ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
ភាពយន្តឯកសារ “Elvis Of Cambodia” ធ្វើឱ្យទស្សនិកជនស្រណោះអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត
29, Jun 2024 , 11:56 am        
រូបភាព
ភ្នំពេញ៖ ភាពយន្តឯកសាររឿង Elvis of Cambodia បានចាក់បញ្ចាំងជាលើកដំបូង នៅប្រទេសកម្ពុជា ក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានភ្ញៀវជាតិ និងអន្តរជាតិទស្សនា យ៉ាងច្រើនកុះករ។ ភាពយន្តនេះ បានឆក់ចិត្តទស្សនិកជន ឱ្យស្រណោះរាល់ទេពកោសល្យ ស្នាដៃ និងសំឡេងរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។


 
ក្នុងសាលមហោស្រពចតុមុខ នាថ្ងៃបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ លោក Chris G. Parkhurst អ្នកដឹកនាំរឿង Elvis of Cambodia បាននិយាយនៅលើវេទិកាថា ក្ដីស្រមៃដែលលោកចង់ឱ្យភាពយន្ត Elvis of Cambodia ចាក់បញ្ចាំងក្នុងសាលមហោស្រពចតុមុខ ពេលនេះបានសម្រេចហើយ។
 
ភាពយន្តឯកសារនេះ ព្យាយាមបង្ហាញ រឿងរ៉ាវពាក់ព័ន្ធនឹងអធិរាជសំឡេង ស៊ីន ស៊ីសាមុត សឹងគ្រប់ជ្រុង ពិសេសសម្ភាសសាក្សីរស់ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយលោក គ្រួសារលោក អ្នកស្រាវជ្រាវពីលោក អ្នកស្ដាប់ចម្រៀងរបស់លោក រួមទាំងទិដ្ឋភាពទូទៅផ្សេងទៀត។

ទិដ្ឋភាពថ្ងៃបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣
 
ជានាដការបាំបុរាណអ្នកស្រី សូភីលីន ជាមសាភារ៉ូ បានទស្សនាភាពយន្តនេះ យ៉ាងយកចិត្តទុកដាក់រហូតដល់ចប់។ អ្នកស្រីថាភាពយន្តរឿង “Elvis Of Cambodia” មានអត្ថន័យទូលំទូលាយ ធ្វើឱ្យអ្នកស្រីនឹកស្រណោះដល់អតីតកាល។ តាំងពីដឹងក្ដីកាលណា នាដការបាំរូបនេះតែងស្ដាប់ និងរៀនច្រៀងចម្រៀង របស់អធិរាជសំឡេងទាំង២រូប គឺលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា។
 
អ្នកស្រីតែងគិតស្រមៃថា កាលនោះប្រសិនលោកស៊ីន ស៊ីសាមុត អាចរត់គេចខ្លួនបាន ហើយអាចឆ្លងផុតសម័យខ្មៅងងឹតនោះ ម្លេះ៉សមលោកនឹងអាចរស់មកដល់បច្ចុប្បន្ននេះ ហើយអាចបង្កើតស្នាដៃបានយ៉ាងច្រើនថែមទៀត។ 
 
អ្នកស្រីបញ្ជាក់«ខ្ញុំកាលពីក្មេង ធំឡើងភ្លាម ដឹងក្ដីភ្លាម ស្លាប់ឮបទគាត់ រៀនច្រៀងបទគាត់ ហើយចេះច្រៀងបទគាត់។បទលោកយាយ រស់ សេរីសុទ្ធាផងដែរ។ ទាំងពីរនាក់ហ្នឹង បើថានិយាយមួយ មិនអាចថាអត់មួយទៀតបានទេតាមពិត។ ការបាត់បង់លោកតា ស៊ីន ស៊ីសាមុត ទាំងវ័យក្មេង ប្រសិនមកដល់ឥឡូវ លោកមានឱកាសសរសេរបទភ្លេងច្រើនជាងហ្នឹង ហើយបម្រើទឹកដីនេះ និងប្រជាជននេះ ច្រើនជាងហ្នឹងទៀត។ ប៉ុន្តែនេះដោយសារតែការយល់ខុស យើងកម្ទេចមនុស្សកំទេចទេពកោសល្យ»។

