អន្តរជាតិ
លោកសេដ្ឋាប្តេជ្ញាសម្រេចគោលដៅរដ្ឋាភិបាល មុនបញ្ចប់អាណត្តិ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ។ រូបភាព X_Srettha Thavisin
× ប្រមុខរដ្ឋាភិបាលថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី៣ ខែឧសភា បានប្តេជ្ញាខិតខំឱ្យបានខ្លាំងបំផុត ដើម្បីសម្រេចគោលដៅរបស់រដ្ឋាភិបាលដែលបានដាក់ចេញនៅពេលកន្លងមក ក្នុងរយៈពេលអាណត្តិដែលនៅសល់ ៣ឆ្នាំ។ បើតាមលោកសេដ្ឋា លោកចូលក្នុងនយោបាយ មិនមែនដើម្បីក្លាយជានាយករដ្ឋមន្រ្តីទេ ប៉ុន្តែដើម្បីកែលម្អជីវភាព និងគុណភាពជីវិតរបស់ប្រជាជនថៃ។
ក្នុងវេទិកាពីទីស្នាក់ការកណ្តាលរបស់បក្សភឿថៃ លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានថ្លែងពីការបំពេញការងាររបស់រដ្ឋាភិបាលថ្មី ដែលបានចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២៣។ នៅចំពោះមុខអ្នកចូលរួម មេដឹកនាំរូបនេះ បានលើកឡើងថា ចាប់តាំងពីចូលកាន់តំណែង រដ្ឋាភិបាល បានខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហាជាច្រើន ក្នុងនោះរួមមានទឹកជំនន់, ការបះបោរ, ការឡើងថ្លៃតម្លៃផលិតផលកសិកម្ម, សេរីភាពរបស់ប្រជាជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។
«សម្រាប់រយៈពេល ៣ឆ្នាំដែលនៅសល់ក្នុងអាណត្តិរបស់លោក រដ្ឋាភិបាលថៃ នឹងខិតខំឱ្យបានខ្លាំងបំផុត ដើម្បីសម្រេចគោលដៅ ដែលបានដាក់ចេញនៅពេលដំបូង»។ សារព័ត៌មាន Thai PBS បានស្រង់សម្តីលោកសេដ្ឋា បែបនេះ នៅថ្ងៃទី៣ ខែឧសភា។
ពីស្នាក់ការកណ្តាលបក្សភឿថៃ ប្រមុខរដ្ឋាភិបាលរូបនេះ បានបន្លុយថា បញ្ហាសំខាន់ៗមួយចំនួន មិនទាន់ត្រូវបានដោះស្រាយឡើយ ក្នុងនោះមានដូចជា បំណុលក្រៅផ្លូវការ និងសារធាតុនីកូទីនខុសច្បាប់ជាដើម។ យ៉ាងក៏ដោយ លោកសេដ្ឋា នៅតែប្តេជ្ញាដោះស្រាយបញ្ហាមួយនៅក្នុងអាណត្តិរបស់ខ្លួន។
កន្លងមក លោកសេដ្ឋា បានធ្វើដំណើរទស្សនកិច្ចទៅបរទេសជាញឹកញាប់ ដើម្បីកៀងគរអ្នកវិនិយោគនៅប្រទេសខ្លួន ហើយថែមទាំងបានដាក់គោលដៅថៃឱ្យក្លាយជាមជ្ឈមណ្ឌលរថយន្តអគ្គិសនីនៅក្នុងតំបន់ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com