RFI
អន្តរជាតិ
លោកម៉ាក រូត ត្រូវបានតែងតាំងជាផ្លូវការ ជាអគ្គលេខាធិការថ្មីរបស់អង្គការអូតង់ លោកនាយករដ្ឋមន្ត្រីហូឡង់ Mark Rutte (ខាងឆ្វេង) ឈរថតសើចជាមួយលោក Jens Stoltenberg អគ្គលេខាធិការអង្គការអូតង់ដែលចប់អាណត្តិ។ ជំនួបកំពូលអូតង់ នៅទីក្រុងវីលនូស ថ្ងៃទី១១កក្កដា ២០២៣ AP - Pavel Golovkin
×
ដោយ៖ម៉ម ពិសី/RFI ខេមរភាសា
លោកម៉ាក រូត នាយករដ្ឋមន្ត្រីចប់អាណត្តិរបស់ហូឡង់ ត្រូវបានប្រទេសសមាជិកទាំង៣២ប្រទេស នៃអង្គការសម្ព័ន្ធមិត្តអូតង់ បោះឆ្នោតតែងតាំង ជាអគ្គលេខាធិការថ្មីរបស់អូតង់។ អាណត្តិរបស់លោក ម៉ាក រូត នឹងពោរពេញទៅដោយការល្បងរកដំណោះស្រាយសម្រាប់អូតង់ ខណៈអឺរ៉ុបទាំងមូល កំពុងរងការគំរាមសន្តិសុខពីសំណាក់រុស្ស៊ី។ តើលោកម៉ាក រូត អនាគតអគ្គលេខាធិការថ្មីរបស់អូតង់ ជាអ្នកណា ?
លោក ម៉ាក រូត (Mark Rutte) ត្រូវបានប្រទេសសមាជិកអូតង់ទាំង៣២ប្រទេស បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត កាលពីថ្ងៃទី២៦មិថុនា ឲ្យធ្វើជាអគ្គលេខាធិការថ្មីដឹកនាំអូតង់។ លោកនឹងចូលកាន់តំណែងជាផ្លូវការ បន្តពីលោក Jens Stoltenberg នៅថ្ងៃទី១តុលា។ យ៉ាងណាមិញ លោក Jens Stoltenberg បានសរសេរលើបណ្តាញសង្គមX ថា “ខ្ញុំដឹងច្បាស់ ថាខ្ញុំបានទុកការងារដឹកនាំអូតង់ ប្រគល់ទៅឲ្យមនុស្សជាទីទុកចិត្តម្នាក់”។
មានអាយុ៥៧ឆ្នាំ លោកម៉ាក រូត បានចូលកាន់មុខងារជានាយករដ្ឋមន្ត្រីហូឡង់ កាលពីឆ្នាំ២០១២ ហើយតាមធម្មតា លោកនឹងត្រូវចប់អាណត្តិនៅថ្ងៃទី២កក្កដាខាងមុខ។ មហាជនទូទៅស្គាល់លោកនាយករដ្ឋមន្ត្រីហូឡង់រូបនេះ ដោយសារតែភាពសាមញ្ញរបស់លោក ព្រោះលោកជិះកង់ទៅធ្វើការ ហើយទៅផ្សារទិញម្ហូបខ្លួនឯងជាដើម។ មានថ្ងៃមួយលោកបានធ្វើឲ្យកំពប់កាហ្វេ នៅច្រកចូលអគាររដ្ឋាភិបាល ហើយលោកបានយកអំបោកក្រណាត់មកជូតសំអាតដោយខ្លួនឯង បង្កឲ្យមានការស្ងើចសរសើរជាខ្លាំងពីបុគ្គលិកនានា។
មានបទពិសោធន៍នយោបាយជាង១០ឆ្នាំ នៅក្នុងការដឹកនាំប្រទេសនិងក្នុងក្របខណ្ឌអន្តរជាតិ លោកម៉ាក រូត ត្រូវបានគេស្គាល់ថា គឺជាអ្នកនយោបាយដ៏មានសមត្ថភាពម្នាក់ មានវោហារសាសន៍ត្រង់ៗមិនបញ្ឆិតបញ្ឆៀង ហើយជាមនុស្សពូកែអូសទាញឲ្យមានការស្រុះស្រួលយោបល់ ប្រកបដោយតុល្យភាព។ នេះបើផ្អែកតាមការពន្យល់ របស់លោក Philippe Dickinson អ្នកជំនាញនៅ Atlantic Council។ សម្រាប់កាលៈទេសៈប៉ុន្មានឆ្នាំទៅមុខនេះ អូតង់ពិតជាត្រូវការណាស់ នូវសមត្ថភាពពិសេសដើម្បីធ្វើឲ្យមានស្រុះស្រួលមតិ។
