អន្តរជាតិ
រដ្ឋប្រហារមិនជោគជ័យនៅបូលីវី
27, Jun 2024 , 11:00 am        
រូបភាព
រដ្ឋប្រហារមិនជោគជ័យមួយ បានកើតឡើងនៅបូលីវី ដែលធ្វើឡើងដោយប្រមុខកងទ័ព។ អ្នកនៅពីក្រោយការប៉ុនប៉ងនេះ ត្រូវចាប់ខ្លួនបន្តបន្ទាប់ ស្របពេលដែលប្រធានាធិបតីបូលីវី Luis Arce ប្រកាសជំហរមិនចុះញ៉មទង្វើរបស់មេដឹកនាំយោធាមួយចំនួន។

 
ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ រថពាសដែកយោធា និងកងទ័ព បានសម្រុកចូលវិមានរដ្ឋាភិបាលនៅល្ងាចថ្ងៃទី២៦ ខែមិថុនា។ ប៉ុន្តែលោកប្រធានាធិបតី Luis Arce ក៏បញ្ជាឱ្យកងទ័ពដកថយវិញភ្លាម ដែលបញ្ជានេះត្រូវបានអនុវត្តដោយគ្មានការបង្ហូរឈាមឡើយ។
 
ស្របពេលការប៉ុនប៉ងដណ្ដើមអំណាចកំពុងមាននៅឡើយ លោក Arce ក៏បានដកតំណែងមេបញ្ជាការកងទ័ពពីលោកឧត្តមសេនីយ៍ Juan José Zúñiga ដែលជាមេដឹកនាំរដ្ឋប្រហារ និងមេទ័ពជើងទឹក Juan Arnez Salvador ។ អ្នកទាំង២ ត្រូវបានចាប់ខ្លួននៅពេលបន្ទាប់ដែរ។
 
រដ្ឋមន្ត្រីបូលីវី​ Eduardo del Castillo ប្រាប់អ្នកសារព័ត៌មានថា លោក Zúñiga ចង់ដណ្ដើមអំណាច ដោយផ្ដួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត។
 
មុនការចាប់ខ្លួន អតីតប្រមុខកងទ័ពបូលីវីអះអាងថា លោក Arce ជាអ្នកបញ្ជាឱ្យយោធាធ្វើបែបនេះ ដើម្បីទ្រទ្រង់សភាពការណ៍ក្នុងប្រទេស។ ប៉ុន្តែរដ្ឋមន្ត្រីយុត្តិធម៌បូលីវី Iván Lima និយាយថា លោក Zúñiga កំពុងកុហក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ។
 
បូលីវី ស្ថិតក្នុងស្ថានភាពមិនល្អប្រសើរជាច្រើនខែមកហើយដោយសារវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស និងទំនាស់ក្នុងបក្សកាន់អំណាច៕

© រក្សាសិទ្ធិដោយ thmeythmey.com