កីឡាអន្តរជាតិ
អន្តរជាតិ
Bayer Leverkusen បញ្ចប់​រដូវកាលដោយមិនស្គាល់ចាញ់ ហើយបន្តប្រមាញ់ពាន​២ទៀត
19, May 2024 , 2:00 pm        
រូបភាព
ដោយ: រួបរួម
Bayer Leverkusen ក្លាយជាក្រុម​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ឈ្នះពាន Bundesliga ដោយមិន​ស្គាល់​ចាញ់​ពេញមួយ​​រដូវកាល។ Victor Boniface និង Robert Andrich បាន​ស៊ុត​បាល់បញ្ចូល​ទីម្នាក់មួយគ្រាប់​ក្នុងជ័យជម្នះ ២-១​ លើភ្ញៀវ Augsburg នាជំនួប​បិទ​រដូវកាល ដែលនាំឱ្យពួកគេឈ្នះ​ដល់ទៅ​២៨ប្រកួត និង​ស្មើ​៦​ប្រកួត ដោយ​​រកបាន​៩០ពិន្ទុ។

«យើងនឹង​មិនអាច​បំភ្លេច​បាន​ទាល់តែ​សោះ»។ នេះជាការលើកឡើង​របស់​លោក Xabi Alonso គ្រូបង្វឹក Bayer Leverkusen ចំពោះ​ការ​សម្រេចបានជោគជ័យ​ដ៏អស្ចារ្យ​របស់​ក្លិប​ ក្នុងក្របខណ្ឌ Budesliga ដែលចាប់កំណើត​តាំងពី​ឆ្នាំ១៩៦៣មក។
 
​អតីតខ្សែបម្រើ​ Real Madrid និង Liverpool រូបនេះ ខក​ចិត្ត​បន្តិចដែលមិនអាច​នាំក្រុម​ទៅ​បំបែកកំណត់ត្រា​រក​បានលើស​ពី​៩១ពិន្ទុ​ក្នុង​មួយ​រដូវកាល ប៉ុន្តែ​ការ​រក្សា​បាន​លទ្ធផល​មិនស្គាល់ចាញ់ គឺជា​ជោគជ័យ​ដ៏ធំធេង មិនមែន​តែនៅអាល្លឺម៉ង់ គឺនៅតំបន់អឺរ៉ុបទាំងមូល។
 
«ក្រុម​របស់​យើង​បាន​ចារកំណត់ត្រាខ្លួន​ឯងក្នុង​ប្រវត្តិសាស្ត្រ Bundesliga។ ២០​ឆ្នាំ​ខាងមុខទៀត យើង​រំលឹក​ត្រឡប់ក្រោយ​មក​វិញ យើង​ក៏នៅ​តែអាចនិយាយ​បាន​ថា វ៉ូវ យើងសម្រេចបាន​យ៉ាង​អស្ចារ្យ»។ នេះជាការលើកឡើង​របស់​លោក Alonso។
 
តាមពិតទៅ ក្នុងរដូវកាលនេះ Bayer Leverkusen មាន​កំណត់ត្រាមិនស្គាល់ចាញ់​រហូត​ដល់​៥១ប្រកួតក្នុងនោះ Bunseliga ៣៤ប្រកួត, Europa League ១២ប្រកួត និងពានអាល្លឺម៉ង់ DFB-Pokal ៥ប្រកួត។
 
លោក Alonso រំពឹងនាំក្រុមឈ្នះពាន៣ក្នុងមួយរដូវកាល ដោយក្រោយលើកពាន Bundesliga ពួក​គេ​ត្រូវបន្ត​ប្រជែងពាន​ DFB-Pokal ជាមួយក្រុមពី​លីគលំដាប់ទីពីរ Kaiserlautern ហើយ​៣ថ្ងៃក្រោយមក ពួក​គេធ្វើដំណើរ​ទៅក្រុង Dublin ដើម្បីតទល់ជាមួយ Alalanta ពី Serie A អ៊ីតាលី សម្រាប់ពាន Europa League៕

© រក្សាសិទ្ធិដោយ thmeythmey.com