RFI
អន្តរជាតិ
អ.ស.ប.៖ សង្គ្រាមហ្កាហ្សា គំនរបាក់បែក ច្រើនជាងសង្គ្រាមនៅអ៊ុយក្រែន ទិដ្ឋភាពក្រុងហ្កាហ្សា ថ្ងៃទី២៤មេសា។ REUTERS
×
ដោយ ហេង ឧត្តម/ RFI ខេមរភាសា
ខែឧសភានេះ សង្គ្រាមរវាងពួកប្រដាប់អាវុធហាម៉ាសនិងកងទ័ពអ៊ីស្រាអែល បើកទំព័រចូលខែទី៧ហើយ។ អង្គការសហប្រជាជាតិ បានវាយតម្លៃព្យាករថា សង្គ្រាមនៅហ្កាហ្សានេះ បង្កការខូចខាតបាត់បង់ធ្ងន់ធ្ងរខ្លាំង ហើយនិងបានបង្កឲ្យអគារបាក់បែក ក្នុងទំហំចំនួនច្រើនជាងសង្គ្រាមនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ គ្រាប់ច្រើនសន្ធឹកនៅមិនទាន់ផ្ទុះ ហើយសារធាតុគីមីបង្កជំងឺមហារីក នឹងបន្តតាមយាយីព្យាបាទអាយុជីវិតពលរដ្ឋប៉ាឡេស្ទីន ជាច្រើនឆ្នាំទៅមុខទៀត។
អង្គការសហប្រជាជាតិ បានវាយតម្លៃព្យាករថា សង្គ្រាមនៅហ្កាហ្សា បង្កការខូចខាតបាត់បង់ធ្ងន់ធ្ងរខ្លាំង ក្នុងទំហំចំនួនច្រើនជាងសង្គ្រាមនៅអ៊ុយក្រែនទៅទៀត។ សង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងបរិវេណទំហំតូច ត្រឹមតែ ៤០ គីឡូម៉ែត្រ ប៉ុន្តែ បង្កការខូចខាតធំជាងសង្គ្រាមអ៊ុយក្រែន លើផ្ទៃដីទំហំ ១ ០០០ គីឡូម៉ែត្រ ឯណោះ។ នេះបើតាមការវាយតម្លៃព្យាករ របស់ លោក Mungo Birch អ្នកទទួលខុសត្រូវភ្នាក់ងារដោះមីន នៃ អង្គការសហប្រជាជាតិ ក្នុងសន្និសីទសារព័ត៌មាននៅហ្សឺណែវ ដោយបញ្ជាក់ទៀតថា ៦៥% នៃសំណង់អគារ ក្នុងតំបន់ហ្កាហ្សា រងការវាយប្រហារបាក់ខ្ទេច ហើយមានបំណែកកម្ទេចកម្ទីគំនរបាក់បែក ប្រមាណជា ៣៧ លានតោន ដែលស្មើប្រហែលជា ៣០០គីឡូក្រាម ក្នុងផ្ទៃដី២ម៉ែត្រការ៉េ។
នៅក្នុងគំនរបាក់បែកនៅហ្កាហ្សា ព្រោះតែការវាយប្រហាររបស់អ៊ីស្រាអែល មានសារធាតុគីមីគ្រោះថ្នាក់ ប្រមាណមិនតិចជាង ជា ៨០ម៉ឺនតោន (amiante ឬ asbestos) ដែលអាចបង្កឲ្យមានជំងឺមហារីក ប៉ះពាល់ដល់សុខភាពពលរដ្ឋនៅថ្ងៃអនាគត។ នេះតាមការបញ្ជាក់របស់ភ្នាក់ងារដោះមីននៃអង្គការសហប្រជាជាតិដដែល ដោយឆ្លៀតសង្កត់ធ្ងន់ថា ក្នុងចំណោមគ្រាប់ទាំងឡាយទាំងពួងដ៏ច្រើនសន្ធឹកសន្ធាប់ដែលអ៊ីស្រាអែល បាញ់វាយប្រហារទៅលើដែនដីតំបន់ហ្កាហ្សា និងតំបន់រ៉ាហ្វាហ៍នោះ នៅមានគ្រាប់ប្រមាណជាង ១០ ទៅ ១៥% នៅមិនទាន់ផ្ទុះនៅឡើយទេ ហើយវានឹងបង្កគ្រោះថ្នាក់ផ្តាច់ជីវិត ពលរដ្ឋស៊ីវិលនៅថ្ងៃខាងមុខ។ ជាមួយគ្នានេះ គេនឹងត្រូវការថវិការាប់សិបលានដុល្លារឯណោះ ដើម្បីចំណាយទៅលើការដោះមីននិងគ្រាប់មិនទាន់ផ្ទុះ។
សង្គ្រាមអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស ផ្ទុះឡើងនៅថ្ងៃទី៧តុលា ឆ្នាំទៅមិញ ព្រោះតែការវាយប្រហារភេរវកម្ម បានសម្លាប់មនុស្សជាច្រើន និងចាប់ខ្លួនចំណាប់ខ្មាំងអ៊ីស្រាអែល ២៥០នាក់។ ក្នុងនោះ នៅសល់ក្នុងកណ្តាប់ដៃក្រុមហាម៉ាស ១២៩នាក់ទៀត ដែលទំនងជាជាង៣០នាក់បានស្លាប់បាត់បង់ជីវិតទៅហើយ។ នេះបើតាមទិន្នន័យផ្លូវការរបស់អ៊ីស្រាអែល ដោយបញ្ជាក់ថា ជម្លោះប្រដាប់អាវុធប្រមាណ៧ខែ ពលរដ្ឋអ៊ីស្រាអែល ស្លាប់សរុបរហូតមកដល់ពេលនេះ អស់ចំនួន ១ ១៧០ នាក់។ នៅភាគីប៉ាឡេស្ទីនវិញ អាជ្ញាធរសុខាភិបាលក្រុមហាម៉ាស បានអះអាង ប្រជាជនប៉ាឡេស្ទីន ជាង ៣៤ ៥៦០ នាក់ ត្រូវអ៊ីស្រាអែលសម្លាប់ផ្តាច់ជីវិត៕
© រក្សាសិទ្ធិដោយ thmeythmey.com