ជាតិ
ក្រសួងមហាផ្ទៃព្រមានចាត់វិធានការលើសង់ត្រាល់ បើមិនបង្ហាញព័ត៌មានគណនីធនាគារ
30, Jun 2024 , 11:43 am        
រូបភាព
លោក មឿន តុលា ប្រធានមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់)
លោក មឿន តុលា ប្រធានមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់)
ក្រសួងមហាផ្ទៃ នឹងចាត់វិធានការលើអង្គការបញ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា (សង់ត្រាល់) បើមិនបង្ហាញព័ត៌មានគណនីធនាគារ។ ការព្រមានយ៉ាងដូច្នេះ បន្ទាប់ពីទទួលបានបណ្ដឹង និងសេចក្តីថ្លែងការណ៍ជាច្រើនពីបណ្ដាសហជីព និងសមាគម ដែលថារបាយការណ៍របស់អង្គការមួយនេះមានលក្ខណៈលម្អៀង។


 
សេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចេញនៅថ្ងៃទី២៨ មិថុនា បានក្រើនរំឭកដល់សង់ត្រាល់ អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខន្តិកៈរបស់អង្គការ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ទាមទារឱ្យអង្គការសង្គមស៊ីវិលមួយនេះ ផ្ដល់ព័ត៌មានរាល់គណនីដែលបានបើកសម្រាប់កិច្ចប្រតិបត្តិការនៅធនាគារក្នុងរយៈពេល៣០ថ្ងៃ បើពុំដូច្នេះ នឹងត្រូវរងវិធានការច្បាប់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។
 
អង្គការសង់ត្រាល់ កាលពីថ្ងៃទី៤ មិថនា បានចេញរបាយការណ៍មួយមានចំណងជើងថា «ឧបសគ្គរារាំងក្នុងការទទួលបានភាពជាតំណាង»។ របាយការណ៍នោះ បាននិយាយអំពីភាពមិនស៊ីសង្វាក់គ្នារវាងករណីនានានៃការរំលោភបំពានលើសេរីភាពសហជីព ដែលបានកត់ត្រាទុកក្នុងឯកសារ ហើយត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ធៀបជាមួយទិដ្ឋភាពជាក់ស្ដែង។ 
យ៉ាងណា សង់ត្រាល់ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺ នៅថ្ងៃទី២៦ មិថុនាថា របាយការណ៍នេះ ពុំមានចេតនាជាការវាយប្រហារលើភាគី ណាមួយ ឬ ស្ថាប័នណាមួយ ហើយក៏មិនមានចេតនាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជានោះដែរ។ ចេតនារបស់ពួកគេ គឺដើម្បីជំរុញ ឲ្យមានការកែសម្រួលក្នុងការពិនិត្យតាមដានដោយអនុលោម តាមច្បាប់ ដែលអាចនាំឱ្យមានទិន្នន័យកាន់តែសុក្រឹត ពោលគឺអាចប្រើប្រាស់បានសម្រាប់គ្រប់ កម្មករនិយោជិត នៅក្នុងការចរចា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ និងអនុវត្តសិទ្ធិរបស់ខ្លួន។
 
ជាមួយគ្នានេះ សង់ត្រាល់ ប្រកាសស្វាគមន៍កិច្ចសន្ទនាគ្រប់ទម្រង់ទាំងអស់ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ និងបង្ការកុំឱ្យមានការភ័ន្តច្រឡំដទៃទៀត ដែលអាចកើតមានពីការផ្សព្វផ្សាយរបាយការណ៍នេះ៕ 

Tag:
 សង់ត្រាល់
  ក្រសួងមហាផ្ទៃ
  មឿន តុលា
© រក្សាសិទ្ធិដោយ thmeythmey.com