ជានាដការបាំបុរាណអ្នកស្រី សូភីលីន ជាមសាភារ៉ូ
 
តែងចាក់បទចម្រៀងរបស់ អធិរាជសំឡេងស្ដាប់នៅផ្ទះ នាដការបាំដែលមានទឹកមុខរមទមរូបនេះ ស្រណោះអាឡោះអាល័យ ជីវិតវ័យក្មេងរស់ជុំគ្រួសារ ដ៏មានសុភមង្គលនិងកក់ក្ដៅ ហើយស្ដាប់ចម្រៀងលោក ស៊ីន ស៊ីសាមុត ជាមួយម្ដាយឪពុកនិងបងប្អូន។ 
 
«ឪពុកខ្ញុំស្លាប់នៅសម័យប៉ុលពត អ៊ីចឹងម្ដាយខ្ញុំត្រូវរស់ដោយគ្មានឪពុកខ្ញុំ ជាង៤០ឆ្នាំ។ ដូច្នេះឱ្យតែឮបទរបស់លោកតា ស៊ីន ស៊ីសាមុត ឬក៏លោកយាយ រស់ សេរីសុទ្ធា ហើយនឹងបទពីដើមៗ ខ្ញុំនឹកឃើញអនុស្សាវរីយ៍ និងជីវិតដែលមានសុភមង្គលរបស់ម្ដាយខ្ញុំនិងប៉ាខ្ញុំ។ ហើយនឹងអនាគតរបស់បងប្រុសខ្ញុំ។ នៅសម័យឆ្នាំ៧៥ បងប្រុសខ្ញុំគាត់ជិតប្រឡងបាក់ឌុបហើយ ហើយគាត់ស្លាប់នៅសម័យប៉ុលពត អ៊ីចឹងបទចម្រៀងទាំងអស់ហ្នឹង គឺអាឡោះអាល័យអ្វីដែលយើងមានពីមុន ហើយអ្វីដែលយើងបាត់បង់ទៅ»។
 
អ្នកស្រី រស់ សាបឿន ដែលត្រូវជាបងស្រីរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា បានបង្ហាញអារម្មណ៍ក្ដុកក្ដួល ក្រោយបានទស្សនាខ្សែភាពយន្តឯកសារ Elvis of Cambodia រួច។ រៀបរាប់បណ្ដើរ ទឹកភ្នែកស្រក់ចុះបណ្ដើរ ភាពយន្តនេះ ធ្វើឱ្យអ្នកស្រីនឹករលឹកប្អូន។
 
អ្នកស្រីបន្ថែម៖«ខ្ញុំបានមើលហើយក្ដុកក្ដួលក្នុងខ្លួន ព្រោះប្អូនខ្ញុំទាំងអស់ត្រូវបានគេយកទៅសម្លាប់ចោល។ គាត់លើករឿងនេះឡើងមក ដូចជាលើកពីប្អូនខ្ញុំដែរ។ បើគ្មានសង្គ្រាមទេ ប្រទេសយើងនឹងមានការរីកចម្រើនច្រើន»។ 

អ្នកស្រី រស់ សាបឿន ដែលត្រូវជាបងស្រីរបស់រាជិនីសំឡេងមាស រស់ សេរីសុទ្ធា
 
ចំណែកកញ្ញា ហម សុវណ្ណពិដោរ អ្នកផលិតមាតិកា ដែលបានចូលរួមកម្មវិធី បើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហើយបានទស្សនារឿង Elvis of Cambodia រហូតដល់ចប់ ថាវីដេអូឯកសារនេះពិតជាល្អ ដោយសារមានការសម្ភាសតួអង្គជាច្រើន ដែលជាប់ពាក់ព័ន្ធជាមួយអធិរាជសំឡេង ស៊ីន ស៊ីសាមុត។ ឈុតដែលកញ្ញាចាប់អាម្មណ៍ខ្លាំងក្នុងភាពយន្តនេះ គឺនៅពេលដែលភរិយាលោកស៊ីន ស៊ីសាមុត នាំចៅស្រី ទៅផ្ទះដែលលោកទាំងពីររៀបអាពាហ៍ពិពាហ៍។
 
