ជាតិ
បដិមាព្រះនារាយណ៍ផ្ទុំ នឹងត្រូវបានតាំងបង្ហាញនៅបារាំង និងអាម៉េរិក ក្រោយស្រាវជ្រាវ និងជួសជុលរួច
07, May 2024 , 10:59 pm        
រូបភាព
បដិមាព្រះនារាយណ៍ផ្ទុំ។
បដិមាព្រះនារាយណ៍ផ្ទុំ។
ភ្នំពេញ៖ រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធ្វើអំពីសំរឹទ្ធ នឹងត្រូវបាននាំទៅប្រទេសបារាំង ដើម្បីជួសជុល និងវិភាគស្រាវជ្រាវ។ ក្រោយជួសជុលរួចរូបចម្លាក់ដ៏វិចិត្ររបស់ខ្មែរនេះ នឹងត្រូវបានតាំងបង្ហាញនៅពិរព័ណ៍ប្រទេសបារាំងនៅពាក់កណ្ដាលឆ្នាំ២០២៥  និងនៅប្រទេសអាម៉េរិកទៀតផង។



ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 


 
សាលាបារាំងចុងបូព៌ា ធ្វើកំណាយឃើញរូបចម្លាក់ព្រះនារាយណ៍ផ្ទុំនាឆ្នាំ១៩៣៦ នៅប្រាសាទមេបុណ្យខាងលិច និងបានយកមកតាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។​ ក្នុងគម្រោងប្រតិបត្តិការផ្នែកវិចិត្រសាស្រ្ត និងបច្ចេកទេស កម្ពុជា និងបារាំង បានឯកភាពបញ្ជូនបដិមាព្រះនារាយណ៍រួមនឹងបំណែក៣៩ដុំ ដើម្បីជួសជុល និងសិក្សាស្រាវជ្រាវ។ 
 
 
ក្នុងពិធីប្រោះព្រំសុំសេចក្តីសុខនាអំឡុងពេលវេចខ្ចប់និងដឹកជញ្ជូនបដិមាព្រះនារាយណ៍នៅថ្ងៃទី ៧ ខែឧសភា លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ បានថ្លែងថា គោលបំណងរបស់គម្រោងនេះ ដើម្បីការអភិរក្ស និងសិក្សាលើបដិមាព្រះនារាយណ៍ផ្ទុំ ក្នុងការឈ្វេងយល់បន្ថែមពីបច្ចេកទេស និងភាពប៉ិនប្រសព្វនៃការសឹកលោហៈខ្នាតធំក្នុងអរិយធម៍ខ្មែរនាសម័យអង្គរ ។
 

លោកស្រី ភឿង សកុណា ចាត់ទុកការយាងដំណើររបស់ព្រះបដិមាដ៏វិចិត្ររបស់ខ្មែរនេះ ជាការនាំយកទេពកោល្យនៃបច្ចេកទេសសឹកលោហៈដ៏ល្អ​ឯករបស់ខ្មែរ ផ្សព្វផ្សាយលើឆាកអន្តរជាតិ។ «ការធ្វើដំណើររបស់បដិមាព្រះនារាយណ៍ផ្ទុំដែលជាអាទិទេពព្រហ្មញ្ញសាសនារបស់ខ្មែរនាសម័យអង្គរ ប្រៀបដូចជាការនាំយកនូវទេពកោសល្យល្អឯកនៃបច្ចេកទេសសឹតលោហៈដ៏អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឱ្យសាធារណជនបានឈ្វែងយល់បន្ថែមពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃអារ្យធម៌ខ្មែរនាសម័យបុរាណ»។ នេះជាការលើកឡើងរបស់ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
 


បើតាមលោកស្រី ភឿង សកុណា ក្រៅពីសិក្សាស្រាវជ្រាវ និងវិភាគបច្ចេកទេស ក្រុមជំនាញ នឹងសាកល្បងផ្គុំចំណែកទាំង៣៩ របស់ព្រះនារាយណ៍ ដែលបានដាច់ចេញពីដងខ្លួនអស់រយៈកាលជិត១ពាន់ឆ្នាំ។ 
 
ក្រោយគម្រោងអភិរក្ស និងវិភាគត្រូវបានបញ្ចប់ ចម្លាក់ព្រះនារាយណ៍ផ្ទុំនេះ នឹងត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍មិនអចិន្ត្រៃយ៍​ស្តីពីសំរឹទ្ធសម័យអង្គរ សិល្បៈនៃអាទិទេព ជាមួយ​រូបចម្លាក់​សំរឹទ្ធចំនួន ១២៦ផ្សេងទៀតនៅ​សារមន្ទីរជាតិហ្គីមេនៃប្រទេសបារាំងនៅពាក់កណ្ដាលឆ្នាំ២០២៥។ បន្ទាប់ពីតាំងនៅសារមន្ទីរជាតិហ្គីមេ បដិមាព្រះនារាយណ៍ផ្ទុំ នឹងត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ចំនូន៣កន្លែងទៀតនៅប្រទេសអាម៉េរិក មុននឹងយាងត្រលប់មកកម្ពុជាវិញ៕ 




Tag:
 បដិមាព្រះនារាយណ៍ផ្ទុំ
© រក្សាសិទ្ធិដោយ thmeythmey.com