ជាតិ
សេដ្ឋកិច្ច
វេទិកាធុរកិច្ចកម្ពុជា-បារាំង ធ្វើឡើង៣ថ្ងៃ នៅភ្នំពេញ និងព្រះសីហនុ ដើម្បីលើកកម្ពស់ការវិនិយោគ
29, Jun 2024 , 7:59 am        
រូបភាព
(រាប់ពីឆ្វេង) លោក Charles Julliard ប្រធានCCIFC, លោក Jacques Pellet អគ្គឯករដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា​
(រាប់ពីឆ្វេង) លោក Charles Julliard ប្រធានCCIFC, លោក Jacques Pellet អគ្គឯករដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា​
ភ្នំពេញ៖ វេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នឹងត្រូវធ្វើឡើងរយៈពេលថ្ងៃ៣ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២។ ថ្ងៃទី៨-៩ ខែកក្កដា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC) រៀបចំវេទិកានេះនៅរាជធានីភ្នំពេញ និងថ្ងៃទី១០ ខែកក្កដា វេទិកានេះ ត្រូវធ្វើឡើងនៅខេត្តព្រះសីហនុ។

 
ការណ៍ដែល CCIFC សម្រេចរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងនៅខេត្តព្រះសីហនុ នាថ្ងៃទី ១០ ខែកក្កដា ជាចុងក្រោយនៃវេទិកានេះ គឺដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមស្វែងយល់ពីទីតាំងសេដ្ឋកិច្ចសំខាន់ៗរបស់ខេត្តនេះ និងជួបតំណាងជាមួយតំណាងរដ្ឋាភិបាលនៅទីនោះផ្ទាល់តែម្តង។ ធុរជនបារាំង នឹងទៅទស្សកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងតំបន់សក្តានុពលសំខាន់នានារបស់ខេត្តជាប់មាត់សមុទ្រមួយនេះ។ នេះបើតាមការលើកឡើងលោក Charles Julliard ប្រធានCCIFC។ 
 
វេទិកាធុរកិច្ចនេះ នឹងមានការចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា។ ក្នុងនោះមានតំណាងក្រុមហ៊ុនក្នុងវិស័យសំខាន់ៗជាច្រើន ដែលនឹងមានវត្តមាននៅក្នុងវេទិកានេះ មានដូចជាតំណាងក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនឌីជីថល សុខាភិបាល ទេសចរណ៍ ឡូជីស្ទីក ដឹកជញ្ជូន កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។ 
 
ក្នុងសន្នីសីទកាសែត នៅស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៩មិថុនា បានអះអាងថា៖ « វេទិកាធុរកិច្ចលើកទី២នេះ នឹងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្កានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ»។  វេទិកានេះ ក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។ 
 
វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំកម្ពុជា(CCEF) និងសភាពាណិជ្ជកម្មកម្ពុជា ជាមួយការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា សហព័ន្ធនិយោជកបារាំងអន្តរជាតិ និងសមាគមឧកញ៉ាកម្ពុជា។  លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជាមានសក្កានុពលច្រើនណាស់ដែលត្រូវការវិនិយោគិនពីប្រទេសបារាំង ក្នុងការបង្កើតគម្រោងវិនិយោគថ្មីៗ ដើម្បីជំរុញបង្កើនសេដ្ឋកិច្ចជាតិ។
 
លោកបាននិយាយយ៉ាងដូច្នេះថា ៖ « បំណងកម្ពុជា គឺជំរុញ និងទាក់ទាញគម្រោងវិនិយោគថ្មី។ ថែទាំនូវអ្វីដែលយើងមាន ហើយយើងទាញថ្មី ព្រោអ្វីដែលយើងចង់បានបន្ថែម គឺវិនិយោគិនថ្មី។ អ៊ីចឹងហើយ  បានគោលនយោបាយរដ្ឋាភិបាលប្រឹងប្រែងលើកទឹកចិត្តវិស័យឯកជនមែនទែន»។ បើតាមប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការឆ្លើយតបនូវតម្រូវការនានារបស់វិនិយោគិន ទាំងទិដ្ឋភាពផ្នែកច្បាប់ និងការលើកចិត្តផ្នែកពន្ធនានា។ 
 
ប្រមាណ២០ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីបារាំង-កម្ពុជា មានលក្ខណៈរស់រវើកជាប់ជានិច្ច តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំនៅប្រទេសបារាំង ក្នុងនោះ សម្តេច ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤។ ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជា-បារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៧ ក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការចែកចាយ ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បារាំង។  កិច្ចព្រមព្រៀងទាំងនេះ ក៏បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យឯកជនផងដែរ។ 
 
បើតាមអគ្គឯករដ្ឋទូតបារាំងប្រចាំកម្ពុជា លោក  Jacques Pellet   បច្ចុប្បន្ន ទំហំទុនវិនិយោគរបស់បារាំងនៅកម្ពុជា គឺមានប្រមាណ៥៦០លានអឺរ៉ូ( ជិត៦០០លានដុល្លារ) ដែលមានការកើនឡើងក្នុងវិស័យសំណង់ កសិកឧស្សាហកម្ម និងសេវាកម្ម។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ ក៏វត្តមានក្រុមហ៊ុនបារាំងតូច-ធំជាង៤០០ទៀតនៅកម្ពុជា។ ការណ៍នេះបង្ហាញឱ្យឃើញពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំងនៅកម្ពុជា។ 
 
លោក Jacques Pellet   បានរៀបរាប់បន្ថែមមកអ្នកកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖  « តួលេខទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។ 
 
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-បារាំង មានចំនួន ១ ៣៦៣ លានអឺរ៉ូ( ប្រមាណ ១ ៤០០លានដុល្លារ)កាលពីឆ្នាំ២០២៣ ដែលជាប្រទេសដៃគូពាណិជ្ជទី២របស់កម្ពុជា បន្ទាប់ពីអាល្លឺម៉ង ក្នុងនោះ បារាំងនាំទំនិញសំខាន់ចូលទីផ្សារកម្ពុជាមានផលិតផលកសិកម្មអាហារ ឱសថ និងផលិតផលលោហៈ...ជាដើម មានកំណើន៣១ភាគរយ ធៀបនឹងឆ្នាំ២០២២។ រីឯ កម្ពុជានាំចូលទៅទីផ្សារបារាំងវិញមានទំហំ ១ ១៩២ លានអឺរ៉ូ (ជាង១ ២០០លានដុល្លា)។ ទំនិញដែលកម្ពុជានាំទៅប្រទេសនេះ មានក្នុងវិស័យវាយភ័ណ្ឌ ផលិតផលកសិអាហារ និងទោចក្រយាន។ បើតាមអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា៕ 

Tag:
 ធុរកិច្ច
  វិនិយោគ
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com