អន្តរជាតិ
ចិន និងកម្ពុជា នឹងធ្វើសមយុទ្ធនាគមាសលើកទី៦ នៅពាក់កណ្តាលខែឧសភា
07, May 2024 , 10:48 am        
រូបភាព
សមយុទ្ធនាគមាស ឆ្នាំ២០២៣។ រូបភាព ក្រសួងការពារជាតិចិន
សមយុទ្ធនាគមាស ឆ្នាំ២០២៣។ រូបភាព ក្រសួងការពារជាតិចិន
យោធាចិន និងកម្ពុជា នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធា «នាគមាស ២០២៤» ចាប់ពីពាក់កណ្តាលខែឧសភា។ សមយុទ្ធនេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្ម និងជួយសង្រ្គោះមនុស្សធម៌រួមគ្នា»។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Military នៅថ្ងៃទី៦ ខែឧសភា។

 
ស្របតាមការឯកភាព និងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងចិន និងកម្ពុជា យោធាប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធនាគមាសលើកទី៦ ចាប់ពីពាក់កណ្តាលខែឧសភា ដល់ចុងខែឧសភា។ សមយុទ្ធដ៏ធំ និងមានរយៈពេលយូរថ្ងៃបែបនេះ បានចាប់ផ្តើមធ្វើឡើងនៅក្នុងឆ្នាំ២០១៦ ប៉ុន្តែយោធាចិន និងកម្ពុជា បានព្យួរសមយុទ្ធបែបនេះ ២ឆ្នាំ ក្នុងអំឡុងពេលពិភពលោកផ្ទុះជំងឺ​កូវីដ-១៩។ «សមយុទ្ធនាគមាស ជាការពង្រឹងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ, ពង្រឹងកម្រិតសម្របសម្រួលយុទ្ធសាស្រ្តរវាងយោធាទាំងពីរ និងការពាររួមគ្នាលើសន្តិភាព និងស្ថិរភាពតំបន់»។ សារព័ត៌មាន China Military បានចុះផ្សាយបែបនេះ។ 
 
តាមលិខិតជូនដំណឹងរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅកាន់គណៈអភិបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នឹងរៀបចំសមយុទ្ធនាគមាស ២០២៤ ដែលចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី៣០ ខែឧសភា។

គួររម្លឹកថា នៅក្នុងឆ្នាំ២០២៣ យោធាកម្ពុជា និងចិន បានរៀបចំសមយុទ្ធបែបនេះដែរ ដែលបានចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៨ ខែមេសា ដោយផ្តោតលើប្រតិបត្តិការជួយសង្រ្គោះមនុស្សធម៌ និងប្រយុទ្ធប្រឆាំងភេរវកម្ម៕
 

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com