«ខ្ញុំយល់ឃើញថា វីដេអូឯកសារហ្នឹងល្អមែនទែន ដោយសារតែគេបានសម្ភាស ទាំងអ្នកដែលធ្លាប់ស្ដាប់ចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត ក្រុមគ្រួសារគាត់ ក៏ដូចជាអ្នកគាំទ្រគាត់ គឺមានគ្រប់ជ្រុង ដែលធ្វើឱ្យយើងបានដឹងពីប្រវត្តិគាត់ (លោក ស៊ីន ស៊ីសាមុត) បានកាន់តែច្រើន។ ខ្ញុំចាប់អារម្មណ៍វគ្គដែលចៅគាត់ ទៅជួបជាមួយនឹងប្រពន្ធរបស់លោកតា ស៊ីន ស៊ីសាមុត។ គាត់មានការសន្ទនាជាមួយគ្នា ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ការសន្ទនាបែបហ្នឹងកក់ក្ដៅ»។ នេះជាការបន្ថែមរបស់កញ្ញា។

កញ្ញា ហម សុវណ្ណពិដោរ អ្នកផលិតមាតិកា
 
ចំណែកកញ្ញា ភឿង ស្រីកាត គឺជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បានទស្សនាភាពយន្តខាងលើដែរ។ ភាពយន្តនេះធ្វើឱ្យនាង អាចស្រមើស្រមៃឃើញទិដ្ឋភាព និងស្ថានភាពរស់នៅ របស់លោក ស៊ីន ស៊ីសាមុត ការងាររបស់លោក និងឥរិយាបទផ្សេងៗ ដែលលោកប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅ។
 
«ភាពយន្តហ្នឹង បានឆ្លុះបញ្ចាំងពីជីវិតផ្ទាល់ខ្លួនរបស់គាត់ (លោក ស៊ីន ស៊ីសាមុត) ក៏ដូចជាស្នាដៃរបស់គាត់។ វាហាក់ដូចជា ខ្ញុំកំពុងស្ថិតនៅក្នុងទិដ្ឋភាពនោះដែរ។ ប្រសិនប្រទេសយើងមិនមានសង្គ្រាមទេ ប្រហែលយើងមិនបាត់បង់ ធនធានមនុស្សជាច្រើនដែរ ដូចជាអ្នកចម្រៀង សិល្បករ និងអ្នកមានចំណេះដឹងជាច្រើនទៀត។ ប្រហែលជាប្រទេសយើង មិនថាវិស័យភាពយន្ត ឬសិល្បៈផ្សេងៗ គឺប្រាកដជាលូតលាស់ខ្លាំង»។ 

កញ្ញា ភឿង ស្រីកាត គឺជានិស្សិតឆ្នាំទី៤ នៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
 
លោក កែវ ស៊ីណន ជាអ្នកថែរក្សាឯកសារ ក៏ដូចជាឧបករណ៍សិល្បៈ កាលពីសម័យសង្គមរាស្ត្រនិយម បានប្រាប់សារព័ត៌មានថ្មីៗថា លោកបានទិញឧបករណ៍ ចាក់បទភ្លេងនិងច្រៀង ក្នុងបំណងស្ដាប់បទច្រៀងរបស់លោក ស៊ីន ស៊ីសាមុត ដើម្បីរៀនតាមរៀមច្បង។
 
ដោយសារក្ដីស្រឡាញ់អស់ពីបេះដូង អតីតតន្ត្រីករនាឆ្នាំ១៩៦៤ ដែលបច្ចុប្បន្នមានជន្មាយុ៨០ឆ្នាំទៅហើយនេះ ហ៊ានប្រថុយជីវិត លួចលាក់រក្សាទុក ឧបករណ៍ចាក់ចម្រៀង និងឯកសារចម្រៀងមួយចំនួនទៀត ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីគេចចេញពីការតាមដានយ៉ាងស្អិតរបស់ឈ្លប។
 
លោក ស៊ីណន អះអាង៖«ដោយសារស្រឡាញ់ គឺស្រឡាញ់អស់ពីបេះដូង ទើបខ្ញុំរក្សាទុករបស់នេះ ហ៊ានដូរជីវិត។ គេហៅប្រជុំ២ដង តែខ្ញុំថាផ្ទះខ្ញុំឆេះហើយ អ៊ីវ៉ាន់ក៏ឆេះអស់ហើយ។ គេក៏តាមទៅមើលផ្ទះឆេះ ទើបគេជឿ។ ប៉ុន្តែខ្ញុំបានយកចេញទៅផ្ញើនៅនឹងកុដិលោករួចហើយ។ ខ្ញុំផ្ញើថាសក្នុងកុដិលោកគ្រូសូត្រស្ដាំ ៦០០ទៅ៧០០សន្លឹកឯណោះ។ យន្តហោះផ្លោងគ្រាប់ មិនត្រូវកុដិហ្នឹងទេ ខ្ញុំក៏ទៅរកយកមកវិញ។ ប៉ុន្តែទូដាក់ថាសហ្នឹងគេពុះ ហើយខ្ញុំទៅសុំប្រមូលយកមកវិញ ហើយឱ្យប្រាក់គេទៅ។ ប៉ុន្តែមិនបាន៧០០សន្លឹកទេ បានតែ៤០១សន្លឹកមកវិញទេ»។ 

