ជាតិ
លោក ជា ធីរិទ្ធ ប្រើសមត្ថភាពប្រែខ្លួនពីអ្នកសារព័ត៌មាន ទៅជាជំនួយការនាយករដ្ឋមន្ត្រី
× ភ្នំពេញ៖ លោក ជា ធីរិទ្ធ បានប្រឡូកក្នុងអាជីពជាអ្នកសារព័ត៌មានជាង១០ឆ្នាំ មុននឹងត្រូវបានតែងតាំងជាជំនួយការសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៅឆ្នាំ២០២២ និងបច្ចុប្បន្នជាជំនួយការសម្តេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅឆ្នាំ២០២៣។ លោក ជា ធីរិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗថា ការទទួលបានតំណែងជាជំនួយការ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ផ្ដើមពីភាពច្បាស់ការក្នុងអាជីពសារព័ត៌មាន តាមរយៈប្រឹងប្រែងរៀនសូត្រ ពីអាជីពផង ពីនយោបាយ សេដ្ឋកិច្ច និងការងារប្រទេសជាតិផង។
ទាំងអស់នេះហើយ គឺជាមូលដ្ឋានដ៏សំខាន់ ដែលអាចផ្លាស់ប្ដូរជីវិតរបស់លោក និងគឺជាមោទកភាពសម្រាប់ លោក ធីរិទ្ធ និងគ្រួសារ។ លោក ជា ធីរិទ្ធ ដែលបច្ចុប្បន្នក៏ជា អ្នកសារព័ត៌មាននៅទូរទស្សន៍បាយ័នដែរនោះ ប្រាប់ដូច្នេះថា៖ «ខ្ញុំជាកូនអ្នកមកពីជនបទ មិនមានខ្សែអ្វីនោះទេ ប៉ុន្តែសមត្ថភាពព័ត៌មានរបស់ខ្ញុំ ប្រហែលត្រូវបាននាយករដ្ឋមន្រ្តី លោកទទួលស្គាល់។ ដូច្នេះទើបលោកសម្រេចចិត្តឱ្យខ្ញុំធ្វើជាជំនួយការ។ ប្រសិនបើ ការងារជាអ្នកសារព័ត៌មានកន្លងទៅ ខ្ញុំជាមនុស្សមិនខិតខំរៀនសូត្រ លុតដំខ្លួន ឬមិនមានសមត្ថភាព ក៏ប្រហែលជាខ្ញុំគ្មានឱកាសធ្វើជាជំនួយការនាយករដ្ឋមន្រ្តី ដូចបច្ចុប្បន្នដែរ»។
តើការងារជាអ្នកសារព័ត៌មាន និងជំនួយការនាយករដ្ឋមន្រ្តី មានខុសប្លែកគ្នាបែបណា និងរៀនសូត្រអ្វីខ្លះពីតួនាទីទាំងពីរនេះ? លោក ជា ធីរិទ្ធ បានរៀបរាប់បែបនេះ ការងារទាំងពីរនេះ មានលក្ខណៈខុសប្លែកពីគ្នា ដោយហេតុថា អ្នកសារព័ត៌មានត្រូវផ្ដោតសំខាន់លើ វិជ្ជាជីវៈ នៃការសរសេរ និងអត្ថាធិប្បាយឱ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រាយ ដើម្បីផ្ដល់ព័ត៌មានពិតប្រាកដដល់ពលរដ្ឋ។ ចំណែក ការងារជាជំនួយការនាយករដ្ឋមន្រ្តីវិញ គឺធ្វើទាក់ទងទៅនឹងនយោបាយ ឬការងារមនុស្សធម៌ផ្សេងៗ ដែលថ្នាក់ដឹកនាំបានដាក់ជូន។
ការងារទាំងពីរនេះ សុទ្ធសឹងធ្វើឡើងដោយទំនួលខុសត្រូវ ប៉ុន្តែលោកថា ការងារកាន់តែកៀកជាមួយថ្នាក់ដឹកនាំកំពូល កាន់តែទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងម៉ត់ចត់ បើពុំដូច្នេះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងប្រទេសជាតិទាំងមូល។ ភាពច្បាស់ការ និងប្រុងប្រយ័ត្នទាំងអស់នេះ ក៏កើតចេញពីអាជីពសារព័ត៌មាន ដែល លោកបានអនុវត្តច្រើនឆ្នាំមកនេះដែរ។ លោក ប្រាប់ដូច្នេះថា៖ «ការងារជាអ្នកសារព័ត៌មាន មានភាពប្រុងប្រយ័ត្នមួយហើយ ប៉ុន្តែនៅពេលដែលយើងធ្វើការងារកាន់តែកៀកជាមួយថ្នាក់ដឹកនាំកំពូល តម្រូវឱ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកិច្ចកាងារទាំងអស់ហ្នឹងបន្ថែមទៀត»។ ធ្វើការងារជាជំនួយការ ប្រសិនបើ យើងធ្វេសប្រហែស វាមិនមែនប៉ះពាល់តែខ្លួនយើងនោះទេ គឺវាអាចប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងមុខមាត់រដ្ឋាភិបាលផងដែរ»។
តាមរយៈការងារជាជំនួយការ សម្ដេច ហ៊ុន ម៉ាណែត អ្នកសារព័ត៌មានមកពីខេត្តព្រៃវែង រូបនេះ ក៏រៀនសូត្របានច្រើនពីបរិយាកាសការងារ និងយល់កាន់តែច្បាស់អំពីកិច្ចការនយោបាយកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យភាពប្រសើរឡើង និងផ្ដល់ប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំ និងប្រទេសជាតិទាំងមូល។
លោក ប្រាប់ដូច្នេះថា៖«កន្លងមក ខ្ញុំតែងតែដុសខាត់ខ្លួនជានិច្ច មានន័យថា ខ្ញុំអត់ដែលនៅទំនេរ ឬក៏ឱ្យខ្លួនខ្ញុំជាមនុស្សមានចំណេះដឹងដដែលៗនោះទេ គឺខ្ញុំត្រូវតែទទួលយក ចំណេះដឹងបន្ថែមទៀត។ ដូច្នេះ តាមរយៈការងារជាជំនួយការនាយករដ្ឋមន្រ្តីនេះ ខ្ញុំរៀន សូត្របានច្រើន ជាពិសេសអំពីនយោបាយ ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើកិច្ចការងារ នយោបាយហ្នឹងល្អប្រសើរ ផ្ដល់ផលប្រយោជន៍សម្រាប់ថ្នាក់ដឹកនាំ និងប្រទេសជាតិ»៕
Tag:
ជា ធីរិទ្ធ
ទិវាសេរីភាពសារព័ត៌មានពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com