RFI
អន្តរជាតិ
សមុទ្ទចិនខាងត្បូង ៖ ចិនបង្កើនសម្ពាធកាន់តែខ្លាំងលើហ្វីលីពីន ![សមុទ្ទចិនខាងត្បូង៖ តើចិនកំពុងប្រើយុទ្ធសាស្ត្រអ្វីដាក់ហ្វីលីពីន? AP](https://image.thmeythmey.com/pictures/2024/06/20/download.jpg)
សមុទ្ទចិនខាងត្បូង៖ តើចិនកំពុងប្រើយុទ្ធសាស្ត្រអ្វីដាក់ហ្វីលីពីន? AP
×![]()
ដោយ៖អៀង សុខម៉ិញ/RFI ខេមរភាសា
ចិនមិនដែលបិទបាំងមហិច្ឆតាចង់គ្រប់គ្រងតំបន់សមុទ្ទចិនខាងត្បូងទាំងស្រុង តែម្នាក់ឯងទេ។ ហើយចិនតតាំងនឹងហ្វីលីពីន កាន់តែខ្លាំងឡើងៗ តាមគ្រប់វិធីក្នុងបំណងតែមួយគឺដាក់សម្ពាធរុញហ្វីលីពីនឱ្យចេញផុតពីតំបន់ជាប់ជម្លោះនៅថ្ងៃអនាគត។ នេះបើតាមអ្នកវិភាគ។ ការប៉ះទង្គិចរវាងឆ្មាំសមុទ្ទចិននិងហ្វីលីពីន មានកាន់តែច្រើន។ យោធាហ្វីលីពីន បានអះអាងនៅថ្ងៃពុធនេះថាឆ្មាំសមុទ្ទចិនបានចូលទៅរឹបអូសយកអាវុធពីក្នុងនាវាហ្វីលីពីន ពេលបុកទូកគ្នារហូតបណ្តាលហ្វីលីពីនម្នាក់រងរបួស។
នៅក្នុងសេចក្តីថ្លែងការណ៍ នាថ្ងៃពុធទី១៩មិថុនានេះ មេបញ្ជាការយោធាហ្វីលីពីន បានអះអាងថាបុគ្គលិកជាឆ្មាំសមុទ្ទចិនបាននាំគ្នាចុះទៅក្នុងទូកពោងរបស់ហ្វីលីពីន ដោយខុសច្បាប់ហើយប្រមូលយកអាវុធប៉ុន្មានដើម ដែលនាវិកហ្វីលីពីនបានទទួលបញ្ជាមិនឱ្យប្រើ នៅពេលប្រឈមនឹងយោធាចិនទេ។ នៅចំពោះមុខអ្នកសារព័ត៌មាន ប្រមុខយោធាហ្វីលីពីនដដែលបានប្រកាសថា នេះជាលើកទីមួយហើយដែលគេឃើញឆ្មាំសមុទ្ទចិនកាន់ដាវ លំពែង កាំបិត សម្រុកចូលមកវាយប្រហារលើកងកម្លាំងហ្វីលីពីនដៃទទេ។ ហេតុការណ៍បានកើតឡើងនៅថ្ងៃចន្ទទី១៧មិថុនា ហើយពេលនាវាឆ្មាំសមុទ្ទចិនមកកៀរទូកហ្វីលីពីននៅក្បែរប្រជុំកូនកោះថ្មប៉ប្រះទឹក Second Thomas Shoal នាវិកហ្វីលីពីនម្នាក់បានរបួសដាច់ម្រាមមេដៃមួយផង។
ឧប្បត្តិហេតុនៅក្នុងសមុទ្ទចិនខាងត្បូង ជាពិសេសនៅតំបន់ជិតប្រជុំកូនកោះថ្មប៉ប្រះទឹកសឺខិនថូម៉ាស ឬរ៉ែនអៃ ហៅតាមចិន មានកាន់ញាប់ ព្រោះឆ្មាំសមុទ្ទហ្វីលីពីនតែងធ្វើដំណើរចុះឡើងជញ្ជូនស្បៀងនិងប្តូរគ្នាប្រចាំការនៅទីនោះ ដែលមាននាវាយោធាហ្វីលីពីនBRP Sierra Mardeមួយគ្រឿងជាប់គឿងដោយចេតនាតាំងពីឆ្នាំ១៩៩៩មក ដើម្បីសម្គាល់ថាជាដែនទឹករបស់ហ្វីលីពីន។
