អន្តរជាតិ
លោកអូស្ទីន៖ សន្តិសុខអាម៉េរិក អាចរក្សាបាន លុះត្រាអាស៊ីប៉ាស៊ីហ្វិកត្រូវបានការពារ ![លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព AFP](https://image.thmeythmey.com/pictures/2024/06/01/a.jpg)
លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព AFP
×![]()
ប្រមុខការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន នៅថ្ងៃទី១ ខែមិថុនា បានបញ្ជាក់យ៉ាងច្បាស់ថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺសំខាន់សម្រាប់អាម៉េរិក ហើយសន្តិសុខអាម៉េរិក អាចរក្សាបាន លុះត្រាតែអាស៊ីប៉ាស៊ីហ្វិក ត្រូវបានការពារ។ ការបញ្ជាក់របស់ប្រមុខការពារជាតិអាម៉េរិកបែបនេះ ធ្វើឡើងស្របពេលអាម៉េរិក និងចិន កំពុងប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
បញ្ហាសន្តិសុខ បានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងវេទិកា Shangri-La Dialogue ដែលកំពុងរៀបចំនៅសិង្ហបុរី។ នៅចំពោះមុខអ្នកចូលរួម និងមន្រ្តីជាន់ខ្ពស់ពីបណ្តាប្រទេសផ្សេងៗ លោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានលើកឡើងពីតួនាទីដ៏សំខាន់របស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់ប្រទេសខ្លួន ក្នុងនាមជាមហាអំណាច។
«សន្តិសុខអាម៉េរិក អាចរក្សាទៅបាន ប្រសិនបើឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបានការពារ»។ លោកអូស្ទីន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី១ ខែមិថុនា ដោយបន្តថា នោះជាហេតុផល ដែលអាម៉េរិកបន្តឈរជើងរយៈពេលយូរនៅក្នុងតំបន់។ ការលើកឡើងរបស់ប្រមុខការពារជាតិអាម៉េរិកបែបនេះ ធ្វើឡើងស្របពេល រដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន កំពុងប្រកួតប្រជែងគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNA។
ទោះមិនបានបញ្ជាក់ឈ្មោះចិន មន្រ្តីអាម៉េរិករូបនេះ បានលើកឡើងថា នៅក្នុងសម័យសន្តិសុខថ្មីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មិនត្រូវបានរឹតត្បិតដោយឆន្ទៈ និងការគំរាមកំហែងពីប្រទេសណាមួយឡើយ។
ពីក្នុងវេទិកាដដែល ប្រមុខការពារជាតិអាម៉េរិក ក៏មិនភ្លេចបន្លិចរឿងសមុទ្រចិនខាងត្បូង ដែលកំពុងមានភាពតានតឹងរវាងហ្វីលីពីន និងចិននោះទេ។ បើតាមលោកអូស្ទីន សន្ធិសញ្ញាការពារទៅវិញទៅមករវាងអាម៉េរិក និងហ្វីលីពីន គឺដែកថែប។
ត្រង់ចំណុចនេះ លោកអូស្ទីន ចង់ព្រមានទៅចិនថា ការប៉ះទង្គិចរបស់កម្លាំងយោធាចិន ជាមួយហ្វីលីពីន អាចនឹងធ្វើឱ្យយោធាអាម៉េរិក លូកដៃទៅក្នុងជម្លោះ។ តាមរយៈសន្ធិសញ្ញាការពារទៅវិញទៅមករវាងអាម៉េរិក និងហ្វីលីពីន យោធាប្រទេសណាមួយ នឹងបញ្ជូនកម្លាំងយោធាជួយ ប្រសិនបើភាគីម្ខាងទៀត រងការវាយប្រហារយោធាពីសំណាក់ប្រទេសទីបី៕
Tag:
អាម៉េរិក
ចិន
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com