ជាតិ
ជប៉ុន ផ្តល់គ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២៤ ដល់លោក អ៊ុម រម្យណី អតីតនាយកសាលាតិចណូ លោក អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ានលើកទី១២ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសរៀតណាម។ (រូបភាព៖ហ្វេសប៊ុកក្រសួងអប់រំ)
× រាជរដ្ឋាភិបាលជប៉ុន ផ្តល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ ដល់លោក អ៊ុម រម្យណី ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអតីតនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ចុះផ្សាយនៅថ្ងៃទី២៩ ខែមេសានេះ។
បើតាមស្ថានទូតជប៉ុន គ្រឿងឥស្សរិយយស The Order of the Rising Sun, Gold Rays with Neck Ribbon ជាការទទួលស្គាល់ការរួមចំណែក របស់លោក អ៊ុម រម្យណី ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមករវាង ប្រទេសជប៉ុន និងព្រះកម្ពុជា។ ពិធីប្រគល់គ្រឿងឥស្សរិយយស នឹងរៀបចំឡើងនាពេលខាងមុខ។
ស្ថានទូតជប៉ុន បញ្ជាក់ថា ទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលជប៉ុន ប្រកាសឈ្មោះបុគ្គលឆ្នើម ដែលត្រូវទទួលគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ នៅថ្ងៃទី២៩ មេសានេះ។
«គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៤ (ត្រូវ)ផ្តល់ជូនដល់បុគ្គលឆ្នើមដើម្បី ទទួលស្គាល់នូវការចូលរួមចំណែករបស់បុគ្គលទាំងនេះ ក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធិផលដ៏លេចធ្លោរបស់របស់បុគ្គលទាំងនេះ ក្នុងវិស័យនានាក្នុងសង្គម។»។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន បញ្ជាក់ដូច្នេះ។
© រក្សាសិទ្ធិដោយ thmeythmey.com