លោក កែវ ស៊ីណន ជាអ្នកថែរក្សាឯកសារ ក៏ដូចជាឧបករណ៍សិល្បៈ កាលពីសម័យសង្គមរាស្ត្រនិយម
 
លោក Chris G. Parkhurst អ្នកដឹកនាំរឿង Elvis of Cambodia។ បានចូលមកដល់ប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៤ Chris បានផលិតភាពយន្តឯកសារ ពីកម្ពុជាមួយចំនួនហើយ។ ផ្ដល់សម្ភាសក្រោយកម្មវិធីចាក់បញ្ចាំងភាពយន្តរបស់ខ្លួន បុរសដ៏រួសរាយរូបនេះ ថាដោយសារក្ដីស្រឡាញ់ប្រទេស និងប្រជាជនកម្ពុជា ទើបលោកសម្រេចចិត្ត ផលិតភាពយន្តឯកសារ Elvis of Cambodia។
 
លោកពន្យល់៖«ពេលខ្ញុំបានមកដល់ប្រទេសកម្ពុជា ខ្ញុំបានលង់ស្រលាញ់ប្រទេសកម្ពុជា ខ្ញុំបានលង់ស្រលាញ់ប្រជាជនកម្ពុជា ហើយខ្ញុំបានលង់ស្រលាញ់ការផលិតភាពយន្តឯកសារ។ ខ្ញុំបានធ្វើដំណើរមកប្រទេសកម្ពុជាចុះឡើងជាច្រើនដង ដើម្បីផលិតភាពយន្តឯកសារនៅកម្ពុជា។ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំចង់ធ្វើអ្វីមួយ ដើម្បីផ្ដល់ឱ្យកម្ពុជាវិញ ដូចដែលកម្ពុជាបានផ្ដល់មកឱ្យខ្ញុំកន្លងមក។ ដូច្នេះការផលិតភាពយន្តអំពីកម្ពុជា ជាវិធីដ៏ល្អបំផុត ដែលខ្ញុំអាចសម្រេចក្ដីបំណងនេះបាន។ ហើយខ្ញុំគិតក្នុងចិត្តថា តើមានភាពយន្តណា ដែលល្អជាងភាពយន្ដឯកសារអំពី ស៊ីន ស៊ីសាមុត តារាចម្រៀងម្នាក់ដែលត្រូវបានប្រជាជនខ្មែរគ្រប់រូបស្រលាញ់ទេ? នេះជាអ្វីដែលខ្ញុំផ្ដល់ឱ្យកម្ពុជាវិញ»។ 

លោក Chris G. Parkhurst អ្នកដឹកនាំរឿង Elvis of Cambodia
 
ទោះជាយ៉ាងណា ការផលិតភាពយន្តឯកសារ ដែលចំណាយពេលរហូតដល់១០ឆ្នាំនេះ មិនងាយស្រួលសម្រាប់ជនបរទេសរូបនេះឡើយ។ លោកបានចំណាយពេលជាច្រើន ដើម្បីស្រាវជ្រាវក៏ដូចជាទៅសម្ភាស មនុស្សជាច្រើន ដែលធ្លាប់បានស្គាល់លោក ស៊ីន ស៊ីសាមុត អ្នកចូលចិត្តស្ដាប់ចម្រៀងអធិរាជសំឡេង និងអ្នកស្រាវជ្រាវពីប្រវត្តិលោកស៊ីន ស៊ីសាមុត ជាដើម។ បុរសសម្បុរសរូបនេះ ថាការផលិតភាពយន្តឯកសារ ពីអធិរាជសំឡេង ស៊ីន ស៊ីសាមុត គឺមានសារសំខាន់សម្រាប់ជីវិតរបស់លោក។
 