លោកម៉ាក រូត ត្រូវគេដឹងផងដែរ ថាគឺជាអ្នកចេញមុខគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំងម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំអឺរ៉ុប។ រដ្ឋាភិបាលលោកបានសន្យាជួយទំនុកបម្រុងផ្នែកយោធាឲ្យអ៊ុយក្រែន រយៈពេល១០ឆ្នាំក្នុងទឹកប្រាក់២ពាន់អឺរ៉ូ ហើយនឹងថែម១ពាន់លានអឺរ៉ូទៀតនៅពេលបន្ទាប់។ ហើយគឺលោក ម៉ាក រូត ដែលបានអំពាវនាវប្រកូកប្រកាសឲ្យប្រទេសអូតង់ ត្រូវតែបញ្ជូនយន្តហោះចម្បាំង F-16ទៅជួយអ៊ុយក្រែន។
ការតែងតាំងលោក ម៉ាក រូត ក៏ត្រូវបានអ៊ុយក្រែនអបអរសាទរផងដែរ។ លោក Andreiï Iermark ប្រធានរដ្ឋបាលវិមានប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ភាពជាអ្នកដឹកនាំគម្រូ ព្រមទាំងការស្រលាញ់គាំទ្រគោលការណ៍ប្រជាធិបតេយ្យ របស់លោក ម៉ាក រូត គឺជារឿងសំខាន់បំផុតសម្រាប់អនាគតរួមរបស់យើងទាំងអស់គ្នា។ ចំណែកលោកស្រីអៀរស៊ូឡា វុនដេឡេយេន ប្រធានគណកម្មការអឺរ៉ុប បានថ្លែងថា កាលៈទេសៈលំបាកនាពេលបច្ចុប្បន្ន អូតង់ពិតជាត្រូវការ បទពិសោធន៍និងសមត្ថភាពដូចលោក ម៉ាក រូត ខ្លាំងណាស់។
ទាក់ទិនអូតង់ លោកម៉ាក រូត ធ្លាប់បានលើកឡើងថា ប្រទេសអឺរ៉ុបពិតជាត្រូវតែចំណាយថវិការ ចូលរួមឲ្យបានច្រើន ពោលគឺខ្ទង់២%នៃចំណូលដុល ដូចអ្វីដែលដូណាល់ ត្រាំធ្លាប់បានទាមទារ។ លោកម៉ាក រូត គឺជាមនុស្សម្នាក់ ដែលហ៊ាននិយាយប្រកែកតទល់ជាមួយលោកដូណាល់ ត្រាំ ហើយលោកដូណាល់ ត្រាំ វិញហាក់ដូចជាពេញចិត្តចំពោះភាពក្លាហាន និយាយត្រង់ៗបែបនេះរបស់លោកម៉ាក រូត។ យ៉ាងណាមិញ ក្នុងបរិបទដែលលោក ដូណាល់ ត្រាំត្រូវគេសង្ស័យថា អាចនឹងត្រលប់មកដឹកនាំសហរដ្ឋអាមេរិកវិញនេះហើយ ទើបប្រហែលជាធ្វើឲ្យប្រទេសសមាជិកអូតង់ បានបោះឆ្នោតជ្រើសរើសលោកម៉ាក រូត ឲ្យដឹកនាំអូតង់ ព្រោះគេជឿថាមានតែលោកទេ ដែលអាចនិយាយជាមួយលោកដូណាល់ ត្រាំបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com