ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន ម៉ាណែត ប្រាប់យុវជនកំពង់ស្ពឺ ឱ្យលើកមុខមាត់ខេត្ត តាមរយៈការសិក្សា កុំពូកែខាងកាប់ដាវ
30, May 2024 , 10:50 am        
រូបភាព
បច្ចុប្បន្នខេត្តកំពង់ស្ពឺ ជាទីតាំងភូមិសាស្រ្តដ៏សំខាន់ និងមានសក្ដានុពលមួយ បើធៀបទៅរយៈពេល២០ ឬ៣០ឆ្នាំមុន។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ។



«ខេត្តកំពង់ស្ពឺ កំពុងត្រូវប៉ាន់»។ ប្រមុខរដ្ឋាភិបាល បានអះអាងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ឧសភានេះ។
 
ហេតុអ្វីបានជាខេត្តកំពង់ស្ពឺ ក្លាយជាទីតាំងភូមិសាស្រ្តសក្ដានុពល? នោះក៏ព្រោះតែតំបន់នានា ជុំវិញខេត្តកំពង់ស្ពឺ មានការអភិវឌ្ឍ និងរីកចម្រើនខ្លាំង ដែលជាកត្តាជំរុញឱ្យតំបន់អតីតភូមិសាស្រ្តសង្គ្រាម និងកងទ័ពខ្មែរក្រហមក្រាញអំណាចនេះ ក្លាយទៅជាតំបន់ដែលមានសក្ដានុពលដូចគ្នា។
 
ត្រង់ចំណុចនេះ សម្ដេច ហ៊ុន ម៉ាណែត បកស្រាយបន្ថែមថា ភ្នំពេញ និងខេត្តព្រះសីហនុ មានការអភិវឌ្ឍ និងរីកមុខមាត់ធំហើយ ដូច្នេះខេត្តកំពង់ស្ពឺ ដែលជាទីភូមិសាស្ត្រស្ថិតនៅចន្លោះតំបន់ទាំងពីរនេះ ក៏នឹងរីកចម្រើនដែរ ទាំងផ្នែកកសិកម្ម និងឧស្សាហកម្ម។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាល ក៏គ្រោងធ្វើផ្លូវតភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅកំពង់ផែខេត្តកោះកុងទៀតផង។ កត្តានេះ វានឹងជំរុញឱ្យខេត្តកំពង់ស្ពឺ ក្លាយជាតំបន់សេដ្ឋកិច្ចដ៏មានសក្ដានុពល។ នេះបើតាមសម្ដេច ហ៊ុន ម៉ាណែត។
 
«បន្តិចទៀតខេត្តកំពង់ស្ពឺ កាន់តែខ្លាំងហើយ! ខ្លាំងខាងសក្ដានុពល តែបើអត់ធនធានមនុស្ស ខេត្តកំពង់ស្ពឺខ្លាំងទេ ក៏ចាប់យកឱកាសអត់បានទេ»។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្រ្តី ដែលជំរុញឱ្យយុវជនខេត្តកំពង់ស្ពឺ ប្រឹងប្រែងលើកមុខមាត់ខេត្តខ្លួន តាមរយៈការសិក្សា។
 
សម្ដេច ក៏បានជំរុញឱ្យយុវជនខេត្តកំពង់ស្ពឺ ប្រឹងប្រកួតប្រជែងធ្វើកិច្ចការងារសង្គមឱ្យកាន់តែខ្លាំងក្លា ល្អជាងការប្រកួតប្រជែងខាងកាប់ចាក់។ «យើងម្នាក់ៗ សុទ្ធតែជាតួអង្គសំខាន់ហើយ ដើម្បីឱ្យគេល្បីថា យុវជនកំពង់ស្ពឺខ្លាំង ខាងការងារសង្គម, រៀនខ្លាំង ប្រឡងបាននិទ្ទេស A តែកុំខ្លាំងខាងកាប់ដាវ កុំខ្លាំងខាងបង្ហោះម៉ូតូ»។ សម្ដេច ហ៊ុន ម៉ាណែត បានបន្ថែម៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com