ប្រមុខរដ្ឋាភិបាល កោតសរសើរចំពោះការផ្តួចផ្តើមរបស់ក្រសួងព័ត៌មានក្នុងការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងចំណោមអនុសាសន៍ជាច្រើននាឱកាសអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ សម្តេច ហ៊ុន ម៉ាណែត បានជំរុញក្រសួងព័ត៌មានឱ្យបន្តយកចិត្តទុកលើចំណុចនេះ ដើម្បីឈានទៅកំណត់នីតិវិធីប្រតិបត្តិការស្តង់ដាស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាននៅកម្ពុជា។
«ក្នុងយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មានផ្អែកលើអភិក្រម “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន” របស់ក្រសួងព័ត៌មាន ខ្ញុំសូមវាយ- តម្លៃខ្ពស់ចំពោះការផ្តួចផ្តើមរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាការកំណត់និយាមស្តង់ដាប្រតិបត្តិ ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងលុបបំបាត់ការបំពានក្រម សីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានរបស់អង្គភាព និងអ្នកសារព័ត៌មានមួយចំនួន»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងសារលិខិត សម្រាប់ទិវាសេរីភាពសារព័ត៌មាន ថ្ងៃទី៣ ខែឧសភា។
ក្រសួងព័ត៌មាន ចាប់ផ្តើមរៀបចំសិក្ខាសាលាតម្រង់ទិសលើក្រមសីលធម៌វិជ្ជាសារព័ត៌មាន និងជាការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធទាំងអស់ដើម្បីឈានទៅបង្កើតធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានសម្រាប់ដាក់ឱ្យអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានគោរព និងប្រតិបត្តិ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ គឺជាក្រមខ្ពស់បំផុត និង ជាក្រមស្តង់ដារប្រតិបត្តិរួម(SOP)សម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ហើយបច្ចុប្បន្នពុំទាន់មានក្រមសីលធម៌វិជ្ជាជីវៈណាមួយសម្រាប់ដាក់ឱ្យអនុវត្តនោះឡើយ ពោលគឺមានតែក្រមសីលធម៌វិជ្ជាជីវៈរបស់សមាគមនីមួយៗតែប៉ុណ្ណោះ។
«ជាង៣០ឆ្នាំមកហើយដែលក្រសួងបានផ្តល់ឱកាសឱ្យសមាគមអ្នកសារព័ត៌មានរួមគ្នាបង្កើតក្រមសីលធម៌រួមមួយ តែរហូតមកដល់ពេលនេះនៅតែមិនទទួលបានជោគជ័យ»។ នេះជាការកត់សម្គាល់ក្នុងរបាយការណ៍ក្រសួងព័ត៌មាន ក្រោយការរៀបចំសិក្ខាសាលាតម្រង់លើកដំបូងកាលពីថ្ងៃទី១៩ ខែមេសា នៅទីស្តីការក្រសួង។
ក្នុងសារលិខិតដដែល សម្តេច ហ៊ុន ម៉ាណែត បង្ហាញពីការគាំទ្រលើទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មានស្តីពីការពង្រឹងបទដ្ឋានបច្ចេកទេស ការទទួលខុសត្រូវវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ហើយការយកចិត្តទុកដាក់លើការកសាងនិងអភិវឌ្ឍសមត្ថភាពអ្នកសារព័ត៌មានតាមរយៈការរៀបចំការបណ្តុះបណ្តាល នានាជាកត្តាចាំបាច់។
ក្រៅពីជំរុញការយកចិត្តទុកដាក់ធម្មនុញ្ញាវិជ្ជាជីវៈសារព័ត៌មាន សម្តេច ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងព័ត៌មានឱ្យពង្រឹងលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន, ការបន្តពិនិត្យច្បាប់ពាក់ព័ន្ធនានា, រៀបចំកំណត់គោលការណ៍ណែនាំស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែតប្រជាពលរដ្ឋដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្តាញសង្គម និងរៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន។
ស្របពេលជាមួយផងដែរ សម្តេចបានណែនាំដល់អ្នកសារព័ត៌មានបន្តចូលរួមថែរក្សាសុខសន្តិភាព, ផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ, ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព, ការបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការបណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ។
ជំនួបអ្នកសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រី ឈានដល់ឱកាសលើកទី៦ ថ្ងៃទី៣ ខែឧសភា នេះ ដោយសម្តេច ហ៊ុន ម៉ាណែត នឹងរៀបចំអាហារសាមគ្គីជាមួយបណ្តាអ្នកសារព័ត៌មាននៅកម្ពុជា នាមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ធ្វើឡើងក្រោមប្រធានបទ «សារព័ត៌មានសម្រាប់ផែនដី៖ សារព័ត៌មានក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន» ដែលបង្ហាញពីសារសំខាន់នៃតួនាទីសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ក្នុងបរិបទនៃវិបត្តិបរិស្ថានសកល នាពេលបច្ចុប្បន្ន។
នៅកម្ពុជា សម្តេច ហ៊ុន ម៉ាណែត កត់សម្គាល់ថា លំហសេរីភាពសារព័ត៌មាន នៅកម្ពុជាកាន់តែរីកចម្រើនធំធាត់ប្រកបដោយសុខភាពល្អ និងឆ្ពោះទៅរកការរៀបចំបាននូវសណ្តាប់ ធ្នាប់ល្អប្រសើរ។ ស្ថានភាពសេរីភាពនៃការបញ្ចេញមតិ នៅតែស្ថិតក្នុងបរិយាកាសអំណោយផល ព្រោះថា អ្នកសារព័ត៌មានអាចរាយការណ៍ដោយសេរី ដោយឈរលើមូលដ្ឋានក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន៕