំនួន ដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ដើម្បីគោរពសិទ្ធិនិងកិត្តិសព្ទអ្នកដទៃ, ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌សាធារណៈ»។
បើតាមមាត្រា២៩(២) នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សចែងថា ក្នុងការប្រើសិទ្ធិសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូបត្រូវស្ថិតនៅត្រឹមកម្រិតដែលច្បាប់បានកំណត់តែប៉ុណ្ណោះ ក្នុងគោលបំណងធានាការទទួលស្គាល់និងការគោរពសិទ្ធិសេរីភាពរបស់អ្នកដទៃ និងដើម្បីបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពទូទៅនៅក្នុងសង្គមប្រជាធិបតេយ្យ។ នេះបើតាមលោក បូណា។
ដោយឡែកក្នុងប្រទេសកម្ពុជា ក៏មានចែងពាក់ព័ន្ធនឹងសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំផងដែរ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក ប៉ែន បូណា បន្ថែមដូច្នេះ៖«មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការជួបជុំ។ ប៉ុន្តែ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិឡើយ។ ហើយសេរីភាពសារព័ត៌មានត្រូវកំណត់ដោយច្បាប់»។
ដើម្បីលើកតម្លៃប្រជាធិបតេយ្យនិងនីតិរដ្ឋ ក៏ដូចជាលើកកម្ពស់សេរីភាពបញ្ចេញមតិប្រកបដោយសីលធម៌ និងការគោរពសិទ្ធិគ្នាទៅវិញទៅមកដោយសេចក្តីថ្លៃថ្នូរ លោក ប៉ែន បូណា ចង់ឱ្យមានការគោរពច្បាប់ គោរពសិទ្ធិអ្នកដទៃ និងបញ្ចេញមតិប្រកបដោយក្រមសីលធម៌៕