«ខ្ញុំដឹងថា ការផលិតនឹងមានបញ្ហាប្រឈមច្រើន ព្រោះខ្ញុំគ្រាន់តែជាជនជាតិបារាំងម្នាក់។ ហេតុអ្វីជនជាតិបារាំងម្នាក់នេះ ផលិតភាពយន្តពី លោក ស៊ីន ស៊ីសាមុត? ទោះបីជាយ៉ាងណាក្ដី ខ្ញុំចង់សាកធ្វើរឿងនេះ ដើម្បីផ្ដល់អ្វីមួយទៅឱ្យកម្ពុជាវិញ ដោយសារតែវាសំខាន់ក្នុងជីវិតរបស់ខ្ញុំណាស់។ ខ្ញុំចង់មានន័យថា ដូចជាអ្នកអ៊ីចឹង ស្នាមញញឹមរបស់អ្នក នេះជាហេតុផលដែលជាតិសាសន៍ដទៃមកកម្ពុជា ឬទៅកន្លែងណាមួយនៃប្រទេសកម្ពុជា។ យើងតែងឃើញស្នាមញញឹម របស់ប្រជាជនកម្ពុជា ហើយពួកគេរួសរាយរាក់ទាក់ ដែលធ្វើឱ្យពួកយើងសប្បាយចិត្ត។ ដូច្នេះការផលិតភាពយន្តនេះ គឺជាវិធីមួយដែលអាចផ្ដល់ឱ្យកម្ពុជាវិញ»។ នេះជាការបញ្ជាក់បន្ថែម របស់លោក Chris G. Parkhurst។
 
ផលិតកររូបនេះ ថាប្រជាជនកម្ពុជា គួរតែទៅទស្សនាភាពយន្ត Elvis of Cambodia ដោយសារតែវាជាភាពយន្តដែលនិយាយពី បុគ្គលដ៏ល្បីក្បាញក្នុងប្រទេសកម្ពុជា ដែលទទួលបានក្ដីស្រឡាញ់ពីប្រជាជនកម្ពុជាជាទូទៅ។ លោកបន្ថែមថា ភាពយន្តនេះ មិនត្រឹមតែនិយាយពី អធិរាជ ស៊ីន ស៊ីសាមុតឡើយ ប៉ុន្តែក៏បាននិយាយពីគ្រួសាររបស់លោក និយាយពីឥទ្ធិពលតន្ត្រី និងក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅលើតន្ត្រី របស់ប្រជាជនខ្មែរផងដែរ។ 

ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត និងលោក Chris G. Parkhurst រួមទាំងអ្នកគាំទ្រ
 
លោក ពន្យល់៖«ពិតមែនហើយ ប្រជាជនកម្ពុជាគួរតែទស្សនាភាពយន្តឯកសារមួយនេះ ព្រោះភាពយន្តនេះនិយាយពី លោកតា ស៊ីន ស៊ីសាមុត។ ហើយសាច់រឿងនេះបង្ហាញពីកេរដំណែលរបស់ លោកតា ស៊ីន ស៊ីសាមុត និងគ្រួសារត្រកូល ស៊ីន តន្ត្រី និងប្រជាជនដែលស្រឡាញ់គាំទ្រ លោក ស៊ីន ស៊ីសាមុត។ ដូច្នេះខ្ញុំប្រាកដថា បើពួកគេទៅមើលភាពយន្តនេះ ពួកគេនឹងទទួលអារម្មណ៍សប្បាយចិត្តខ្លាំងជាមួយទិដ្ឋភាពដែលពួកគេឃើញ»។ 
 
បទចម្រៀងរបស់លោក ស៊ីន ស៊ីសាមុត មួយបទដែលធ្វើឱ្យអ្នកស្រី សូភីលីន យល់ថាមានអត្ថន័យ ទាំងលើក្ដីស្នេហ៍រវាងបុរសនិងស្ត្រី រួមទាំងក្ដីស្នេហាចំពោះជាតិ មាតុភូមិផងនោះគឺបទ “នឹកឃើញទាំងអស់”។ អ្នកស្រីតែងច្រៀងបទនេះ ជូនម្ដាយស្ដាប់ ដើម្បីរំលឹកដល់ក្ដីស្នេហ៍ដ៏ស្មោះស្ម័គ្ររបស់ ម្ដាយនិងឪពុករបស់អ្នកស្រី។ 
 
