ជាតិ
សេដ្ឋកិច្ច
កម្ពុជាទាក់ទាញគម្រោងវិនិយោគថ្មីបាន១៤៧ អាចបង្កើតការងារបាន១៤ម៉ឺនកន្លែង
19, May 2024 , 4:40 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
កម្ពុជាទាក់ទាញគម្រោងវិនិយោគថ្មីបានចំនួន១៤៧ ក្នុងទំហំទុនប្រមាណ ២ ៧០០លានដុល្លារ។ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងទាំងនេះ គឺគិតចាប់ពីខែមករា ឆ្នាំ២០២៤មក ដែលអាចបង្កើតការងារជូនពលរដ្ឋបាន១៤ម៉ឺនកន្លែង។​

សម្តេច​នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានចាត់ទុក ​ការទូតសេដ្ឋកិច្ច ជាអទិភាពធំនៃកិច្ចការក្រៅបរទេសរបស់រដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រាល់សកម្មភាពការងារនៅក្រៅប្រទេស ប្រមុខរដ្ឋាភិបាលតែងតែបញ្ចុះបញ្ចូលអ្នកវិនិយោគបរទេសមកធ្វើអាជីវកម្មនៅកម្ពុជា។ 
 
ជាលទ្ធភាព ចាប់ពីខែមករា​ដល់ថ្ងៃទី១៨ឧសភា កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីចំនួន១៤៧គម្រោងដែល​មានទំហំទឹកប្រាក់ ២ ៧០០​លាន​ដុល្លារ ដោយ​បង្កើត​ការងារ​បាន១៤ម៉ឺន​កន្លែង។ សម្តេច ហ៊ុន ម៉ាណែត​បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៨ឧសភា ដែលសង្ឃឹមថា ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅទឹកដីកូរ៉េពីថ្ងៃទី១៥-១៨ឧសភា នឹងនាំគម្រោងវិនិយោគបន្ថែមនៅកម្ពុជា។
 
រយៈពេល៤ថ្ងៃនៃដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ដោយក្រុមហ៊ុនទាំងនោះបានបង្ហាញបំណងវិនិយោគលើទឹកដីកម្ពុជា ក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងសង្ហារឹម...ជាដើម៕ 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com