កីឡាជាតិ
ជាតិ
ទូច ចាន់វត្តី បារម្ភមិនអាចមានសមត្ថភាពដូចដើម ខណៈត្រូវការពេល៦ខែ ព្យាបាលរបួសបាក់ដៃ
20, May 2024 , 9:00 am        
រូបភាព
កីឡាការិនី ទូច ចាន់វត្តី រូបពី ទូច ដេវីត
កីឡាការិនី ទូច ចាន់វត្តី រូបពី ទូច ដេវីត
បន្ទាប់ពីវះកាត់ព្យាបាលរបួសដោយសារបាក់ដៃខាងឆ្វេង កីឡាការិនីប្រដាល់គុនខ្មែរ ទូច ចាន់វត្តី ត្រូវការពេល៦ខែ ទើបអាចចូលហ្វឹកហាត់វិញ។  ម្ចាស់មេដាយមាសគុនខ្មែរស៊ីហ្គេម 
 លើកទី៣២ វ័យ១៩ឆ្នាំរូបនេះ បារម្ភមិនអាចវិលត្រឡប់ហ្វឹកហាត់បានដូចដើម ១០០ភាគរយ ដែលជាហេតុនាំឲ្យប៉ះពាល់ទិន្នផលប្រកួតរបស់ខ្លួន។



កីឡាការិនី ទូច ចាន់វត្តី បានរបួសបាក់ឆ្អឹងដៃ ត្រង់ជិតកដៃ អំឡុងពេលប្រកួតកម្មវិធីសេនាគុនខ្មែរយន្ត៨ទិស ជាមួយកីឡាការិនីចិន Lin Jiahui នៅទឹកទី៣ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ២ទឹកដំបូង កីឡាការិនីកម្ពុជារូបនេះ បានវាយឈ្នះពិន្ទុ លើកីឡាការិនីចិន។ លុះចូលដល់ទឹកទី៣ ចាន់វត្តី ព្យាយាមវាយផ្ដាច់គូប្រកួត ប៉ុន្ដែត្រូវបានរអិលជើងដួល ហើយបាក់ដៃ ដែលជាហេតុនាំឲ្យបោះបង់ចោលការប្រកួត។
  

កីឡាការិនី ទូច ចាន់វត្តី ពេលរបួសដៃ រូបពី Admin រ៉ែនដូ

​កីឡាការិនីវ័យ ១៩ឆ្នាំរូបនេះ បានវះកាត់ព្យាបាលរួច កាលពីថ្ងៃទី១៦ ខែឧសភា។ ម្ចាស់មេដាយមាសស៊ីហ្គេមរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថាបន្ថែមថា ខ្លួនត្រូវការពេល៦ខែដើម្បីអាចហ្វឹកហាត់វិញបាន។ ការសម្រាកព្យាបាលរបួសគឺចំពេលដែល ទូច ចាន់វត្តី កំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិគុនខ្មែរ។ ​កីឡាការិនីរូបនេះ បារម្ភថាខ្លួនអាចធ្លាក់គុណភាព និងទិន្នផលកីឡា ហើយសមត្ថភាព អាចមិនខ្លាំងដូចពីមុន។
 
មានរហស្សនាម«កូនទន្សាយតូច» ទូច ចាន់វត្តីបន្តដូច្នេះថា៖ «ខ្ញុំឃើញកីឡាករខ្លះគាត់ធ្លាប់បាក់ដៃ បាក់ជើងដែរ ហើយអាចព្យាបាលជាវិញ។ ប៉ុន្ដែខ្ញុំខ្លាចសមត្ថភាពយើងអត់ដូចមុន។ ខ្ញុំព្យាយាមហាត់ប្រាណដៃបន្ដិចម្ដងៗ ធ្វើយ៉ាងម៉េច កុំឲ្យយើងធ្លាក់សមត្ថភាព។ ខ្ញុំសង្ឃឹមថាបានជាសះស្បើយ មុន៦ខែ។»។
 
អ្វីដែលជាក្ដីបារម្ភរបស់ ចានវត្តី ទៀតនោះ គឺការធ្លាក់ចំណូលសម្រាប់គ្រួសារ។ ក្ដីស្រឡាញ់វិស័យប្រដាល់គុនខ្មែរជាផ្នែកមួយ រីឯចំណូល ក៏កីឡាការិនីរូបនេះ តែងតែសន្សំទុកសម្រាប់ថ្ងៃអនាគតរបស់ខ្លួនដែរ។ «ពេលយើងសម្រាកយូរខែបែបនេះ យើងមិនមែនខ្លាចតែសមត្ថភាពធ្លាក់ចុះតែម្យ៉ាងទេ ប៉ុន្ដែខ្ញុំក៏ខ្លាចរឿងចំណូលដែរ។ នៅពេលវាយ យើងបានចំណូលខ្លះ សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ពេលឈឺ ឬពេលមានបញ្ហាផ្សេងៗ ដែលយើងមើលមិនឃើញ។»។ កូនទន្សាយតូច បានប្រាប់បែបនេះ។
 
គួររំឭកថា កីឡាការិនី ទូច ចាន់វត្តី ប្រកួតជាមួយ Lin Jiahui លើប្រភេទទម្ងន់៥១គីឡូក្រាម ហើយបានបោះបង់​ការប្រកួតដោយសារបាក់ដៃ នៅទឹកទី៣។ បច្ចុប្បន្ន កីឡាការិនីរូបនេះ វាយបាន២១លើក ក្នុងនោះឈ្នះ១៩ដង និងចាញ់២ដង៕
 

Tag:
 (ទូច ចាន់វត្តី
  ប្រដាល់គុនខ្មែរ)
© រក្សាសិទ្ធិដោយ thmeythmey.com