RFI
អន្តរជាតិ
សហភាពអឺរ៉ុប​ផ្តើមចរចាបញ្ចូល​​សមាជិកភាព​អ៊ុយក្រែន​និង​ម៉ុលដាវី​ជា​ផ្លូវការ
27, Jun 2024 , 8:29 am        
រូបភាព
ដោយ អៀង សុខម៉ិញ/RFI ខេមរភាសា
 
នៅថ្ងៃអង្គារ​ទី​២៥​មិថុនា ​អឺរ៉ុប​បាន​បើក​កិច្ចចរចា​ជា​ផ្លូវការ​ ស្តី​ការ​បញ្ចូលបេក្ខភាព​​អ៊ុយក្រែន​និង​ម៉ុលដាវី​ ជា​សមាជិករបស់​សហភាពអឺរ៉ុប។ ​ហុងគ្រី​ដែល​នឹង​ក្លាយ​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប​ចាប់​ពី​ថ្ងៃទី​១កក្កដា មិន​ប្រើ​សិទ្ធិ​ប្រឆាំង​វេតូ​នឹង​ការ​ចរចា​នេះ​ទេ បើ​ទោះ​បី​ជាមាន​ជំហរ​ប្រឆាំង​ជា​​គោលការណ៍ក៏​ដោយ។ ប៉ុន្តែ​​ដំណើរ​ផ្លូវនៅ​​វែង​ឆ្ងាយ​ទៀតណាស់ ហេតុដូច្នេះ​ហើយ​បាន​ជា​​​អ៊ុយក្រែនក៏​ដូច​ជា​អឺរ៉ុប​បាន​ចាត់​ទុកការ​ចាប់​​ផ្តើមចរចា​នេះ ​​​ជា​​ដំណាក់កាល ​ប្រវត្តិសាស្ត្រ។

 
រុស្ស៊ី​បាន​ស្វះស្វែងប្រើ​គ្រប់​មធ្យោបាយ​រារាំង​ដំណើរ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ របស់​អ៊ុយក្រែន​និង​ម៉ុលដាវី ដែល​ធ្លាប់​ជា​ប្រទេស​ក្នុង​ប្លុក​សាធារណរដ្ឋ​​សហភាព​សូវៀត​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០៣០ អ៊ុយក្រែន​នឹង​បាន​ក្លាយ​ជា​សមាជិកសហភាពអឺរ៉ុប។ នេះ​បើ​តាមការ​ព្យាករ​របស់​លោក ឆាល មីឆែល ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុប​ នា​ឱកាស​បើក​ចរចា​ជាផ្លូវការ​ជាមួយ​អ៊ុយក្រែន​និង​ម៉ុលដាវី។
 
២០៣០​ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ខ្លាំងណាស់ ប៉ុន្តែ​ករណី​​អ៊ុយក្រែននិង​ម៉ុលដាវី​​ប្រព្រឹត្ត​ទៅលឿន​ខ្លាំងណាស់។ អ៊ុយក្រែន​ទើប​បាន​ដាក់បេក្ខភាព ​សុំ​ចូល​ក្នុង​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៨​កុម្ភៈ​២០២២ -បួន​​ថ្ងៃ​ក្រោយ​ការ​វាយចូល​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើ​ក្រុង​កៀវ។ នៅ​ខែមិថុនា​ ឆ្នាំ​ដដែល អ៊ុយក្រែន​បាន​ទទួល​លក្ខន្តិកៈ​ជារដ្ឋ​​បេក្ខជន​ ហើយ​អ្វីៗ​ក៏​បានពន្លឿន​​ទៅ​មុខ​យ៉ាង​រហ័ស​ ដោយ​យោល​ទៅ​ស្ថានភាពគំរាមកំហែង​យ៉ាង​​ជាក់ស្តែង​របស់​អ៊ុយក្រែន។ ហើយ​នៅ​ថ្ងៃ​ទី​២៥​មិថុនា២០២៤ ការ​ចរចាដើម្បីក្លាយ​​ជា​សមាជិក​អឺរ៉ុប​ពេញ​លេញ​បាន​ចាប់​ផ្តើមជា​ផ្លូវការ។
 
