ប្រតិភូកីឡាជឺជិតស៊ូ ៨រូប ចូលរួមក្នុងព្រឹត្តិការណ៍កីឡាជឺជិតស៊ូជើងឯកអាស៊ី លើកទី៨ (8th Ju-Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ដែលចាប់ផ្ដើមពីថ្ងៃទី៣-៥ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមប្រតិភូ ៨នាក់នោះ ៥នាក់ គឺជាអត្ដពលិក។
ការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ អត្ដពលិកចូលរួមសរុប ប្រមាណ១៥០០នាក់ មកពី៣០ប្រទេស។ ក្នុងចំណោមនោះ កម្ពុជា បានបញ្ជូនប្រតិភូកីឡាករ-កីឡាការិនីសរុប ៨នាក់ មាន៖ លោក Jasper Martijn ជាគ្រូបង្វឹក, លោក Oliver Robert King ជាគ្រូជំនួយ, លោកស្រី សំ សោភ័ណ មន្ដ្រីបច្ចេកទេស, គង់ម៉ូណា មិថុនា ម្ចាស់មេដាយមាសស៊ីហ្គេម, ទូច ពីកក្កដា, សរ សុផានុត, កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹនសុវណ្ណ បួរកែវ ។
លោក Jasper Martijn ប្រតិភូដឹកនាំ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ការចូលរួមប្រកួតនេះ គឺដើម្បីប្រជែងយកលទ្ធផលល្អជូនជាតិ ហើយក៏ជាការសាកល្បងសមត្ថភាព បច្ចេកទេស ដើម្បីសម្រួចត្រៀមខ្លួនប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ៣០ប្រទេសចូលរួមព្រឹត្តិការណ៍នេះ មានដូចជា៖ អាហ្វហ្គានីស្ថាន, បារ៉ែន, បង់ក្លាដែស, កម្ពុជា, ឆាយនីសតាយប៉ិក, ឥណ្ឌា, ឥណ្ឌូណេស៊ី, អ៊ីរ៉ាក់, អ៊ីរ៉ង់, ជប៉ុន, ហ្ស៊កដានី, កាហ្សាក់ស្ថាន, កៀហ្ស៊ីស៊ីស្ថាន, ឡាវ, លីបង់, ម៉ាឡេស៊ី, ម៉ុងហ្គោលី, ប៉ាគីស្ថាន, ប៉ាឡេស្ទីន, ហ្វីលីពីន, កូរ៉េខាងត្បូង, ស្រីលង្កា, ស៊ីរី, តាជីគីស្ថាន, ថៃ, អ៊ូសបេគីស្ថាន, វៀតណាម, យេម៉ែន, អារ៉ាប៊ីសាអូឌីត និងម្ចាស់ផ្ទះ អារ៉ាប់រួម៕