នៅក្នុងជួរថ្នាក់ដឹកនាំស្ថាប័ន កញ្ញា ពៅ រក្សា មានតួនាទីជាអនុប្រធានការិយាល័យព័ត៌មាន នៅស្ថានីយ៍ទូរទស្សន៍បាយ័ន(BTV)។ កញ្ញា រក្សា មានឱកាសចូលប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មាន អំឡុងពេលសិក្សាឆ្នាំទី២ ផ្នែកសេដ្ឋកិច្ចកសិកម្ម និងការអភិវឌ្ឍជនបទក្នុងឆ្នាំ២០០៩។ មិនប្លែកទេ ដែលកូនអ្នកខេត្តបាត់ដំបងរូបនេះ ធ្វើការខុសជំនាញដែលរៀន ក៏ព្រោះតែចិត្តស្រលាញ់ និងមានចំណង់ចំណូលចិត្តតាមដានព័ត៌មានជាប្រចាំ។ ថ្វីដ្បិតការងារ និងជំនាញដែលរៀនខុសគ្នាក៏ដោយ តែអ្នកព័ត៌មានរូបនេះ បានសង្វាតហាត់រៀនជំនាញកាសែត តាមរយៈការងារប្រចាំថ្ងៃ និងរៀនពីរៀមច្បង។
ចាប់ផ្ដើមការងារដំបូងជាអ្នកបកប្រែព័ត៌មានអន្តរជាតិ កញ្ញា រក្សា បានដុសខាត់សមត្ថភាពខ្លួន រហូតអាចក្ដោបបានការងារជាច្រើនក្នុងអាជីព រាប់តាំងពីការអានព័ត៌មាន រាយការណ៍ផ្ទាល់ និងសរសេរព័ត៌មានជាដើម។ ហេតុអ្វីចាំបាច់ចេះការងារច្រើន? ក្នុងវចនានុក្រម របស់កញ្ញា ពៅ រក្សា បានដាក់ពាក្យថា ធ្វើច្រើន ចេះច្រើន ដូចផ្ដល់តម្លៃការងារ និងខ្លួនឯង។ ដូចនេះហើយ សំណាងមិនធ្លាក់ពីលើមេឃឡើយ ការប្រឹងប្រែងតស៊ូ និងការអភិវឌ្ឍខ្លួនឥតឈប់ឈរ បាននាំផ្លូវស្រី្តមកពីជនបទរូបនេះ ឆ្ពោះទៅរកភាពជោគជ័យ ដោយកញ្ញាបានឡើងតួនាទីជាបន្តបន្ទាប់ រហូតក្លាយជាអនុប្រធានការិយាល័យព័ត៌មានទូរទស្សន៍ BTV ក្នុងឆ្នាំ២០២១។
ពីអ្នកសារព័ត៌មានធម្មតា ក្លាយជាអនុប្រធានការិយាល័យព័ត៌មានទូរទស្សន៍ដ៏ធំមួយ នៅកម្ពុជា ស្រី្តវ័យ៣២ឆ្នាំរូបនេះ ទទួលស្គាល់ថាពិតជាលំបាក និងត្រូវមានទំនួលខុសគ្នាច្រើន។
«ពីមុនយើងគ្រាន់តែជាក្មេងម្នាក់ ប៉ុន្តែឥលូវនេះអ្នកនៅក្រោមដែលយើងត្រូវមើលច្រើន អ្នកខ្លះគេចាស់ជាងយើង អ្នកខ្លះមានបទពិសោធច្រើន។ ដូច្នេះយើងធ្វើការទៅតាមតួនាទីឱ្យច្បាស់លាស់។ យើងជាអ្នកដឹកនាំបើគ្មានភាពច្បាស់លាស់ បុគ្គលិកគេអត់ស្ដាប់ទេ ហើយជាមួយសមត្ថភាពដូចគ្នា យើងត្រូវពង្រឹកបន្ថែមរហូត»។ នេះជាការអះអាងរបស់ កញ្ញា ពៅ រក្សា។
«ការដឹកនាំ ការសម្រេចចិត្តរបស់ស្រី្តមិនខុសពីបុរសឡើយ។ ស្រី្តអាចដើរស្មើនឹងបុរស»។នេះជាការមើលឃើញរបស់អ្នកស្រី អេង ស្រីទៀង និពន្ធនាយិកាសារព័ត៌មានដំរី ដែលជាស្រ្តីម្នាក់ដឹកនាំក្នុងវិស័យសារព័ត៌មាន រយៈពេល ១០ឆ្នាំ។