សន្និសីទអន្តររដ្ឋាភិបាល​បាន​ប្រព្រឹត្ត​ទៅ​​លើក​ទីមួយ ​រវាង​សហភាពអឺរ៉ុប​ជាមួយ​អ៊ុយក្រែន នៅ​ពេល​ព្រឹក​ បន្ទាប់​មក​ជាមួយ​ម៉ុលដាវី​នៅពេល​រសៀល។​ ក្រុម​អ្នក​ចរចា​​នឹង​ចាប់​ត្រួត​ពិនិត្យ​ច្បាប់​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន​និងម៉ុលដាវី​ ដើម្បី​ផ្ទៀង​ផ្ទាត់​ថា​តើ​ស៊ី​ចង្វាក់​នឹង​ច្បាប់​អឺរ៉ុប​ដែរ​ឬ​អត់។ នេះ​ជា​ដំណើរ​ឈាន​ចូល​ដល់​ដំណាក់កាលថ្មី ដែល​មាន​លក្ខណៈ​​បច្ចេកទេស​ខ្លាំង​​ និង​ដែល​ជា​គោលការណ៍​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​មួយ​ឬពីរ​ឆ្នាំ។ អ៊ុយក្រែន​ក៏​ត្រូវ​ប្រឹង​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​និង​ធ្វើ​កំណែទម្រង់​នានា។ ជា​បន្ទុក​ដ៏​ធ្ងន់ តែ​ក៏​ត្រូវ​បាន​ពន្លឿន​ដោយ​សង្គ្រាម​​និង​ឆន្ទៈ​របស់​ពលរដ្ឋ។
 
ថ្វី​បើ​សន្និសីទ​អន្តររដ្ឋាភិបាល​ម្សិលមិញ​មាន​ទម្រង់​​ជាផ្លូវការ តែ​គឺ​ចាប់​ពី​ថ្ងៃ​នេះ​ដែល​ក្រុម​អ្នក​ចរចា​អ៊ុយក្រែន​និង​ម៉ុលដាវី ត្រូវ​លាត​ត្រដាង​សមត្ថភាព​ប្រទេស​មួយ​ចំណុចម្តងៗ​ប្រាប់​តំណាង​អឺរ៉ុប ដើម្បីឈាន​​សម្រេច​នៅ​សប្តាហ៍​ឬជា​ច្រើន​ខែ​ទៀត​អំពី​ចំណុច​ត្រូវ​ចរចា​ ត្រូវ​ធ្វើ​កំណែទម្រង់​។ ដោយជាក់​ស្តែង​ទៅ​នោះ ជំពូក​ដែល​ត្រូវ​ចរចា​ស៊ីជម្រៅ​ខ្លាំង​មាន​៥​ចំណុច ទាក់ទង​តាំងពី​​កសិកម្មដល់​សេរីភាព​នៃ​ការ​ធ្វើដំណើរ​របស់​ពលករ ពី​កម្មសិទ្ធបញ្ញា​ទៅ​រនាំ​ង​ពន្ធគយ ។ល។ អ៊ុយក្រែន​និង​ម៉ុលដាវី ក៏ត្រូវ​ធានាតម្រឹម​សមត្ថភាព​​ច្បាប់ សេដ្ឋកិច្ច នីតិរដ្ឋ តម្លៃ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិជនជាតិ​ភាគតិច​ ឱ្យ​ស៊ី​នឹង​គោលការណ៍​អឺរ៉ុប។
 
ដំណើរការ​ចរចា​អាច​នឹង​ត្រូវ​ពន្យឺត​ពេល​បន្តិច ដោយ​ចាប់​ពី​ថ្ងៃទី​១កក្កដា​ទៅ​ ហុងគ្រី​ដែល​មាន​នយោបាយ​ប្រឆាំង​នឹង​ការ​ពង្រីក​សមាជិកភាពអឺរ៉ុប នឹង​ក្លាយ​ជា​ប្រធាន​ផ្លាស់​វេន​សហភាព​អឺរ៉ុប ហើយ​​អាចកិកកុក​ដោយ​បង្ហូស​ពេលវេលា​បើក​ចរចា​ចំណុច​ដំបូងជា​ដើមបាន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com