កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់ម៉ាឡេស៊ី ក្លាយជាលីគទី៤ ក្នុងអាស៊ាន ដែល FIFA អនុញ្ញាតឲ្យប្រើប្រាស់ VAR អាជ្ញាកណ្ដាលពិនិត្យ VAR រូបពី FIFA
× ប្រទេសម៉ាឡេស៊ី គឺជាសមាជិក១ ក្នុងចំណោម ៦៨ប្រទេសផ្សេងទៀត ដែលសហព័ន្ធបាល់ទាត់អន្ដរជាតិ (FIFA) អនុញ្ញាត្តឲ្យប្រើប្រាស់ វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) ក្នុងលីគកំពូល នៅរដូវកាល ២០២៤-២០២៥។ នេះបើយោងទៅលើការផ្សាយរបស់សហព័ន្ធបាល់ទាត់អាស៊ាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤។
លោក Bhaveshan Morghan ប្រតិភូតំណាង FIFA និង លោក Igor Rodajcic គ្រូបង្រៀនផ្នែកប្រើប្រាស់ VAR បានចុះទៅបង្រៀនវគ្គបណ្ដុះបណ្ដាលពីរបៀប នៃការប្រើ VAR។ សិក្ខាកាមចូលរួម មានអាជ្ញាកណ្ដាល ២២រូប, ជំនួយការអាជ្ញាកណ្ដាល ២០រូប និង៩នាក់ទៀត ជាប្រតិបត្តករចាក់ពិនិត្យវិដេអូ។
បច្ចុប្បន្ន លីគក្នុងតំបន់អាស៊ាន មាន៤ប្រទេស ដែលប្រើប្រាស់ VAR ក្នុងនោះមាន៖ ថៃ, សិង្ហបុរី, វៀតណាម និង ម៉ាឡេស៊ី។
គួរបញ្ជាក់ថា មុនពេលប្រើប្រាស់ VAR ជាផ្លូវការក្នុងការប្រកួតលីគរដូវកាល ២០២៤-២០២៥ ម៉ាឡេស៊ី បានសាកល្បងប្រើប្រាស់ក្នុងការប្រកួតមុនបើករដូវកាលរវាងក្រុម Penang និងក្រុម Perak FC កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤៕
© រក្សាសិទ្ធិដោយ thmeythmey.com