អ្នកស្រី អេង ស្រីទៀង មិនដែលប៉ងចង់ធ្វើជាអ្នកសារព័ត៌មានឡើយ រីឯជាអ្នកដឹកនាំក្នុង វិស័យសារព័ត៌មានកាន់តែឆ្ងាយទៅទៀត។ តាមពិតទៅ អ្នកស្រី ស្រីទៀង មានក្ដីស្រមៃ ចង់ក្លាយជាពហុនិកាលើយន្តហោះ ដែលត្រូវនឹងជំនាញរៀនផ្នែកទេសចរណ៍ និងបដិ សណ្ឋារកិច្ច។ ក្រោយប្រឡងចូលធ្វើហុនិកាមិនជាប់ អ្នកស្រី ស្រីទៀង ក៏ចោលក្ដីស្រមៃមក ស្វែងរកការងារផ្សេងជំនួស។
ផ្ដើមការងារក្នុងអាជីពកាសែត ជាអ្នកសរសេរព័ត៌មានទស្សនាវដ្ដី ក្នុងអំឡុងឆ្នាំ២០០៨ អ្នកខេត្តកណ្ដាលរូបនេះ ក៏បន្តនិស្ស័យជាមួយអាជីពកាសែត រហូតមកដល់បច្ចុប្បន្ន។ រយៈ ពេល១៦ឆ្នាំ ដើរលើវិថីសារព័ត៌មាន អ្នកស្រី ស្រីទៀង មានបទពិសោធក្រាស់ក្រែល និងឆ្លងកាត់ការងារច្រើនស្ថាប័ន។ អ្នកស្រី ស្រីទៀង ធ្លាប់ធ្វើការនៅទស្សនាវដ្ដីសុខភាពយើង វិទ្យុ VOD សារព័ត៌មានដើមអម្ពិល ទូរទស្សន៍ CNC ជាអ្នកផលិតកម្មវិធីព័ត៌មានសារព័ត៌មាន Swift News ក្នុងតំណែងជាចាងហ្វាងការផ្សាយ និងបច្ចុប្បន្នធ្វើនិពន្ធនាយិកានៅ សារព័ត៌មានដំរី។
ជាអ្នកដឹកនាំក្នុងវិស័យសារព័ត៌មានរយៈពេលជិត១០ឆ្នាំ និពន្ធនាយិការូបនេះ ថាការងារនេះមានភាពងាយស្រួល តិចជាងលំបាក ។ «បើស្ថាប័នរីកចម្រើន គេអាចសរសើរយើង បើស្ថាប័នថយក្រោយ គេថាមកពីអ្នកដឹកនាំហ្នឹងហើយ»។ អ្នកស្រី ស្រីទៀង លើកឡើងដូច នេះ។
ដើម្បឱ្យស្ថាប័នសារព័ត៌មានដែលទើបបង្កើតថ្មីនេះ រីកចម្រើននិងមានការទទួលស្គាល់ពីសាធារណជនលឿន អ្នកខេត្តកណ្ដាលរូបនេះ បានដឹកនាំផង និងចុះផលិតព័ត៌មានផ្ទាល់ផង ដោយមិនប្រកាន់ខ្លួនឡើយ។ អ្នកស្រី ស្រីទៀង អះអាងដូចនេះ ៖« ខ្ញុំប្រកាន់គោលការណ៍មួយថា យើងធ្វើជាថ្នាក់ដឹកនាំគេ យើងត្រូវតែធ្វើច្រើនជាងគេ។ មួយវិញទៀត យើងដឹងការងារច្រើន។ រឿងខ្លះបើយើងចាំតែបញ្ជា យើងមានព័ត៌មានណាផ្សាយ»។
ទោះបីជារបៀបនៃការដឹកនាំរបស់ស្រ្តី ពូកែមិនចាញ់បុរស តែកញ្ញា រក្សា និង អ្នកស្រី ស្រីទៀង មើលឃើញថា ចំនួនស្រ្តីដើរតួនាទីជាថ្នាក់ដឹកនាំក្នុងវិស័យសារព័ត៌មាននៅមានចំនួនតិចនៅឡើយ បើធៀបនឹងចំនួនបុរស។ អ្នកដឹកនាំទាំងពីររូបនេះ ចង់ឃើញស្រ្តីកាន់តែច្រើនចូលរួមក្នុងវិស័យសារព័ត៌មាន បង្កើនថាមពលនិងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាថ្នាក់ដឹកនាំ និងសសរទ្រូងដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ វិស័យសារព័ត៌មាន ឱ្យកាន់តែរីកចម្រើន៕