ជាតិ
មេដឹកនាំសារព័ត៌មាន មើលឃើញផ្ទុយគ្នាពីសេរីភាពសារព័ត៌មាននៅកម្ពុជា
03, May 2024 , 8:59 am        
រូបភាព
ក្រុមអ្នកសារព័ត៌មានជួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលកន្លងមក។ រូបពី របាយការណ៍ក្រសួងព័ត៌មាន
ក្រុមអ្នកសារព័ត៌មានជួបជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាពេលកន្លងមក។ រូបពី របាយការណ៍ក្រសួងព័ត៌មាន
ភ្នំពេញ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានមេដឹកនាំសមាគម និងស្ថាប័នសារព័ត៌មាន មើលឃើញខុសៗគ្នា។ ប៉ុន្តែអ្វីដែលពួកគេ ចង់បានរួមគ្នានោះ គឺពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានបន្ថែមទៀត ដើម្បីឱ្យវិស័យនេះ ស័ក្តិសមជាអំណាចទី៤ យ៉ាងពិតប្រាកដ។

 
នៅថ្ងៃទី៣ឧសភានេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ហើយទាំងអង្គការសង្គមស៊ីវិល ប្រធានក្លិបសារព័ត៌មាន រួមទាំងរដ្ឋាភិបាលកម្ពុជាផង ក៏ចូលរួមប្រារព្ធទិវានេះ​ ក្រោមប្រធានបទផ្សេងៗគ្នា។ ចំពោះស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) សង្កេតឃើញ​ថា អ្នកសារព័ត៌មាន នៅមានបញ្ហាប្រឈមច្រើន ជាពិសេសអ្នកសារព័ត៌មានឯករាជ្យ និងស្ថានប័នព័ត៌មាន ដែលផ្សាយពីចំណុចអវិជ្ជមាននៅកម្ពុជា។ 
 
ជាមួយគ្នាដែរ មេដឹកនាំខេមបូចារូបនេះ យល់ថាស្ថាប័នសារព័ត៌មានជាបន្តបន្ទាប់ ដោយសារបញ្ហាហិរញ្ញវត្ថុ ដូចជា រស្មីកម្ពុជា ភ្នំពេញប៉ុស្តិ៍ វិទ្យុផ្កាឈូកជាដើម បានធ្វើឱ្យស្ថាប័នព័ត៌​មាន មានវិជ្ជាជីវៈនៅកម្ពុជា ថយចុះផងដែរ។ «ការគំរាមកំហែង និងការរើសអើង លើអ្នកសារព័ត៌មាននៅតែបន្តមាន…។ យើងមិនទាន់អាចនិយាយបានថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរនោះទេ បើធៀបនឹងឆ្នាំ២០២៣កន្លងទៅ»។ លោក ណុប វី ប្រាប់សារព័ត៌មានថ្មីៗបែបនេះ ។
 
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា។ រូបពី ហ្វេសប៊ុកលោក ណុប វី 




លោកបន្ថែមថា សេរីភាពសារព័ត៌មាន ជាផ្នែកមួយនៃសេរីភាពបញ្ចេញមតិ។ បើគ្មានសេរីភាពបញ្ចេញមតិទេនោះ សេរីភាពសារព័ត៌មានក៏គ្មានដែរ។ សារព័ត៌មាន ជាឧបករណ៍មួយ សម្រាប់ឱ្យមហាជនបញ្ចេញមតិ។ 
 
ចំណែក ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា យល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជា គឺអាស្រ័យលើការឱ្យនិយមន័យរបស់ស្ថានប័ននីមួយៗ។ ជាក់ស្ដែង ស្ថាប័នដែលវាយតម្លៃផ្នែកអវិជ្ជមាន នឹងមើលឃើញសេរីភាពសារព័ត៌មាននៅមានកម្រិត។ 
 
យ៉ាងណាក៏ដោយ ប្រធានក្លិបរូបនេះ ពន្យល់បន្ថែមថា ស្ថាប័នដែលធ្វើការងារគោរពវិជ្ជាជីវៈ ដូចជា VOA និង RFI ពុំឃើញមានបញ្ហាចោទនោះទេ។ «ទាក់ទងនឹងសេរីភាពសារព័ត៌មាន យើងមានហើយ! តែទាក់ទងនឹងមន្ត្រីអ្នកនាំពាក្យតាមស្ថាប័នទៅវិញទេ ដែលមានកម្រិត ហើយខ្លះឆ្លើយដាក់គ្នាទៅវិញទៅមក ក៏មាន»។ លោក ពុយ គា បានប្រាប់សារព័ត៌មានថ្មីៗ តាមប្រព័ន្ធតេឡេក្រាមបែបនេះ មុនបន្ថែមថា មន្ត្រីអ្នកនាំពាក្យខ្លះក៏សកម្មដែរ ជាមួយអ្នកសារព័ត៌មាន។ 