អ្នកស្រី សូភីលីន បញ្ជាក់៖«បទនឹកឃើញទាំងអស់ កាលហ្នឹងម៉ាក់ខ្ញុំគាត់នៅកាលីហ្វញ៉ា នៅជាមួយប្អូនស្រីខ្ញុំ ហើយកាលហ្នឹងជំនាន់កូវីដ ២០២០-២០២១អីហ្នឹង ពេលខ្ញុំជួបគាត់ខ្ញុំច្រៀងបទហ្នឹងជូនគាត់ ពិសេសពេលចុងក្រោយ ពេលគាត់ជិតខូច(ទទួលមរណភាព)។ ព្រោះអីខ្ញុំគិតថាបទហ្នឹង ហាក់ដូចជាគាត់បាននិយាយអ្វី ជាមួយប៉ាខ្ញុំ។ ហ្នឹងបើនិយាយពីស្នេហារបស់ប៉ាម៉ាក់ខ្ញុំ។ ប៉ុន្តែបទហ្នឹងក៏រំលឹកខ្ញុំ ថាបទហ្នឹងក៏និយាយពីស្នេហារវាងទឹកដី ស្នេហារវាងជាតិ ស្នេហារវាងប្រជាជន ក៏អាចថាបានដែរ។ ដូច្នេះខ្ញុំច្រៀងបទនេះ ជូនគាត់ស្តាប់តាម messenger»។
 

អធិបតីចូលរួមក្នុងថ្ងៃបើមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ នៅសាលមហោស្រពចតុមុខ
 
អ្នកស្រីថា ដ្បិតភាពយន្តឯកសាររឿង “Elvis of Cambodia” លើកយកតែសិល្បករឆ្នើមនៃកម្ពុជាមួយរូបមកនិយាយក៏ពិតមែន ប៉ុន្តែអ្នកស្រីសង្ឃឹមថា ឱកាសក្រោយៗទៀត នឹងមានអ្នកលើកយកសិល្បករជំនាន់មុន ដែលមានស្នាដៃផ្សេងៗទៀតមកបង្ហាញដែរ។
 
លោក Chris G. Parkhurst នៅតែមានបំណង ផលិតភាពយន្តឯកសារ ពីសិល្បករកម្ពុជា។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានឡើង ថាសិល្បកររូបណា ដែលនឹងក្លាយជាតួអង្គក្នុងភាពយន្តរបស់លោកបន្ទាប់។ 
 
លោក បន្ថែម៖«ខ្ញុំប្រាកដថា ខ្ញុំនឹងផលិតភាពយន្តបន្ថែមទៀត ពីប្រទេសកម្ពុជា តែខ្ញុំមិនទាន់ដឹងទេថា ខ្ញុំនឹងធ្វើពីអ្នកណា។ ប៉ុន្តែខ្ញុំនឹងផលិតភាពយន្តផ្សេងទៀតពីអ្នកសិល្បៈដទៃដែរ។ ខ្ញុំក៏ជាអ្នកសិល្បៈមួយរូបដែរ ហើយខ្ញុំក៏ព្យាយាមបង្ហាញពីការងាររបស់អ្នកសិល្បៈដែរ»។
 
សូមបញ្ជាក់ថា សាធារណជន នៅតែអាចទស្សនាភាពយន្តឯកសាររឿង Elvis of Cambodia បានក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ដោយគ្រាន់តែចូលទៅមើលកាលវិភាគ ដែលមហោស្រពបានបង្ហាញ។ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៣ នឹងបង្ហាញខ្សែភាពយន្តចំនួន១៥៣រឿង មកពី៤១ប្រទេស ដោយក្នុងនោះមានភាពយន្តខ្មែរ ៤៨រឿង ទាំងភាពយន្តខ្នាតខ្លី ខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល។ 
 
សំបុត្រចូលរួមទស្សនា គឺមិនគិតថ្លៃឡើយ។ សំបុត្រនឹងចាប់ផ្ដើមចែក ១ម៉ោងមុនការចាក់បញ្ចាំងភាពយន្ត នៅតាមបញ្ជរនានា របស់មហោស្រព។ មហោស្រពភាពយន្តអន្តរជាតិ នឹងចាក់បញ្ចាំងភាពយន្តដោយមិនគិតថ្លៃ រហូតដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤៕

ភរិយាអធិរាជ ស៊ីន ស៊ីសាមុត អង្គុយលើរទេះរុញ
 
 

Tag:
 បទយកការណ៍
  ភាពយន្ត
  ភាពយន្តឯកសារ
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com