ជាតិ
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ មរណភាពក្នុងជន្មាយុ ៨០ឆ្នាំ
28, Jun 2024 , 2:25 pm        
រូបភាព
ព្រឹទ្ធាចារ្យ គង់ ណៃ និងភរិយា​ អង្គុយលើ​ឆាក​តន្ត្រី ក្នុងការសម្ដែងចាប៉ីដងវែង ក្នុងបទចម្រៀង Times To rise ជាមួយតារារ៉េប វណ្ណដា ​នាពិធី​បិទ​កីឡាជាតិ​លើកទី​៣ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ២០២២។
ព្រឹទ្ធាចារ្យ គង់ ណៃ និងភរិយា​ អង្គុយលើ​ឆាក​តន្ត្រី ក្នុងការសម្ដែងចាប៉ីដងវែង ក្នុងបទចម្រៀង Times To rise ជាមួយតារារ៉េប វណ្ណដា ​នាពិធី​បិទ​កីឡាជាតិ​លើកទី​៣ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ២០២២។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាព ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។ នេះបើតាមលោក គង់ សម័យ កូនប្រុសរបស់លោក ព្រឹទ្ធាចារ្យ គង់ ណៃ បានថ្លែងប្រាបសារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២៨ មិថុនា។



លោក គង់ សម័យ បានបន្ថែមថា សពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ នឹងបញ្ចុះតាមប្រពៃណី នៅថ្ងៃទី៣០ មិថុនា នាស្រុកកំណើត ក្នុងខេត្តកំពត។ 
 
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ជាអ្នកសិល្បៈផ្នែកចាប៉ីដងវែង ដែលពូកែវោហារ និងកាព្យចុងជួន បូករួមជាមួយសំនៀងចាប៉ី យ៉ាងពិរោះរណ្ដំ ។ ក្នុងអាជីពចាប៉ីនេះ ព្រឹទ្ធាចារ្យ គង់ ណៃ ធ្លាប់បានទទួលជ័យលាភី និងគ្រឿងឥស្សរិយយសជាច្រើន។ ក្នុងនោះ ព្រះមហាក្សត្រចេញព្រះរាជ្យក្រឹត្យផ្តល់គោរមងាថ្នាក់ជាតិជាមត៌តមនុស្សរស់ ថា «កោសល្យវាហារគង់ ណៃ» នៅឆ្នាំ២០១២។ 

ព្រឹទ្ធាចារ្យ ក៏ទទួលបានវិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌-សិល្បៈខ្មែរ ដោយរាជបណ្ឌិតសភាកម្ពុជា និងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌ ពីរដ្ឋាភិបាល នៅឆ្នាំ២០០១, វិញ្ញាបនបត្រកិត្តិយសវីរសិល្បករពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០០២ជាដើម។
 
អំឡុងពេលប្រកបអាជីពសិល្បៈផ្នែកចាប៉ីដងវែង ព្រឹទ្ធាចារ្យកោសល្យវោហារ ក៏ទទួលបានជ័យលាភីលេខ១ ប្រចាំខេត្ត នៅឆ្នាំ១៩៨២ និងជ័យលាភីលេខមួយផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេស នៅឆ្នាំ១៩៩១។ កន្លងមកលោកព្រឹទ្ធាចារ្យ គង់ ណៃ ក៏ធ្លាប់ទទួលបានពានរង្វាន់មួយពីប្រទេសជប៉ុន ដែលមានឈ្មោះថា «ពានរង្វាន់សិល្បៈវប្បធម៌ហ្វុគុអូកា» (Fukuoka Prize) នៅឆ្នាំ២០១៧។
ជាចំណងអាពាហ៍ពិពាហ៍៦០ឆ្នាំ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ និងលោកយាយ តាត់ ឆេន មានកូនបង្កើត១០នាក់ ក្នុងនោះកូនប្រុស៦នាក់ និងកូនស្រី៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com