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។ រូបពី ហ្វេសប៊ុកលោក ពុយ គា 




ប្រធានក្លិបអ្នកកាសែតកម្ពុជារូបនេះ អះអាងថា សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិ គឺមានសេរីភាពគ្រប់គ្រាន់ តាមរយៈវិជ្ជាជីវៈ និងក្រមសីលធម៌។ តែអ្នកសារព័ត៌មានមួយចំនួនតូច ដូចអ្នកសារព័ត៌មានប្រជាពលរដ្ឋ តែងបញ្ចេញមតិជ្រុល។ ហេតុនេះ លោក ពុយ គា ស្នើឱ្យអ្នកមានបំណងក្លាយជាអ្នកសារព័ត៌មាន ចូលរួមរៀនវគ្គបណ្ដុះបណ្ដាលឱ្យបានច្រើន ខណៈក្លិបអ្នកកាសែតកម្ពុជា តែងតែបណ្ដុះបណ្ដាលវគ្គខ្លីជាប្រចាំ។ 
 
ទាក់ទិននឹងសេរីភាពសារព័ត៌មាន លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM វិញ បានសង្កេតឃើញថា សព្វថ្ងៃនេះ បណ្ដាសារព័ត៌មានផ្សព្វផ្សាយលឿនជាងមុន តាមអនឡាញ។ ប៉ុន្តែព័ត៌មានរសើបមួយចំនួន ត្រូវបានថយចុះ។ 

លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ( Cambodian Center for Independent Media )។ រូបពី ហ្វេសប៊ុក លោកស្រី សុគន្ធា




ការថយចុះព័ត៌មានរសើបនេះ លោកស្រី សុគន្ធា បានពន្យល់ថា អ្នកដែលតែងតែចែកចាយព័ត៌មានរសើប តែងជួបបញ្ហា ដូចជាជាប់បណ្ដឹងពីសមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដែលវាជាហេតុផលចម្បងនាំឱ្យអ្នកសារព័ត៌មាន ពុំសូវចូលចិត្តរាយការណ៍រឿងបញ្ហាដីធ្លី សិទ្ធិមនុស្ស បញ្ហាសង្គម និងនយោបាយជាដើម។ សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ សម្រាប់លោកស្រី គឺមិនអាចញែកដាច់ពីគ្នាបានទេ។ ចំពោះសិទ្ធិបញ្ចេញមតិ មានចែងក្នុងក្រមខណ្ឌច្បាប់ជាតិ និងអន្តរជាតិ។ ដូច្នេះ លោកស្រី សង្កត់ធ្ងន់ថា៖ «អ្នកសារព័ត៌មាន ដែលផលិតអត្ថបទ និងរឿងរ៉ាវ តាមវិជ្ជាជីវៈ ដោយមានអង្គហេតុ និងប្រភពត្រឹមត្រូវ ត្រូវមានច្បាប់ការពារពួកគេវិញផងដែរ»។ 
 
រីឯ លោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាវិញ យល់ថា សេរីភាពសារព័ត៌មាន មានភាពល្អប្រសើរ។ ប៉ុន្តែអ្វីដែលជាចំណុចខ្សោយ លោកសង្កត់ធ្ងន់លើច្បាប់ស្ដីពីរបរសារព័ត៌មាន ដែលមានតាំងពីឆ្នាំ១៩៩៥។ «ច្បាប់នេះ ពុំអាចឆ្លើយតប និងធ្វើជាមូលដ្ឋាន នឹងទិដ្ឋភាពនៃការវិវឌ្ឍនសង្គមនាពេលបច្ចុប្បន្នឡើយ។ បច្ចុប្បន្ន កម្ពុជានៅខ្វះ ក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន សម្រាប់ចែងឱ្យជាក់លាក់ ខណៈអ្នកសារព័ត៌មានខ្លះបានគោរព ខ្លះពុំបានគោរព»។ នេះជាការមើលឃើញរបស់ លោក ហ៊ុយ វណ្ណៈ៕ 

លោក ហ៊ុយ វណ្ណៈ ជាប្រធានដឹកនាំសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ រូបពី ហ្វេសប៊ុក លោក វណ្ណៈ
 
 

Tag:
 សេរីភាពសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com