អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងជាលើកដំបូងក្នុងពេល២៤ឆ្នាំ
19, Jun 2024 , 9:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងព្យុងយ៉ាងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ហើយត្រូវបានស្វាគមន៍នៅព្រលានយន្តហោះដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផ្ទាល់តែម្ដង។

 
នេះជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលើកដំបូងក្នុងពេល២៤ឆ្នាំ។ លោក វ៉ា្លឌីមៀ ពូទីន ទៅកូរ៉េខាងជើងលើកចុងក្រោយនៅឆ្នាំ២០០០ និងជួបលោក គីម ជុងអ៊ីល ឪពុកបង្កើតលោក គីម ជុងអ៊ុន មេដឹកនាំបច្ចុប្បន្ន។
 
គណៈប្រតិភូរបស់ប្រធានាធិបតី ពូទីន រួមមានរដ្ឋមន្ត្រីការបរទេស Sergey Lavrov រដ្ឋមន្ត្រីការពារជាតិ Andrei Belousov និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ព្រមទាំងតំណាងសាជីវកម្មធំៗរបស់រុស្ស៊ី។
 
ទីភ្នាក់ងារសារព័ត៌មានកកូរ៉េខាងជើង KCNA បាននិយាយថា ក្រោយពីការផ្លាស់ប្តូរយោបល់រយៈពេលខ្លីនៅអាកាសយានដ្ឋាន លោកពូទីន និងលោក គីម បានព្រមព្រៀងគ្នាលើការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានសង្កត់ធ្ងន់លើភាពជាដៃគូរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​ប្រធានា​ធិបតី ​ពូទីន​ ក៏​បាន​បង្ហាញ​ពី​«ចំណង​សាមគ្គីភាព​ដ៏​រឹង​មាំ»​រវាង​ប្រទេស​ទាំង​ពីរ។
 
សកម្មភាពសំខាន់ៗក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅកាន់កូរ៉េខាងជើងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមិថុនា។ លោក ពូទីន នឹងជួបជាមួយមេដឹកនាំ គីម ជុងអ៊ុន ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ សេដ្ឋកិច្ច និងបញ្ហាអន្តរជាតិ។ នៅយប់ថ្ងៃទី១៨ ខែមិថុនា វិមានក្រឹមឡាំងបានប្រកាសថា មេដឹកនាំទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
 
មេដឹកនាំទាំងពីរនឹងចូលរួមការប្រគុំតន្ត្រីដើម្បីអបអរសាទរដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ពិធីជប់លៀងរដ្ឋនៅទីក្រុងព្យុងយ៉ាង និងពិធីដាក់កម្រងផ្កានៅវិមានដល់សព្វកងទ័ពក្រហមសូវៀតក្នុងសង្គ្រាមលោកលើកទីពីរ។
 
រុស្ស៊ី និងកូរ៉េខាងជើង មានព្រំប្រទល់ដីគោក និងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រតាំងពីសម័យសូវៀត។ លោកពូទីនបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងក្នុងឆ្នាំ ២០០០ ភ្លាមៗបន្ទាប់ពីក្លាយជាប្រធានាធិបតី ហើយបានជួបលោកគីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
 
លោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីពូទីនបាននិយាយកាលពីថ្ងៃទី១៧ ខែមិថុនាថាទីក្រុងមូស្គូនិងទីក្រុងព្យុងយ៉ាងអាចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ«រៀបចំផែនការអនាគតសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ»រួមទាំងបញ្ហាសន្តិសុខផងដែរ។ កិច្ចព្រមព្រៀង​នេះ​នឹង​មិន​មាន​គោល​បំណង​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​នោះ​ទេ ប៉ុន្តែ​នឹង​មាន​គោល​បំណង​ធានា​ស្ថិរភាព​នៅ​អាស៊ី​ខាង​ជើង និងអាស៊ី​បូព៌ា។
 
រុស្ស៊ី​ ក៏ជា​ប្រទេស​ដំបូង​គេ​ដែល​លោក​គីម ជុងអ៊ុន​បាន​ធ្វើ​ទស្សនកិច្ច​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក​នេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ភាគីទាំងពីរមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយក្នុងវិស័យយោធា ឬវិស័យផ្សេងទៀតក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកគីម នៅរុស្ស៊ីនោះទេ៕ 

Tag:
 រុស្ស៊ី
  កូរ៉េខាងជើង
  វ្ល៉ាឌីមៀ ពូទីន
  គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com