កូនកោះថ្មប៉ប្រះទឹកសឺខិនថូម៉ានេះ ស្ថិតក្នុងតំបន់ប្រជុំកោះស្ព្រាតលី ក្នុងចម្ងាយប្រមាណ២០០គីឡូម៉ែត្រពីឆ្នេរប៉ាឡាវ៉ានហ្វីលីពីន និងដល់ទៅជាង១ពាន់គីឡូម៉ែត្រពីឆ្នេរខាងត្បូងបំផុតរបស់ចិន។ ប៉ុន្តែប៉េកាំង ប៉ងដណ្តើមគ្រប់គ្រងប្រជុំកូនកោះថ្មប៉ប្រះទឹកនេះ និងរង់ចាំឱ្យតែនាវាយោធានោះលិចបាត់ ឬលែងអាចស្នាក់នៅបាន នឹងចាប់បង្ខំឱ្យម៉ានីលដកទ័ពចេញ។ នេះបើតាមការវិភាគរបស់អ្នកស្រី អេឡេណា ឡឺហ្ការដា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានMercatorក្រុងប៊ែរឡាំង ដោយពន្យល់បន្ថែមថា បើចិនយកបានកូនកោះសឺខិនថូម៉ា នោះចិននឹងវាតទីបានកាន់តែធំ ហើយអាចពង្រឹកវត្តមានកាន់ខ្លាំងនៅតំបន់ដែលមានលក្ខណៈយុទ្ធសាស្ត្រខ្លាំង ព្រោះជាច្រកផ្លូវដឹកជញ្ជូនទំនិញតាមសមុទ្ទផង សម្បូរធនធានធម្មជាតិក្រោមដី ប្រេងកាតនិងឧស្ម័នផង។
សម្រាប់អ្នកវិភាគ នយោបាយសន្តិសុខសមុទ្ទនៅវៀតណាមវិញ ដើម្បីអាចឈានទៅកាន់កាប់កូនកោះសឺខិនថូម៉ាឬរ៉េនអៃ ចិនប្រើយុទ្ធសាស្ត្រកាត់ចិញ្ចាំ ពោលគឺពង្រឹងវត្តមានយោធា ឆ្មាំសមុទ្ទ និងកម្លាំងអ្នកនេសាទប្រដាប់អាវុធ នៅតាមតំបន់គ្មានមនុស្សរស់នៅនៃប្រជុំកោះស្ព្រាតលី។ បន្ទាប់មក ចិននឹងបន្តបង្ខិតវត្តមានទៅទិសខាងកើត រហូតដល់កូនកោះថ្មប៉ប្រះទឹកសាប៊ីណា ដើម្បីលេបត្របាក់តំបន់សេដ្ឋកិច្ចផ្តាច់មុខហ្វីលីពីនបន្តិចម្តងៗ មកធ្វើជារបស់ខ្លួន។ ចិនដណ្តើមយកតំបន់យុទ្ធសាស្ត្រសម្បូរត្រីScarborough ពីហ្វីលីពីនបានមួយហើយកាលពីឆ្នាំ២០១២ ដោយពង្រាយនាវាចាំរារាំងហ្វីលីពីនមិនឱ្យមកនេសាទ។
ចិនចាប់អនុវត្តយុទ្ធសាស្ត្រនេះជាយូរឆ្នាំមកហើយ។ ទៅដល់កោះណា ពង្រឹងពង្រីកកោះនោះ ហើយបំពាក់មីស៊ីលនិងសង់ផ្លូវសម្រាប់ឱ្យយន្តហោះចុះចតទៀត។ ដំណាក់កាលថ្មី កាលពីថ្ងៃសៅរ៍មុន ចិនបានចេញក្រិត្យអនុញ្ញាតឱ្យឆ្មាំសមុទ្ទចាប់ឃុំបរទេសរំលោភចូលក្នុងសមុទ្ទចិនខាងត្បូង ដោយគ្មានការកាត់សេចក្តីទៀតផង។
សាស្តាចារ្យច្បាប់នៅសកលវិទ្យាល័យហ្វីលីពីន លោក Jay Batongbacal យល់ថាកម្មវត្ថុរបស់ចិន គឺរុញហ្វីលីពីនឱ្យបោះបង់សិទ្ធិស្របច្បាប់លើតំបន់នេះ។ តែនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិចិន ថាប៉េកាំងការពារដែនដីរបស់ខ្លួនដោយការអត់ធ្មត់ខ្លាំងណាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com